ជាតិ
លោក ហ៊ុន ម៉ានី ស្នើឲ្យយុវជនបន្តថែវប្បធម៌ជាតិ
× លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើឲ្យយុវជនទាំងអស់ បន្តចូលរួមថែរក្សា ផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ខ្មែរ។ បើតាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ការចូលរួមលើកតម្កើងវប្បធម៌ខ្មែរ តាមរយៈការសិក្សា ស្វែងយល់ និងការចូលរួមគាំទ្រលើសិល្បៈ វប្បធម៌គ្រប់ ទម្រង់។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើឲ្យយុវជនបន្តចូលរួមថែរក្សា ផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ខ្មែរ។ ការស្នើបែបនេះ គឺធ្វើឡើងក្នុងពិធីប្រកាសជ័យលាភី លើការគូររូបនិមិត្តរូប និងការតែងនិពន្ធពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៦ ខែមករា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បញ្ជាក់ដូច្នេះថា៖«ការបន្តឲ្យយល់ដឹង ការបន្តឲ្យចង់ចាំ ប៉ុន្តែកុំភ្លេច ជប៉ុន អាមេរិកាំង បារាំង ពិភពលោក គ្រប់ទិសទីគេមកកម្ពុជាដើម្បីស្វែងយល់ពីកម្ពុជា ពីវប្បធម៌របស់យើង ពីអរិយធម៌របស់យើង តែសំខាន់គឺយើងខ្លួនឯងជាខ្មែរ ត្រូវចង់ចាំ និងបន្តលើកតម្កើង»។
លោក ហ៊ុន ម៉ានី បានលើកឧទាហរណ៍ពីជ្រុងមួយតូចនៃការចូលរួមលើកស្ទួយវប្បធម៌ខ្មែរ តាមរយៈការចូលរួមស្វែងយល់សិក្សា ជាពិសេសគាំទ្រលោកគ្រូ អ្នកគ្រូដែលជាធនធានមនុស្ស ដ៏កម្រ ក៏ដូចជាសិល្បក សិល្បការិនី ផ្នែកល្ខោនខោល និងផ្នែករបាំព្រះរាជទ្រព្យជាដើម។
ក្រៅពីស្នើឲ្យយុវជនបន្តចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ខ្មែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់ឡើងវិញពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោក ហ៊ុន ម៉ានី បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនមែនត្រឹមតែទៅលេងដើម្បីកម្សាន្តទេ ប៉ុន្តែជាការសិក្សា និងថែរក្សា វប្បធម៌ ប្រពៃណីដ៏សម្បូរបែបរបស់ខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងរាជបណ្ឌិតសភាកម្ពុជា ដើម្បី និងដើម្បីផ្តល់ឱកាសដល់យុវជនខ្មែរ បានត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រកួតនិពន្ធពាក្យស្លោក និងគូររូបតួអង្គនិមិត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ បានជ្រើសរើសបេក្ខជនជ័យលាភី៣រូប ពីការនិពន្ធពាក្យស្លោក និង៣ រូប ពីការគូររូបតួអង្គនិមិត្ត ។ សម្រាប់ជ័យលាភីគូររូបតួអង្គនិមិត្តរូប លេខ១បានលើបេក្ខជន ច័ន្ទ គីមហាក់ លេខ២ បេក្ខជន ហេន វឌ្ឍនាស្ថាពរ និងលេខ៣ បេក្ខជន ស៊ុំ សំណាង។ រីឯផ្នែកតែងនិពន្ធពាក្យស្លោក លេខ១ បានលើ ព្រំ ចាន់លក្ខិណា លេខ២ បានលើ លឿង យ៉ុងសឹង្គ និងលេខ៣ បានលើ ខន ចំប៉ា៕
© រក្សាសិទ្ធិដោយ thmeythmey.com