ជាតិ
អ្នកសារព័ត៌មាន​ថ្មីៗ​បាន​លេខ​៣ ពី​ការនិពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
16, Jan 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ កញ្ញា ខន ចំប៉ា បានទទួល​ជ័យលាភី​លេខ ៣ ក្នុង​ការនិពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ។ មាន​បេក្ខជន​៦​រូប ត្រូវបាន​ជ្រើស​ឲ្យ​ឈ្នះ​ការប្រកួត​នេះ  គឺ​ផ្នែក​និពន្ធ​ពាក្យស្លោក ៣​រូប និង​ផ្នែក​គូររូប​តួអង្គ​និមិត្តរូប ចំនួន​៣​រូប​។



​អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ កញ្ញា ខន ចំប៉ា បានទទួល​ជ័យលាភី​លេខ ៣ ក្នុង​ការនិពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC)​។  ពិធី​ប្រកាស​លទ្ធផល​ជ័យលាភី​គូររូប​តួអង្គ​និមិត្តរូប និង​ការ​តែង​និពន្ធ​ពាក្យស្លោក​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។ 

​ពាក្យស្លោក​របស់​របស់​អ្នកសារព័ត៌មាន​ថ្មីៗ គឺ​«​អង្គរ​សង្ក្រាន្ត​សាទរ​ឆ្នាំ​ថ្មី ខ្មែរ​ទាំងប្រុស​ស្រី រួម​ថ្កើង​វប្បធម៌​» ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ពាក្យស្លោក​ចំនួន ១៤៣​នាក់​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។  ពាក្យស្លោក​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ គឺ​«​អង្គរ​សង្ក្រាន្ត​បណ្តុះ​ស្មារតី យុវជន​ប្រុស​ស្រី​រួមគ្នា​អភិរក្ស​»​របស់​បេ​ក្ខ​នារី ព្រំ ចាន់​លក្ខិណា និង​ជ័យលាភី​លេខ​២ បាន​ទៅលើ​ពាក្យស្លោក «​សង្ក្រាន្ត​អង្គរ​បវរ​សិរី ខេមរា​ប្រុស​ស្រី​ជ្រោង​វប្បធម៌​ជាតិ​« របស់​បេក្ខជន លឿង យ៉ុង​សឹង្ហ ។​

​ដោយឡែក​សម្រាប់​ផ្នែក​គូររូប​តួអង្គ​និមិត្តរូប​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​វិញ ជ័យលាភី​លេខ​១ បាន​ទៅលើ បេក្ខជន ច័ន្ទ គីម​ហាក់ ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី ហេន វ​ឌ្ឍ​នា​ស្ថាពរ និង​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេក្ខជន ស៊ុំ សំណាង​។ ជ័យលាភី​ទាំង​៣ ត្រូវបាន​ជ្រើស​ពី​បេក្ខជន​សរុប ចំនួន​១៣៦​នាក់ ដែល​បានដាក់​រូបគំនូរ​ចូលរួម​ប្រកួត​។​

​ជ័យលាភី​ទាំងអស់​ទទួលបាន​ពាន​ម្នា​ក់មួយ លិខិត​ថ្លែងអំណរគុណ វត្ថុ​អនុស្សាវរីយ​មួយចំនួន និង​ទឹកប្រាក់​តាម​ជ័យលាភី គឺ​លេខ​១ ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល លេខ​២ ទទួលបាន​ប្រាក់​១​លាន​២​សែន​រៀល និង​លេខ​៣ ទទួលបាន​ទឹកប្រាក់​រង្វាន់​ចំនួន ៨០​ម៉ឺន​រៀល​។

​បើតាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការរៀបចំ​ការប្រកួត​នេះ គឺ​ដើម្បី​បង្ក​បរិយាកាស​ចូលរួម​កាន់តែ​ទូលំទូលាយ​ពី​សាធារណជន ពិសេស​យុវវ័យ​ក្នុងការ​តាក់តែង​ឃ្លោងឃ្លា​ប្រជាប្រិយ​ខ្មែរ ដែលមាន​អត្ថន័យ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទិដ្ឋភាព​នានា​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​បង្កើន​ភាព​រីករាយ​សាទរ​បុណ្យចូលឆ្នាំ​ខ្មែរក្រោម​ដំបូល​គ្រួសារ​ខ្មែរ​តែមួយ​៕





Tag:
 ពាក្យស្លោក​
 ​អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com