ជាតិ
សាលាបឋមសិក្សា៣នៅសៀមរាប ចាប់ផ្តើម«រៀនពេញមួយថ្ងៃ» ក្នុងគម្រោងសាកល្បង
× សាលាបឋមសិក្សាចំនួន៣នៅក្នុងស្រុកអង្គរធំនៃខេត្តសៀមរាប បានចាប់ផ្តើមកម្មវិធីសិក្សាពេញមួយថ្ងៃ ដែលនេះគឺជាគម្រោងសាកល្បងរបស់ក្រសួងអប់រំចាប់ពីខែមករានេះទៅ។ សាលាបឋមសិក្សា ដូនឪ, ត្រពាំងស្វាយ និងគោកគ្រើល ត្រូវបានជ្រើសរើសដោយក្រសួងអប់រំ ដើម្បីអនុវត្តសាកល្បងនូវកម្មវិធី «សាលារៀនជំនាន់ថ្មី» ដែលតម្រូវឲ្យសិស្សានុសិស្សទាំងអស់សិក្សាពេញមួយថ្ងៃនៅសាលារៀន ដោយបរិភោគអាហារថ្ងៃត្រង់នៅសាលារៀនតែម្តង។
លោក រស់ សាលីន អ្នកនាំពាក្យនៃក្រសួងអប់រំបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា គម្រោងសាកល្បងដែលបន្ថែមម៉ោងរៀន និងម៉ោងបង្រៀននេះ គឺជាការអនុវត្តផែនការយុទ្ធសាស្ត្រ និងឯកសារទស្សនទានរបស់ក្រសួងអប់រំ ដែលស្របទៅនឹងយុទ្ធសាស្ត្រជាតិក្នុងការបង្កើនគុណភាពធនធានមនុស្ស។
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំដដែលបានបន្យល់បន្ថែមយ៉ាងដូច្នេះថា៖«ក្រសួងអប់រំចាប់ផ្តើមអនុវត្តគម្រោងសាកល្បងដោយបន្ថែមការរៀន និងការបង្រៀនពេញមួយថ្ងៃ និងផ្តល់អាហារថ្ងៃត្រង់ដែលមានកម្រិតស្តង់ដារមួយស្មើនឹងប្រទេសក្នុងតំបន់ទៅដល់សិស្សានុសិស្ស។ គម្រោងនេះជាផ្នែកមួយនៃការបង្កើនគុណភាពសិស្សថ្នាក់បឋមសិក្សា»។
គម្រោងសាកល្បងនេះមានរយៈពេល៣ឆ្នាំដោយទទួលបានការឧបត្ថម្ភពីធនាគារពិភពលោក និងកម្មវិធីស្បៀងអាហារពិភពលោក។
«សម្រាប់អនុវត្តគម្រោងនេះ យើងចំណាយជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនោះត្រូវចំណាយទៅលើការឧបត្ថម្ភគ្រូបង្រៀន ការបំប៉នបច្ចេកទេស ការងារពិនិត្យតាមដានគម្រោងនេះ និងការចំណាយលើអាហារថ្ងៃត្រង់ ជាដើម»។ នេះជាការអត្ថាធិប្បាយរបស់លោក រស់ សាលីន។
ក្រសួងអប់រំកំពុងធ្វើការងារជាច្រើនដើម្បីកែទម្រង់ប្រព័ន្ធអប់រំ ដែលត្រូវបានរិះគន់តាំងពីយូរឆ្នាំមកហើយថា «នៅខ្សោយ» ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំបានធ្វើយុទ្ធនាការចាំបាច់ជាច្រើនដែរដើម្បីបង្កើនការចូលរៀនរវាងសិស្សស្រី និងសិស្សប្រុសឲ្យច្រើនដូចគ្នា និងពិសេសការចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សាដោយឥតគិតថ្លៃជាដើម។
យោងតាមរបាយការណ៍របស់របស់ក្រសួងអប់រំ កុមារអាយុ ៦ឆ្នាំ ឬ៧០ខែ ចំនួន២៧.៥១៤៨នាក់ បានចុះឈ្មោះចូលរៀននៅក្នុងឆ្នាំសិក្សាកន្លងទៅ ដែលធ្វើឲ្យភាគរយនៃការចុះឈ្មោះចូលរៀននៃកុមារកម្ពុជាកើនដល់៩៩,៤ ភាគរយ៕
Tag:
រស់ សាលីន
សៀមរាប
បឋមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com