English-Français
សេដ្ឋកិច្ច
តើអាជីពអ្វីខ្លះត្រូវការជំនាញទន់ច្រើនជាងជំនាញរឹង និងបញ្ច្រាសមកវិញ?
× ភ្នំពេញ៖ ចំណេះដឹងជំនាញរឹង និងជំនាញទន់ បាន និងកំពុងត្រូវបានអ្នកជំនាញលើកយកមកពិភាក្សា ជជែក និងបង្រៀនកាន់តែច្រើនឡើងនៅក្នុងសង្គមខ្មែរ។ កាលពីពេលមុន ចំណេះដឹងជំនាញទន់ មិនសូវត្រូវបានគេយកចិត្តទុកដាក់ទេ។ ជំនាញរឹង គឺជាចំណេះដឹងជំនាញ ដូចជា វិស្វករ រៀនសាងសង់ផ្ទះ ឬសាងសង់ផ្លូវ។ ស្ថាបត្យករ រៀនគូរប្លង់ជាដើម។
រីឯ ជំនាញទន់វិញ គឺជាជំនាញទំនាក់ទំនង របៀបនិយាយស្តី ឥរិយាបទ បុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ។ល។ បុគ្គលម្នាក់ដែលអាចជោគជ័យនៅកន្លែងធ្វើការបាន ត្រូវមានជំនាញទន់ និងជំនាញរឹងក្នុងកម្រិតប្រហាក់ប្រហែលគ្នា។ នៅក្នុងអាជីពការងារខ្លះ គេត្រូវការជំនាញទន់តិចជាងជំនាញរឹង តែអាជីពខ្លះទៀត គេត្រូវការជំនាញទន់ច្រើនជាងជំនាញរឹង។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ និងកញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍ ជាភាសាអង់ញគ្លេសដូចតទៅ៖
សូមស្តាប់សំឡេងជាភាសា អង់គ្លេស
ដោយមើលឃើញពីតម្រូវការចាំបាច់ពីទីផ្សារការងារ និងកង្វះខាតចំណេះដឹងផ្នែកជំនាញទន់ កញ្ញា Martalia Lo ស្ថាបនិក និងនាយិកាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍សម្រេចចិត្តបើកសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទេសចរណ៍។ សាលាបណ្តុះបណ្តាលនេះទើបបើកនៅក្នុងខែមករាឆ្នាំ២០១៧នេះដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមួយចំនួន និងការសិក្សាផ្នែកជំនាញទន់។
បើទោះបីជាមហាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាបានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងជំនាញវិជ្ជាជីវៈបានច្រើនហើយក៏ដោយក្តី ក៏កញ្ញា Martalia Lo នៅតែមើលឃើញថា ចំណេះដឹងជំនាញរឹង និងជំនាញទន់នៅក្នុងប្រទេសកម្ពុជានៅមានកម្រិតដែរ។ ដូច្នេះ កញ្ញាសម្រេចចិត្តបើកសាលាបណ្តុះបណ្តាលមួយនេះដើម្បីបំពេញបន្ថែមកង្វះខាតដែលនៅប្រឈម។
ជំនាញរឹងជារឿងមួយ តែអ្វីដែលកញ្ញាមើលឃើញ ហើយកញ្ញានៅមានក្តីកង្វល់នោះ គឺជំនាញទន់។ យុវជនខ្មែរមួយចំនួននៅមិនទាន់យល់ថា អ្វីទៅជាជំនាញទន់នោះទេ។ សម្រាប់កញ្ញា Martalia Lo ដើម្បីជោគជ័យនៅក្នុងការងារ ឬនៅក្នុងអាជីពនោះ បុគ្គលគ្រប់រូប ត្រូវមាន ឬត្រូវចេះជំនាញទន់ និងជំនាញរឹង។ បើមានជំនាញមួយ តែខ្វះជំនាញមួយទៀត ភាពជោគជ័យលើកិច្ចការអាចនៅលើផ្លូវវែងឆ្ងាយ។
នាយិការូបនេះបានលើកឧទាហរណ៍មកបញ្ជាក់ថា លោកអ្នកអាចមានចំណេះក្លាយជាវេជ្ជបណ្ឌិតបាន តែបើលោកអ្នកខ្វះជំនាញទន់ លោកអ្នកមិនអាចគ្រប់គ្រង ឬមិនអាចជោគជ័យក្នុងអាជីពបានឡើយ។ ឧទាហរណ៍មួយទៀត ដែលកញ្ញាលើកយកមកបង្ហាញដែរនោះ គឺ លោកអ្នកអាចក្លាយជាវិស្វករល្អបាន តែបើលោកអ្នកមិនចេះបញ្ចេញគំនិតបានល្អ គ្រប់គ្រងក្រុមការងារបានល្អ នោះគម្រោងរបស់អ្នកប្រឈមនឹងបរាជ័យ។
នៅក្នុងជំហររបស់នាយិកា Martalia Lo វាជាការលំបាកក្នុងការទទួលបានជោគជ័យណាស់ប្រសិនបើបុគ្គលខ្វះជំនាញទន់។ តែទោះជាយ៉ាងណាក៏ដោយ ក៏កញ្ញាបង្ហាញអាជីពមួយចំនួនដែលត្រូវការជំនាញរឹងច្រើន និងជំនាញទន់តិច ឬបញ្ច្រាសមកវិញ។ អាជីពដែលត្រូវការជំនាញទន់តិច គឺអាជីពជាអ្នកនិពន្ធ អ្នកវិទ្យាសាស្ត្រ។ អាជីពត្រូវការជំនាញទន់ច្រើន គឺអ្នកផ្តល់សេវាកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ ឬដូចជា អ្នកបម្រើការផ្នែកសេវាទីផ្សារ ឬអ្នកលក់។ល។
អាជីពដែលត្រូវការជំនាញទន់ និងជំនាញរឹងស្មើគ្នានោះ ជារួមមាន៖ វេជ្ជបណ្ឌិត ឬមេធាវី។ នៅទីបញ្ចប់ កញ្ញា Martalia Lo គិតថា ជំនាញរឹងអាចសិក្សាបានស្រួលជាងជំនាញទន់ ព្រោះការសិក្សាជំនាញទន់ត្រូវការពេលវេលាយូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com