ជាតិ
គ​.​ជ​.​ប បន្ត​ស្នើ​ឲ្យ​ពលរដ្ឋ ទៅ​មើល​ឈ្មោះ ខណៈ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត នឹង​បញ្ចប់​ឆាប់ៗ​នេះ​
11, Jan 2017 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅសល់តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង នឹងត្រូវ​បញ្ចប់​។ គ​.​ជ​.​ប អំពាវនាវ​សាជាថ្មី ឲ្យ​ប្រជាពលរដ្ឋ ប្រញាប់​ទៅពិនិត្យ​ឈ្មោះ​របស់ខ្លួន​។

 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​វាយតម្លៃថា ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ទៅពិនិត្យ​ឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដែល​ត្រូវបាន​បិទ​ផ្សាយ តាម​សាលាឃុំ​-​សង្កាត់ ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៧​មក​។ 
 
​យ៉ាងណា គ​.​ជ​.​ប នៅតែ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ក្នុង​ថ្ងៃទី​១១ មករា​នេះ ដើម្បី​អំពាវនាវ​ម្តងទៀត ឲ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​ឈ្មោះ ឲ្យ​បាន​គ្រប់គ្នា​។ ប្រជាពលរដ្ឋ ក៏​អាច​ស្វែងរក និង​ពិនិត្យ​ឈ្មោះ​របស់ខ្លួន នៅក្នុង​វិ​ប​សាយ www.voterlist.org.kh ផងដែរ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​បញ្ជាក់ថា​៖«​ក្នុងករណី​បាត់ឈ្មោះ ឬ​ឈ្មោះ និង​រូបថត រួមទាំង​និ​ន្ន​ន័យ​ផ្សេងៗ មិន​ត្រឹមត្រូវ សូម​សាមីខ្លួន ប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដើម្បី​សុំ​ការកែតម្រូវ​ជាបន្ទាន់​»​។ 
 
​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ការ​ផ្តល់ឱកាស ដល់​ប្រជាពលរដ្ឋ សម្រាប់​ការប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​លើ​បញ្ជី​បោះឆ្នោត​ដំបូង នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២១០៧​។​
 
​នៅពេលដែល គ​.​ជ​.​ប ចាប់ផ្តើម​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង អ្នកនយោបាយ​ពី​គណបក្ស​ធំៗ បាន​ចេញមុខ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​៨​លាន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ទៅពិនិត្យ​ឈ្មោះ​របស់​ពួកគេ​ឡើងវិញ​។ ចំណែកឯ ក្រុម​សង្គម​ស៊ីវិល​មួយចំនួន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ក៏បាន​ចូលរួម​អំពាវនាវ​ផងដែរ​៕ 

Tag:
 គជប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com