ជាតិ
ឧទ្ធរណ៍ យកសំណុំរឿងមេបក្សប្រឆាំង ពាក់ព័ន្ធនឹងហ្វេសប៊ុក ទៅជម្រះនៅថ្ងៃទី១៧ មករា
× ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៧ មករា សាលាឧទ្ធរណ៍ នឹងបើកសវនាការ ជំនុំជម្រះលើសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី។ សំណុំរឿងឯកឧត្តម សម រង្សី មួយនេះ គឺពាក់ព័ន្ធនឹងការចោទសម្តេច ហ៊ុន សែន ថាទិញចំនួន like ក្លែងក្លាយ។
លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗថា លោក នឹងចូលរួមក្នុងសវនាការនេះ។ លោក សំ សុគង់ ជាមេធាវីមួយរូប ដែលកាន់សំណុំរឿងផ្នែកនយោបាយយ៉ាងស្អេកស្កះនោះ បាននិយាយថា លោក នៅតែប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងការជួយកូនក្តីទៅតាមផ្លូវច្បាប់ បើទោះបីជា ចៅក្រម សម្រេចសេចក្តីយ៉ាងណាក៏ដោយ។
ឯកឧត្តម សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ត្រូវបានសាលាដំបូងរាជធានី
ភ្នំពេញ សម្រេចឲ្យចាញ់ក្តីក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលប្តឹងដោយលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យឯកឧត្តម សម រង្ស៊ី បង់ប្រាក់ចំនួន១០លានរៀល ចូលរដ្ឋ និង១៥លានរៀល ឲ្យទៅដើមបណ្តឹង។ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ កាត់ក្តីបែបនេះ លោកមេធាវី សំ សុគង់ ក៏បន្តប្តឹងទៅឧទ្ទរណ៍។
កាលពីដើមខែមិនា ឆ្នាំ២០១៦ មេបក្សប្រឆាំង ដែលហ៊ុមព័ទ្ធដោយបណ្តឹងរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកថា សម្តេច ហ៊ុន សែន បានបញ្ជាមន្ត្រីក្រោមឱវាទ ឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុច like លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ លោក សោម សឿន តំណាងឲ្យសម្តេច ហ៊ុន សែន បានយកសាររបស់ឯកឧត្តម សម រង្ស៊ី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក ធ្វើជាអង្គហេតុ ក្នុងការប្តឹង។
សូមបញ្ជាក់បន្តិចថា ក្រៅពីបណ្តឹងដែលត្រូវបានកាត់ក្តីរួច ឯកឧត្តម សម រង្ស៊ី នៅជាប់បណ្តឹងមួយចំនួនទៀត ដែលតុលាការ កំពុងតែដំណើរការ។ បើសរុបទាំងបណ្តឹងដែលកាត់ក្តីរួចរាល់ រួមទាំងបណ្តឹងដែលកំពុងដំណើរការ យ៉ាងហោចណាស់ ឯកឧត្តម សម រង្ស៊ី រងបណ្តឹងចំនួន៦ករណី នៅតុលាការ៕
Tag:
សម រង្ស៊ី
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com