ជាតិ
សង្គមជាតិ
ឆ្នាំ២០១៦ ពលករ​ខ្មែរ​ជិត១ពាន់​នាក់ ដែល​រងគ្រោះ​នៅ​បរទេស ត្រូវបាន​ជួយ​ឲ្យ​វិល​មក​កម្ពុជា​វិញ
17, Jan 2017 , 1:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុង​ឆ្នាំ ២០១៦ ពលករ-ពល​ការិនី​ខ្មែរ ចំនួន ៨១៦នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេសផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ។ នេះ​បើតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា ។

 
សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹងថា ពលករ-ពល​ការិនី​ទាំង៨១៦នាក់ ដែល​បាន​ជួយសង្គ្រោះ​និង​បញ្ជូនមក​កម្ពុជា​វិញ​នោះ ត្រូវបាន​ក្រសួង និង​ស្ថានទូត​ខ្មែរ ធ្វើ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន១២ ដោយ​ក្នុងនោះ​រួមមាន ម៉ាឡេស៊ី ២៧២នាក់, វៀតណាម ២៣១នាក់, ថៃ ១៣៩នាក់, ឥណ្ឌូនេស៊ី ៧៨ នាក់, ចិន ៦៤ នាក់, ជប៉ុន ១៦នាក់ , សិង្ហ​បុរី ៦នាក់, រុស្ស៊ី ២នាក់, ឡាវ ២នាក់, អា​រ៉ា​ប៊ី​សាវ​ឌី​ត ១នាក់, និង​អូស្ត្រាលី ១ នាក់ ។ 
 
ដោយឡែក ពលករ​ខ្មែរ​ចំនួន ៤រូប​ទៀត ដែល​ចោរ​សមុទ្រ​នៃ​ប្រទេស​សូ​ម៉ាលី ចាប់ជំរិត កាលពី​ឆ្នាំ២០១៦ ត្រូវបាន​អាជ្ញាធរ​កម្ពុជា សហការ​ជាមួយនឹង​អាជ្ញាធរ​ហ្វីលីពីន ជួយ​ពួកគេ ឲ្យ​បាន​វិល​មក​កម្ពុជា​វិញ។ 
 
ពលករ-ពល​ការិនី​ខ្មែរ​ខាងលើ បាន​រងគ្រោះ​នៅតាម​ប្រទេស​នានា ក្នុង​ទម្រង់ផ្សេងៗគ្នា។ទម្រង់​នៃ​ការរង​គ្រោះ​ទាំងនោះ រួមមាន ការបំពាន​ពី​និយោជក, ការរង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស, ការរង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម ទៅធ្វើជា​កម្មករ​លើ​ទូក​នេសាទ, ការរង​គ្រោះ​ដោយ​ការបោក​បញ្ឆោត​យកទៅ​រៀបការ​ជាមួយ​ជនបរទេស, ការរង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​ផ្លូវភេទ និង ការលំបាក​ក្នុង​ការងារ តាម​ហាង និង​តាម​ផ្ទះ ជាដើម។ ក្រៅពីនេះ ពលករ-ពល​ការិនី​ខ្មែរ​ខ្លះទៀត ក៏បាន​ជួប​ការលំបាក ដោយសារតែ​ទៅ​រស់នៅ និង ធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ខុសច្បាប់ ផងដែរ។  
 
កន្លងមក ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ ដើម្បី​ចៀសវាង ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន។
 
សូម​រម្លឹកថា ពលករ​ខ្មែរ ប្រមាណ៦០០នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ២០១៥ ៕
 
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com