ជាតិ
អ្នកវិភាគ​និង​សកម្មជន​ដីធ្លី ទទូច​ឲ្យ​បក្ស​ទាំងពីរ​យក​រឿង​មន្ត្រី​សិទ្ធិមនុស្ស ទៅ​ចរចា​
16, Jan 2017 , 2:25 pm        
រូបភាព
​ភ្នំពេញ​៖ បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​កំពុង​ស្វែងរក​ការជួបគ្នា មិនបាន​កំណត់​របៀប​រ​វារៈ ដែល​ទាក់ទង​នឹង​ករណី​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឡើយ​។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​សកម្មជន​ដីធ្លី អះអាងថា បក្ស​ទាំងពីរ​មិនគួរ មើលរំលង​ករណី​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប នោះទេ​។




​សកម្មជន​ដីធ្លី​និង​អ្នកវិភាគ​នយោបាយ​មួយចំនួន​បាន​ទទូច​ជាថ្មី​ម្តងទៀត​ឲ្យ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំងចរចារក​ដំណោះស្រាយ​នយោបាយ​ដល់​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ​.​ជ​.​ប ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​។ ការទទូច​បែបនេះ​កើតមានឡើង​នៅពេល​មាន​លេចឮ​ព័ត៌មាន​ថ្មី​ថា គណបក្ស​ទាំងពីរ​កំពុង​បោះជំហាន​ឈានទៅរក​ការជួបគ្នា​ម្តងទៀត ប៉ុន្តែ​ដោយ​គ្មាន​ករណី​របស់​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ​.​ជ​.​ប នៅក្នុង​របៀបវារៈ​រប​ស់​គេ​ឡើយ​។​

​លោក មាស នី អ្នកវិភាគ​នយោបាយ​មួយរូប និយាយថា​៖«​ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​នឹង​បង្ហាញ​ពី​សុ​ឆន្ទៈ​ពិត ក្នុងការ​ដោះស្រាយ​រឿងនេះ នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​។ បើ​មិន​ព្រម​ដោះលែង​ពួកគាត់​ទេ​ស្ថានការណ៍​ប្រហែលជា​មិនល្អ​ប្រសើរ​ឡើយ​»​។

​អ្នកវិភាគ​នយោបាយ​មួយរូប​ទៀត លោក សូ ចន្ថា និយាយថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អាច​ដំណើរ​កាន់តែ​ល្អប្រសើរ គឺ​ទាល់តែ​បក្ស​ទាំងពីរ ជជែក​គ្នា ហើយ​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​ដោះលែង​អ្នក​ទាំង​ប្រាំ​។ អ្នកវិភាគ​រូបនេះ និយាយ​បែបនេះ​ថា​៖«​ជា​បំណង​របស់ខ្ញុំ ខ្ញុំ​ចង់ឃើញ បក្ស​ទាំងពីរ ជជែក​គ្នា ហើយ​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​ស្ថានការណ៍​ហ្នឹង មាន​ប្រក្រតីភាព ដែល​គ្រប់ភាគី​មានឱកាស​ចូល​រួប​កសាង​កម្ពុជា​។ ជាពិសេស ការដោះលែង​អ្នកទោស​មនសិការ ឲ្យ​មាន​សេរីភាព​ឡើងវិញ មុន​ការបោះឆ្នោត​មកដល់ វា​ជា​រឿង​មួយ​ដ៏​ល្អ​»​។

​ចំណែកឯ ក្រុម​សកម្មជន​បឹងកក់ រួមទាំង​ប្រជាពលរដ្ឋ​ពី​តំបន់​ផ្សេងៗ​ទៀត បាន​បន្តធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» នៅ​ព្រឹក​ថ្ងៃទី​១៦ មករា​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី ទេព វ​ន្នី​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី ប៉ូវ សោភា ដែលជា​សកម្មជន​បឹងកក់​មួយរូប​។
 
​លោកស្រី ប៉ូវ សោភា សង្ឃឹមថា ថា្នក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ នឹង​ពិភាក្សាគ្នា ដើម្បី​ធ្វើយ៉ាងណា​ជួយ​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី​ទេព វ​ន្នី មាន​សេរីភាព​ឡើងវិញ​។  លោកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ នៅតែ​ទន្ទឹងរង់ចាំ​មើល​ការដោះលែង​ពួកគាត់​។ ឲ្យ​តែ​ដោះលែង​ពួកគាត់ ពួក​ខ្ញុំ​នឹង​បញ្ឈប់​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ហើយ​»​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​យ៉ាងខ្លី​ថា កិច្ចចរចា​នាពេលខាងមុខ បាន​ផ្តោតទៅលើ​ស្ថានការណ៍​នយោបាយ ដូច្នេះ វា ហាក់ដូចជា ក្តោប​រាល់​បញ្ហា​ទាំងអស់ បើទោះបីជា​បញ្ហា​ខ្លះ មិនបាន​បង្ហាញ​ចំៗ​ក្នុង​របៀបវារៈ​ក៏ដោយ​។ លោក​សង្កត់ធ្ងន់ថា​៖«​ចំណុច ដែល​យើង​ដាក់​ក្នុង​របៀបវារៈ​ហ្នឹង គឺ​និយាយ​ពី​បញ្ហានយោបាយ​។ អ៊ីចឹង​អ្វីៗ​ដែល​ទាក់ទង​នឹង​បញ្ហានយោបាយ យើង​នឹង​លើក​ទៅ​និយាយ​ទាំងអស់​»​។

​ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឯណោះ​វិញ មិន​បកស្រាយ​អ្វី​ច្រើន​នោះទេ ជុំវិញ​ជំនួប​នេះ​។ លោក​នៅតែ​និយាយ​ដដែល​ថា ករណី​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប គឺ​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ ដែល​ស្ថាន​ប័ន​ដ​ដៃ​មិនអាច​លូកដៃ​ចូល​នោះទេ​។

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ លើកឡើង​បែបនេះ​ថា​៖«​ឲ្យ​ពួកគាត់ (​អ្នកវិភាគ​និង​សកម្មជន​ដីធ្លី​) ទៅ​ជំរុញ​តុលាការ​ទៅ ព្រោះ​រឿង​ហ្នឹង គឺជា​រឿង​តុលាការ​។ វា មិន​ពាក់ព័ន្ធ​អ្វី ទៅនឹង​បក្សនយោបាយ​ទេ​»​។

​សូម​បញ្ហា​ក់ថា មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បាន​ជាប់ពន្ធនាគារ តាំងពីដើម​ខែឧសភា ឆ្នាំ​២០១៦ មកម្ល៉េះ ក្រោយ​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង​បទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សា​ក្ស៊ី​»​។ តាម​ការរកឃើញ​រប​ស់​តុលាការ អ្នក​ទាំង​ប្រាំ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕





Tag:
 CNRP
  CPP
  ADHOC
  NEC
  អ្នកវិភាគ​
© រក្សាសិទ្ធិដោយ thmeythmey.com