ពីនេះ ពីនោះ
ឯកសារសត្វ៖ កំប្រុកពណ៌ អាចមានជីវិតរហូតដល់អាយុ២៧ឆ្នាំ
× ភិនភាគ៖ កំប្រុកពណ៌ មានប្រវែងក្បាល-ដងខ្លួន ១៩០-២៣០ម.ម កន្ទុយមានប្រវែងពី២២៥-២៤០ម.ម និងមានទម្ងន់៣០០ក្រាម។ វាមានមាឌមធ្យម និងមានការប្រែពណ៌ពីសទៅពណ៌ទឹកក្រូច ឬខ្មៅ និងពណ៌ចម្រុះគ្នា។ កំប្រុកប្រភេទនេះ ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាភាគនិរតី ហើយភាគច្រើនមានពណ៌ក្រហមទឹកក្រូច។ ចំពោះភូមិភាគខាងជើង កំប្រុកប្រភេទនេះ មានពណ៌ក្រហមត្នោតដោយបង្កង់ពណ៌សនៅគល់កន្ទុយ។
ជីវសាស្ត្រ៖ កំប្រុកពណ៌ ច្រើនរស់នៅលើដើមឈើខ្ពស់ៗ ដែលមានទីជម្រកផ្សេងៗគ្នាជាច្រើននៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃរបោះ និងចម្ការ។ វាធ្វើសម្បុកពីមែកឈើតូចៗ និងស្លឹកឈើ នៅលើមែកឈើធំៗ ឬនៅក្នុងប្រហោងឈើ។ ចំណីអាហារបស់វារួមមានផ្លែឈើ គ្រាប់ផ្លែឈើ ធញ្ញជាតិ និងសត្វល្អិត។ វាជាសត្វរហ័សរហួន និងផ្លាស់ទីពីដើមឈើមួយទៅដើមឈើមួយបានយ៉ាងរហ័ស។ វាអាចមានជីវិតរស់នៅរហូតដល់អាយុ២៧ឆ្នាំ។ សត្វញីមានដោះពីរគូ និងមានកូនម្តងពី១-២ក្បាល។
រប៉ាយរស់នៅ៖ នៅប្រទេសកម្ពុជា កំប្រុកពណ៌ មាននៅក្នុងខេត្តកោះកុង ពោធិសាត់ មណ្ឌលគីរី ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងតំបន់ព្រៃការពារ នៃខេត្តព្រះវិហារ។ កំប្រុកពណ៌ ក៏មានវត្តមាននៅក្នុងប្រទេសភូមា, ថៃ និងវៀតណាមភាគខាងត្បូងផងដែរ។
ស្ថានភាពអភិរក្ស៖ កំប្រុកពណ៌ មានដង់ស៊ីតេរស់នៅច្រើនបង្គួរ និងមានអត្រាបន្តពួជឆាប់រហ័ស និងរងគ្រោះថ្នាក់តិចតួចពីមជ្ឈដ្ឋានដែលវារស់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com