ជាតិ
នយោបាយជាតិ
ឧទ្ធរណ៍ ពន្យារពេល ប្រកាសដីកា លើសំណុំរឿងឯកឧត្តម សម រង្ស៊ី បរិហារកេរ្តិ៍ សម្តេច ហ៊ុន សែន លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ី បានផ្តល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយចាកចេញពីបន្ទប់សវនាការ
× ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៧ មករានេះ សាលាឧទ្ធរណ៍ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទសម្តេច ហ៊ុន សែន ថាទិញចំនួន like ក្លែងក្លាយ។ ក្រោយបញ្ចប់សវនាការ សាលាឧទ្ធរណ៍ សម្រេចលើកពេលប្រកាសសាលដីកា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឯណោះវិញ។
ការពន្យារពេលនេះ គឺដោយសាតែក្រុមប្រឹក្សានៃអង្គជំនុំជម្រះ ត្រូវការពេលវេលាឲ្យបានគ្រប់គ្រាន់ ដើម្បីពិចារណា មុននឹងប្រកាសសាលដីកា។ នេះបើតាមការប្រកាសរបស់ក្រុមប្រឹក្សានៃអង្គជំនុំជម្រះ នៅក្នុងបន្ទប់សវនាការ។
នៅក្នុងបន្ទាប់សវនាការ លោក សំ សុគង់ ដែលជាមេធាវីការពារក្តីឲ្យឯកឧត្តម សម រង្ស៊ី បានស្នើឲ្យអង្គជំនុំជម្រះ ទម្លាក់ការចោទប្រកាន់លើកូនក្តីរបស់ខ្លួន។ លោក សំ សុគង់ អះអាងថា ឯកឧត្តម សម រង្ស៊ី មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនោះទេ។
ឯកឧត្តម សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ត្រូវបានសាលាដំបូងរាជធានី
ភ្នំពេញ សម្រេចឲ្យចាញ់ក្តីក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈ» ដែលប្តឹងដោយលោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យឯកឧត្តម សម រង្ស៊ី បង់ប្រាក់ចំនួន១០លានរៀល ចូលរដ្ឋ និង១៥លានរៀល ឲ្យទៅដើមបណ្តឹង។ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ កាត់ក្តីបែបនេះ លោកមេធាវី សំ សុគង់ ក៏បន្តប្តឹងទៅឧទ្ទរណ៍។
កាលពីដើមខែមិនា ឆ្នាំ២០១៦ មេបក្សប្រឆាំង ដែលហ៊ុមព័ទ្ធដោយបណ្តឹងរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកថា សម្តេច ហ៊ុន សែន បានបញ្ជាមន្ត្រីក្រោមឱវាទ ឲ្យបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីយកទៅចុច like លើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ លោក សោម សឿន តំណាងឲ្យសម្តេច ហ៊ុន សែន បានយកសាររបស់ឯកឧត្តម សម រង្ស៊ី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក ធ្វើជាអង្គហេតុ ក្នុងការប្តឹង។
សូមបញ្ជាក់បន្តិចថា ក្រៅពីបណ្តឹងដែលត្រូវបានកាត់ក្តីរួច ឯកឧត្តម សម រង្ស៊ី នៅជាប់បណ្តឹងមួយចំនួនទៀត ដែលតុលាការ កំពុងតែដំណើរការ។ បើសរុបទាំងបណ្តឹងដែលកាត់ក្តីរួចរាល់ រួមទាំងបណ្តឹងដែលកំពុងដំណើរការ យ៉ាងហោចណាស់ ឯកឧត្តម សម រង្ស៊ី រងបណ្តឹងចំនួន៦ករណី នៅតុលាការ៕
Tag:
សម រង្ស៊ី
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com