ពីនេះ ពីនោះ
ឯកសារ​សត្វ​៖ ​កំប្រុក​ពណ៌ អាចមាន​ជីវិត​រហូត​ដល់​អាយុ​២៧​ឆ្នាំ​
10, Feb 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភិនភាគ​៖ កំប្រុក​ពណ៌ មាន​ប្រវែង​ក្បាល​-​ដងខ្លួន ១៩០-២៣០​ម​.​ម កន្ទុយ​មាន​ប្រវែង​ពី​២២៥-២៤០​ម​.​ម និង​មាន​ទម្ងន់​៣០០​ក្រាម​។ វា​មាន​មាឌ​មធ្យម និង​មានការ​ប្រែ​ពណ៌​ពីស​ទៅ​ពណ៌​ទឹកក្រូច ឬ​ខ្មៅ និង​ពណ៌​ចម្រុះ​គ្នា​។ កំប្រុក​ប្រភេទ​នេះ ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​ភាគ​និរតី ហើយ​ភាគច្រើន​មាន​ពណ៌​ក្រហម​ទឹកក្រូច​។ ចំពោះ​ភូមិភាគ​ខាងជើង កំប្រុក​ប្រភេទ​នេះ មាន​ពណ៌​ក្រហម​ត្នោត​ដោយ​បង្កង់​ពណ៌​ស​នៅ​គល់​កន្ទុយ​។

 
​ជីវសាស្ត្រ​៖ កំប្រុក​ពណ៌ ច្រើន​រស់​នៅលើ​ដើមឈើ​ខ្ពស់ៗ ដែលមាន​ទីជម្រក​ផ្សេងៗ​គ្នា​ជាច្រើន​នៅតាម​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃរបោះ និង​ចម្ការ​។ វា​ធ្វើ​សម្បុក​ពី​មែកឈើ​តូចៗ និង​ស្លឹកឈើ នៅលើ​មែកឈើ​ធំៗ ឬ​នៅក្នុង​ប្រហោង​ឈើ​។ ចំណីអាហារ​ប​ស់វា​រួមមាន​ផ្លែឈើ គ្រាប់​ផ្លែឈើ ធញ្ញជាតិ និង​សត្វល្អិត​។ វា​ជា​សត្វ​រហ័សរហួន និង​ផ្លាស់​ទី​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​បាន​យ៉ាង​រហ័ស​។ វា​អាចមាន​ជីវិត​រស់នៅរ​ហូត​ដល់​អាយុ​២៧​ឆ្នាំ​។ សត្វ​ញី​មាន​ដោះ​ពីរ​គូ និង​មានកូន​ម្តង​ពី​១-២​ក្បាល​។ 
 
​រប៉ាយ​រស់នៅ​៖ នៅ​ប្រទេស​កម្ពុជា កំប្រុក​ពណ៌ មាននៅ​ក្នុង​ខេត្តកោះកុង ពោធិសាត់ មណ្ឌល​គី​រី ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​តំបន់​ព្រៃ​ការពារ នៃ​ខេត្តព្រះវិហារ​។ កំប្រុក​ពណ៌ ក៏មាន​វត្តមាន​នៅក្នុង​ប្រទេស​ភូមា​, ថៃ និង​វៀតណាម​ភាគខាងត្បូង​ផងដែរ​។ 
 
​ស្ថានភាព​អភិរក្ស​៖ កំប្រុក​ពណ៌ មាន​ដង់ស៊ីតេ​រស់នៅ​ច្រើន​បង្គួរ និង​មាន​អត្រា​បន្ត​ពួជ​ឆាប់រហ័ស និង​រងគ្រោះថ្នាក់​តិចតួច​ពី​មជ្ឈដ្ឋាន​ដែល​វា​រស់នៅ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com