ជាតិ
មេធាវី ស្នើ​ទៅ​ចៅក្រម​ស៊ើបសួរ ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប​
11, Jan 2017 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេ​ធា​វី ស្នើ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប តែម្តង នៅពេលដែល​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ នាពេលខាងមុខ​។ ប៉ុន្តែ អ្នកតាមដាន​ស្ថានការណ៍​នៅ​កម្ពុជា មិនមាន​ជំនឿ​លើ​ធ​ម្យោ​បាយ​ផ្លូវច្បាប់​ឡើយ ថា​អាចជួយ​មន្ត្រី​សិទ្ធិមនុស្ស ឲ្យ​រួច​ផុតពី​ពន្ធនាគារ​។



​ក្រុម​មេធាវី  ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បានដាក់​លិខិត​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ មករា ដើម្បី​សុំ​ឲ្យ​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​កូនក្តី​របស់​ពួកគេ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។  សព្វថ្ងៃនេះ សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប កំពុងតែ​ស្ថិតក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​។

​លោក សំ សុ​គង់ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក បានស្នើ​ឲ្យ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ ឲ្យ​បាន​ឆាប់រហ័ស​។ លោក ពន្យល់ថា តាមរយៈ​ដីកា​ដំណោះស្រាយ ចៅក្រម​ស៊ើបសួរ មាន​ឆន្ទានុសិទ្ធិ​ក្នុងការ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ 

​លោក​មេធាវី​រូបនេះ បានបញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ដាក់​លិខិត​ទៅ​ពីរ គឺ​ទី​១ សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​ដំណោះស្រាយ​ឲ្យ​បាន​លឿន ហើយ​ទី​ពីរ នៅពេលដែល​គាត់ ចេញ​ដីកា​ដំណោះស្រាយ សុំ​ឲ្យ​គាត់​លើកលែង​ការចោទប្រកាន់​លើ​កូនក្តី​ខ្ញុំ​តែម្តង​»​។

​សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ចប់​ការ​ស៊ើបសួរ តាំងពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មកម្ល៉េះ​។ សម្រាប់​នីតិវិធី​បន្ត ចៅក្រម​ស៊ើបសួរ ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ​មួយ ដោយ​សម្រេច​ថា ត្រូវ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឬក៏​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​។ យ៉ាងណា រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ មិនទាន់​ចេញ​ដីកា​ដំណោះ​ស្រា នៅឡើយ​ទេ​។ តាម​នីតិវិធី ចៅក្រម​ស៊ើបសួរ មិនអាច​រក្សា​សំណុំរឿង ឲ្យ​ហួស​ពី​២០​ថ្ងៃ​នោះទេ បន្ទាប់ពី​ខ្លួន​បញ្ចប់​ការ​ស៊ើបសួរ​។ ទាំងនេះ គឺជា​ការលើកឡើង​រប​ស់លោក​មេធាវី សំ សុ​គង់ ដដែល​។

​ទាក់ទង​នឹង​សំណុំរឿង​ខាងលើ លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា ពុំមាន​សង្ឃឹម​បន្តិច​សោះឡើយ ថា​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ អាច​នឹងមាន​ឱកាស​បាន​រួចផុត​ការឃុំ​ឃាំង តាមរយៈ​ការប្រើ​នីតិវិធី​បែបនេះ​។ លោក ចាត់ទុក សំណុំរឿង​ខាងលើ​ថា ជា​បញ្ហានយោបាយ ដូច្នេះ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ ទើប​អ្នក​ជាប់ពន្ធនាគា​រទាំង​នោះ អាចមាន​សង្ឃឹម ថា​បាន​រួច​ផុតពី​ការឃុំ​ឃាំង​។ 

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ លើកឡើងថា​៖«​បើ​មានការ​ឯកភាពគ្នា ឬ​សម្របសម្រួល​ផ្នែក​នយោបាយ ពួកគាត់​ប្រហែលជា​ត្រូវបាន​ដោះលែង ដោយ​ឥត​លក្ខខណ្ឌ​។ តែបើ​អ្នកនយោបាយ នៅតែ​យក​មន្ត្រី​សិទ្ធិមនុស្ស និង​ពួក​សង្គម​ស៊ីវិល ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​បែបនេះ ការដោះលែង មើលទៅ​គ្មាន​ពន្លឺ​ទេ​»​។​

​ជុំវិញ​ការ​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បដិសេធ​ជាច្រើនលើក​ច្រើនសា​មកហើយ ថា​សំណុំរឿង​របស់​អ្នក​ខាងលើ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះទេ តែ​វា ជា​ចំណាត់ការ​របស់​តុលាការ ដែល​ធ្វើ​ទៅតាម​គោលការណ៍​នៃ​ច្បាប់ ចំពោះ​បុគ្គល​ណា ដែល​ប្រព្រឹត្ត​បទល្មើស​។ លោក សុខ ឥសាន ធ្លាប់​អះអាងថា កម្ពុជា គ្មាន​អ្នកទោសនយោបាយ​នោះទេ គឺ​មានតែ​អ្នកនយោបាយ ដែលមាន​ទោស​។

​សូមបញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​បួនរូប រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី​សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ អ្នក​ទាំង​ប្រាំ​នាក់ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕
 

Tag:
 ADHOC
  NEC
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com