ជាតិ
សត្វ​ស្លាប​ជិត​ផុត​ពូជ​នៅ​ដែន​ជម្រក​លំផាត់ អាចមានសង្ឃឹម​ឡើងវិញ
16, Jan 2017 , 11:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ សត្វ​ស្លាប​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​អាចមាន​សង្ឃឹម​វិញ​ហើយ ក្រោយ​អនុក្រឹត្យ​ស្តីពី​ការកំណត់ និង​ការបែងចែក​ការគ្រប់គ្រង​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវបាន​អនុវត្តន៍​ស្របតាម​ខ្លឹមសារ​នោះ​។



​ដែនជម្រកសត្វព្រៃ​លំផាត់ ដែលមាន​ទីតាំង​ជាប់​ខេត្តរតនគិរី និង​មណ្ឌលគិរី ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​អភិរក្ស​សត្វ​ស្លាប​កម្រ​ជាច្រើន ដូចជា ត្រយង​ចង្កំ​កស ត្រយង​យក្ស ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង និង​ថនិកសត្វ ដូចជា រមាំង ទន្សោង និង​ខ្លាធំ​ជាដើម​។ ផ្ទៃដី​ទំហំ​២៥​ម៉ឺន​ហិច​តា​របស់​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៥ មករា ឆ្នាំ​២០១៧ ដើម្បី​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​ជា​៤​តំបន់ ដែល​នេះ គឺជា​ក្តីសង្ឃឹម​របស់​សត្វព្រៃ​កម្រ​ទាំងនេះ ដែល​កំពុង​រង​ការគំរាមកំហែង​ដោយ​ការ​បរបាញ់ ការកាប់​ឈើ​ខុសច្បាប់ និង​ការទន្ទ្រាន​យក​ដី​ជាដើម​។   នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​បន្តថា ផែនការ​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការគ្រប់គ្រង​ឲ្យ​មាន​និរន្តរភាព ដោយ​មិន​មានការ​ការរំខាន និង​ការទន្ទ្រាន​ទីតាំង​ដែល​នៅ​សេសសល់ ហើយ​មានតម្លៃ​អភិរក្ស​ជា​អន្តរជាតិ​របស់​ដែនជម្រកសត្វព្រៃ​នេះ​ផងដែរ​។

លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ការបែងចែក​តំបន់​គ្រប់គ្រង​នេះ នឹង​ការពារ​មិន​ឲ្យ​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី និង​ការពង្រីក​ដី​សម្បទាន​ដែលមាន​ស្រាប់​។ លោក​និយាយថា​៖«​ផែនការ​នេះ បានកំណត់​ទីតាំង​សម្រាប់​ឲ្យ​សហគមន៍​បង្កើតជា​តំបន់​ការពារ​សហគមន៍​ធម្មជាតិ ហើយនឹង​ពង្រឹង​ដល់​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព​របស់​ពួកគាត់​ផងដែរ​»​។

ចាប់តាំងពី​ឆ្នាំ​២០១១ ផ្ទៃដី​ជិត​៥​ម៉ឺន​ហិកតា​របស់​ដែនជម្រកសត្វព្រៃ​នេះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មកពី​ប្រទេស​វៀតណាម ចិន និង​កម្ពុជា​ចំនួន​៦​។ ដី​សម្បទាន​សេដ្ឋកិច្ច​នេះ មិន​ត្រឹមតែ​បង្កើត​ទំនាស់​ជាមួយ​ប្រជា​សហគមន៍​នោះទេ ប៉ុន្តែ វា​បានធ្វើ​ឲ្យ​ខូចខាត​ដល់​គម្រប​ព្រៃឈើ បាត់បង់​ប្រភេទ​សត្វព្រៃ និង​ទីជម្រក​សំខាន់ៗ​របស់​ពួកវា​ទៀតផង​។

យ៉ាងណាក៏ដោយ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅពេល​ថ្មីៗ​នេះ បាន​ប្រសាសន៍ថា​៖«​ការកំណត់ និង​ការបែងចែក​ការគ្រប់គ្រង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​នេះ នឹង​ធានា​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​ទំនាស់​រវាង​អ្នកគ្រប់គ្រង និង​អ្នកប្រើប្រាស់​ធនធានធម្មជាតិ​»​។

អនុក្រឹត្យ​ចុះ​ថ្ងៃទី​៥ មករា ដែល​បានកំណត់ និង​បែងចែក​ការគ្រប់គ្រង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​នេះ បានទទួល​ការអបអរសាទរ ពី​ប្រជា​សហគមន៍​ផងដែរ​។ លោក ធុន សុផាន់ ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​ការពារ​ធម្មជាតិ​អូរ​រ៉ៃ បាន​និយាយថា​៖ «​សហគមន៍​របស់​យើងខ្ញុំ សប្បាយរីករាយ​ក្នុង​ចូលរួម​ជាមួយ​មន្ត្រី​ដែន​ជម្រក ដើម្បី​ទប់ស្កាត់​ការកាប់​ឈើ និង​ការទន្ទ្រាន​យក​ដី​ខុសច្បាប់​»​។ 

ទោះបី​ជាមាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ក្តី អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បានផ្តល់​យោបល់​ថា ដើម្បី​កំណត់ និង​ការបែងចែក​តំបន់​គ្រប់គ្រង គឺ​ត្រូវការ​បោះបង្គោល​ព្រំប្រទល់ ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍ រៀបចំ និង​អនុវត្តន៍​ពិធីសារ​សម្រាប់​តំបន់​នីមួយៗ  គាំទ្រ និង​កសាង​សមត្ថភាព​របស់​ប្រជា​សហគមន៍​ក្នុងការ​គ្រប់គ្រង​សហគមន៍​របស់​ពួកគេ​ជាដើម​។​

សូមបញ្ជាក់ថា តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ បានផ្តល់​ជម្រក​ដល់​សត្វ​ជាច្រើន ដូចជា ដំរី គោព្រៃ ខ្ទីង ខ្លា ក្របីព្រៃ ខ្លាឃ្មុំ ប្រភេទ​សត្វ​មំសាសី និង​ពពួកសត្វ​ស្វា និង មាន​សត្វ​ស្លាប​ប្រហែល​១០០​ប្រភេទ​ផងដែរ​។ នេះ​បើតាម​គេហទំព័រ​របស់​ក្រសួងទេសចរណ៍​។ ក្រៅពី​ផ្តល់​ជម្រក​ដល់​សត្វព្រៃ ដែនជម្រកសត្វព្រៃ​លំផាត់ ក៏​ជា​ជម្រក និង​ប្រភព​ចំណូល​របស់​អ្នកស្រុក​ជាង​១០០​គ្រួសារ ដែល​ភាគច្រើន​ជា​ជនជាតិ​ព្នង​។ ពួកគេ​ចិញ្ចឹមជីវិត​ដោយ​ប្រើប្រាស់​ធនធានធម្មជាតិ ដូចជា ការយក​ជ័រ​ឈើ វ័​ល្លិ៍ ផ្តៅ  រុក្ខជាតិ​ស្មៅ និង​ផ្លែឈើ​នៅក្នុង​ព្រៃ​ផ្សេងៗ​ទៀត​៕           




Tag:
 សត្វ​ស្លាប​
 ​លំផាត់
© រក្សាសិទ្ធិដោយ thmeythmey.com