ជាតិ
លោក នី ចរិយា នៅតែ​គ្រង​តួនាទី​អគ្គលេខាធិការរង គ​.​ជ​.​ប​
17, Jan 2017 , 4:02 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅតែ​ផ្ដល់​តួនាទី​អគ្គលេខាធិការរង គ​.​ជ​.​ប សម្រាប់​លោក នី ចរិយា ដដែល ។ នេះ​ជាការ​សម្រេច​របស់ គ​.​ជ​.​ប ។



​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​និយាយថា គជប នៅតែ​រក្សា​តំណែង​អគ្គលេខាធិការរង ជូន​លោក នី ចរិយា សម្រាប់​បំពេញការងារ​គាត់​វិញ ក្រោយពី​អតីតមន្ត្រី​អាដហុក​រូបនេះ អាច​នឹង​ត្រូវបាន​ដោះលែង​នៅពេល​ណាមួយ នា​ថ្ងៃ​ខាងមុខ​។​ការលើកឡើង​របស់លោក ហង្ស ពុទ្ធា ស្រប​ពេលដែល​គណបក្ស​នយោបាយ កំពុង​ចាប់ផ្ដើម​រក​ពេលវេលា​ជួបពិភាក្សា ក្នុង​ផ្លូវ​នយោបាយ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បានបញ្ជាក់​យ៉ាងខ្លី​ថា​៖«​បើ​មាន​ករណី​ដោះលែង​លោក នី ចរិយា មែន គ​.​ជ​.​ប នៅតែ​រក្សា​ជូន​គាត់ ហើយ​គាត់​អាចមក​បំពេញការងារ​បានជា​ធម្មតា​»​។​

​បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ ទោះជា​លោក នី ចរិយា កំពុង​ជាប់ឃុំ​ខ្លួន​ក្តី ប៉ុន្តែ​នៅ​ទទួលបាន​បៀរ​វត្ស​ប្រចាំខែ​សម្រាប់​តួនាទី​ជា​អគ្គលេខាធិការរង​នេះ​ដដែល ដោ​យគ​.​ជ​.​ប បាន​បើកប្រាក់​ជូន​គ្រួសារ​លោក នី ចរិយា ជា​រៀងរាល់ខែ​។

​សូមបញ្ជាក់ថា លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប រួមទាំង​មន្ត្រី​អាដហុក​ទាំង​បួនរូប លោក នី សុខា លោក ណៃ វ៉ង់​ដា លោក យី​សុខសាន្ត និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ អ្នក​ទាំង​ប្រាំ​នាក់ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ចប់​ការ​ស៊ើបសួរ តាំងពី​ថ្ងៃទី​៧ ខែធ្នូ​ឆ្នាំ​២០១៦ មកម្ល៉េះ​។ សម្រាប់​នីតិវិធី​បន្ត ចៅក្រម​ស៊ើបសួរ ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ​មួយ ដោយ​សម្រេច​ថា ត្រូវ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ឬក៏​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​។ យ៉ាងណា​រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ មិនទាន់​ចេញ​ដីកា​ដំណោះស្រាយ​នៅឡើយ​ទេ​៕


Tag:
 នី ចរិយា​
  ​គជប
© រក្សាសិទ្ធិដោយ thmeythmey.com