កីឡាជាតិ
ជាតិ
ការឈរលើឡាវក្នុងស៊ីហ្គេមនៅម៉ាឡេស៊ីជាទិសដៅធំរបស់កម្ពុជា
× គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានចាត់ទុកឆ្នាំ២០១៧ ជាឆ្នាំដែលត្រូវធ្វើការងារច្រើនជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី។ ដោយ NOCC កំណត់ទិសដៅធ្វើយ៉ាងណាបង្កើនចំនួនមេដាយមាស ជាពិសេសការឈរនៅលើឡាវជាគោលបំណងធំរបស់កម្ពុជា។ ប៉ុន្តែបើកម្ពុជាឈរនៅក្រោមឡាវកិត្តិយសនឹងធ្លាក់ចុះ។
កម្ពុជាដែលបានហក់ឡើងទៅឈរលើឡាវក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨នៅសិង្ហបុរី បានកំណត់ទិសដៅធ្វើយ៉ាងណារក្សាតំណែងឲ្យបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧នៅម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា។ លើសពីនេះធ្វើយ៉ាងណាបង្កើនចំនួនមេដាយមាសឲ្យបានច្រើនជាងលើកមុន។
ការកំណត់ទិសដៅដោយផ្តោតសំខាន់លើការរក្សាតំណែងឈរលើឡាវនេះជាទិសដៅធំដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់ចេញសម្រាប់អភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា។ ម្យ៉ាងទៀត វាជារឿងមុខមាត់ និងកិត្តិយសរបស់ជាតិ តែបើកម្ពុជាធ្លាក់ចុះមកក្រោមឡាវនោះកិត្តិយសក៏ធ្លាក់ចុះផងដែរ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាថ្នាក់ដឹកនាំកីឡាបានប្តេជា្ញថា នឹងខិតខំប្រឹងប្រែងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជានៅលើឡាវ។ ដោយលោកនឹងជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ឲ្យកាន់តែមានលក្ខណៈប្រសើរនៅឆ្នាំនេះ ហើយលោករំពឹងថា តេក្វាន់ដូ និងប៉េតង់ នឹងអាចដណ្តើមមេដាយមាសជូនកម្ពុជា។
អ្នកជំនាញកីឡារូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងត្រូវរក្សាចំណាត់ថ្នាក់របស់យើងឲ្យនៅលើឡាវ ហើយត្រូវបង្កើនចំនួនមេដាយមាស តែបើយើងធ្លាក់មកនៅក្រោមឡាវ យើងពិតជាលំបាកហើយ គឺកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់យើងនឹងធ្លាក់ចុះ។ អ៊ីចឹងយើងត្រូវតែខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ និងគ្រប់វិធីទាំងអស់ធ្វើយ៉ាងណាឲ្យបាននៅលើឡាវ ខណៈតេក្វាន់ដូ និងប៉េតង់ ជាដើម អាចឈានទៅរកមេដាយមាសក្នុងស៊ីហ្គេមនៅម៉ាឡេស៊ី»។
គួររំឭកថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅសិង្ហបុរី កម្ពុជា បានឡើងមកឈរចំណាត់ថ្នាក់លេខ៨ គឺលើប្រទេសឡាវជាលើកដំបូង ក្រោយឈ្នះបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៩ ចំណែកឡាវ ដែលធ្លាប់ឈ្នះបានមេដាយមាសច្រើនជាងកម្ពុជានាពេលកន្លងមក បែរជាមិនដណ្តើមបានមេដាយមាសសូម្បីតែមួយ គឺបានតែមេដាយប្រាក់៤ និងសំរឹទ្ធ២៥៕
Tag:
ស៊ីហ្គេមលើកទី២៩
វ៉ាត់ ចំរើន
NOCC
© រក្សាសិទ្ធិដោយ thmeythmey.com