ជាតិ
គ​.​ជ​.​ប ប្រកាស​វិធានការលើបណ្តឹង​ចំនួន ៧ នៅ​ម៉ោង ៣​រសៀល​នេះ​
16, Jan 2017 , 1:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​​​​​បើក​​​សវនាការ​​​​ជា​​​សាធារណៈ​​​​លើ​ពាក្យ​​​បណ្ដឹង​​​​ចំនួន​៧ ជាលើកដំបូង ពាក់ព័ន្ធ​នឹ​ង​ការ​​ចុះឈ្មោះ​​​បោះឆ្នោត ​កន្លងមក នៅ​ថ្ងៃទី​១៦ មករា​នេះ​។ បណ្តឹង​ទាំង ៧ ជំទាស់​នឹង​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ធ្វើឡើង​ដោយ​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ​ ៥រាជធានីខេត្ត ដោយ​ពួកគេ​ថា ជនជាតិ​វៀតណាម​មាន​អត្ត​ស​ញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរ​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៦ កន្លងទៅ​។​



​ភ្នាក់ងារ​គណបក្សប្រឆាំង​តាម​មូលដ្ឋាន​ ៥រាជធានី​ខេត្ត​បាន​រកឃើញថា ជនជាតិ​វៀតណាម ជាង ១០០​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១៦​។ នេះ​បើតាម​ពាក្យបណ្ដឹង​ចំនួន ៧ ចាប់ពី​លេខ ០៤៦ ដល់ ០៥២ ដែល​គ​.​ជ​.​ប យកមក​ពិភាក្សា នៅថ្ងៃនេះ​។​

​លោក ឌិន វ៉ារិន តំណាង​ភ្នាក់ងារ CNRP ម្នាក់ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន និង​សមាជិក ៩​រូប​ទៀតថា លោក​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន ២៧​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៣​កន្លែង​។​

​តំណាង​អ្នកប្តឹង​ក្នុង​សំណុំរឿង ០៤៦ ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​រូបនេះ បានបញ្ជាក់​ហេតុផល​ដែល​លោក​ថា ពួកគេ​ជា​ជនជាតិ​វៀតណាម​នោះ ដោយសារ​ពួកគេ​និយាយ​ភាសា​ខ្មែរ​ប៉ៃឡាំ​។​

«​ខ្ញុំ​រស់នៅ​ក្បែរ​ពួកគេ ពួកគេ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ទេ​។ ហេតុអ្វី​ពួកគេ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ចុះឈ្មោះ​បោះឆ្នោត​»​? ភ្នាក់ងារ CNRP វ័យ​ជាង ៤០​ ចំណោម​ភ្នាក់ងារ​មកពី ៥​នៅ​រាជធានី​ភ្នំពេញ​ខេត្ត​រូបនេះ បានបញ្ជាក់​ក្រុមប្រឹក្សា​ជំ​នុះ​ជម្រះ គ​.​ជ​.​ប មុនពេលលោកស្នើ គ.ជ.ប ឲ្យ​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោតរួច កន្លងទៅ​។​


​មិន​ខុសគ្នា លោក សំ សុ​គង់ មេធាវី​របស់​ដើមបណ្តឹង​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មកពី​ខេត្តកំពង់ឆ្នាំង បាន​ចោទសួរ​សំណួរ គ​.​ជ​.​ប ហេតុអ្វី​ពួកគេ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​? លោក​បាន​សួរ​អង្គ​សវនាការ គ​.​ជ​.​ប នៅ​ថ្ងៃទី​១៦ មករា នេះ​ដូច្នេះ​ថា​៖«​តើ​ពួកគេ​ជា​ជនជាតិ វៀតណាម​បានប្រកាស​សញ្ជាតូបនីយកម្ម​តាមច្បាប់​សញ្ជាតិ​ខ្មែរ​ឬទេ​? ពួកគេ​បាន​ចូល​ស្បថ នៅ​តុលាការ​កំពូល​ទេ​? ឈ្មោះ​ពួកគេ​មាន​ក្នុង​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ​ទេ​?

​ប៉ុន្តែ ចុង​ចម្លើយ​ដែលមាន​វត្តមាន​ក្នុង​សវនាការ​សុទ្ធតែ​អះអាងថា ពួកគេ​មាន​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​ដែល​អាច​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដោយ​ស្របច្បាប់​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​ក្រុមប្រឹក្សា​ជំ​នុះ​ជម្រះ គ​.​ជ​.​ប ប្រកាស​ក្រោយ​សវនាការ​សាកសួរដើមបណ្តឹង សាក្សី តំណាង​អាជ្ញាធរ​មូលដ្ឋាន និង​ចុង​ចម្លើយដែលមានវត្តមានជាង ៧០​នាក់រយៈពេលជាង ២ម៉ោងថា ក្រុមប្រឹក្សា​ជំ​នុះ​ជម្រះ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល នៅ​ម៉ោង ៣​រសៀល ថ្ងៃទី​១៦ ខែមករា​នេះ។

គួរបញ្ជាក់​ជូន​ថា ក្រោយ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៧,៨៧៣,១៩៤ ស្នើ​នឹង​៨១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​មាន​​អាយុ​​​គ្រប់​បោះឆ្នោត​​​​ចំនួន ៩,៦៦៤,២១៦ លាន​នាក់​។ ចំនួន​ដែល​ចុះឈ្មោះ​បាន​ក្នុង​បញ្ជី​ថ្មី​នេះ ថយចុះ​ជិត ២​លាន​នាក់ ធៀប​ទៅនឹង ៩​លាន ២ សែន​នាក់​​​ដែល គ​.​ជ​.​ប បាន​ចុះឈ្មោះ​​​​សម្រាប់​​​​ការបោះឆ្នោត​​​​ជ្រើសរើស​​​​ក្រុម​​ប្រឹក្សា ឃុំ​-​សង្កាត់ កាល​​ពី​ឆ្នាំ​​​២០១២



Tag:
 ស៊ិ​ក ប៊ុន​ហុក​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com