ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរត្រូវទុកចន្លោះយ៉ាងតិច ១ម៉ែត្រ ពីយានយន្តដទៃ ពេលសុំជែង
× ភ្នំពេញ៖ មាត្រា ១៩ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី បានចែងតម្រូវឲ្យអ្នកបើកបរត្រូវទុកចន្លោះយ៉ាងតិច ១ម៉ែត្រ ពីយានយន្តដទៃ ពេលសុំបើកជែង។
មាត្រា ១៩ ដែលសមត្ថកិច្ចបានអនុវត្តចាប់ពីដើមឆ្នាំ ២០១៦មក បានតម្រូវឲ្យ អ្នកបើកបរយាន ជំនិះគ្រប់ប្រភេទត្រូវជែងនៅខាងឆ្វេង។ ប៉ុន្តែ ករណីអ្នកបើកបរយានដែលត្រូវគេជែងនោះ បាន និងកំពុងធ្វើសញ្ញាប្តូរទិសខាងឆ្វេង ហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង អ្នកបើកបរអាចជែងទៅ ខាងស្តាំបាន។
មុនពេលជែង ច្បាប់បានចែងបញ្ជាក់ថា អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនឹងមិនបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។ ច្បាប់តម្រូវឲ្យអ្នកបើកបរត្រូវមើលឲ្យច្បាស់ថា គ្មានឧបសគ្គនៅខាងមុខ ហើយគេអាចបើកបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាន នៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ។ ម្យ៉ាងទៀត អ្នកបើកបរត្រូវប្រាកដ ថា អ្នកបើកបរយានយន្តនៅខាងក្រោយ និងមុខ បានដឹងអំពីការសុំជែងត្រឹមត្រូវ។
មាត្រាខាងលើ បញ្ជាក់ទៀតថា អ្នកបើកបរត្រូវប្រាកដថា អ្នកបើកបរយានជំនិះដទៃដែលស្ថិតនៅពីមុខ និងក្រោយខ្លួន ពុំចាប់ផ្តើមសុំជែងយានផ្សេងទៀតទេ។ ករណីដឹងមុនថា យានខាងក្រោយសុំជែងនោះ អ្នកបើកបរយានខាងមុខ ត្រូវពិនិត្យចំណែកផ្លូវដែលគ្មានឧបសគ្គខាងមុខ ហើយគេត្រូវឲ្យសញ្ញាប្តូរទិសមកខាងស្តាំ ឬលើកដៃឆ្វេងឡើងលើបត់ទៅស្តាំរួច គេត្រូវបន្ថយល្បឿនអែមខាងស្តាំ ដើម្បីឲ្យសញ្ញាអ្នកបើកបរខាងក្រោយដែលសុំជែងដឹងថា គេអាចជែងបាន។
ប៉ុន្តែ ករណីអ្នកបើកបរយានខាងមុខ ពិនិត្យឃើញចំណែកផ្លូវខាងមុខ មិនទំនេរ ឬមានឧបសគ្គនោះ គេត្រូវធ្វើសញ្ញាប្តូរទិសខាងឆ្វេង ឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅខាងក្រៅដែលជា សញ្ញាឲ្យដឹងថា គេពុំទាន់អាចជែងបានទេ។
«អ្នកបើកបរត្រូវដឹងច្បាស់ថា ល្បឿនសមាមាត្ររវាងយានទាំងពីរ អាចឲ្យជែងក្នុងរយៈពេលខ្លី បំផុតបាន»។ នេះបើតាមមាត្រា ១៩ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក មុនហចែងបញ្ជាក់បន្ថែមថា អ្នកបើកបរ ត្រូវឲ្យសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆ្វេង តែករណីចាំបាច់គេត្រូវ ប្រើភ្លើងកូតហ្វាឆ្លាស់គ្នា នៅពេលយប់ ឬប្រើស៊ីផ្លេ នៅពេលថ្ងៃបន្ថែមទៀត លើកលែងការហាមឃាត់ប្រើប្រាស់ស៊ីផ្លេសុំដែង ក្នុងទីប្រជុំជន៕
© រក្សាសិទ្ធិដោយ thmeythmey.com