ជាតិ
នយោបាយជាតិ
CPP ឆ្ពោះទៅលុបតំណែងឯកឧត្តម កឹម សុខា ខណៈ CNRP សោកស្តាយ សម្តេច ស ខេង (ឆ្វេង) និងឯកឧត្តម កឹម សុខា ពេលដឹកនាំការសន្ទនាកន្លងមក
× នៅព្រឹកថ្ងៃទី២៣មករានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាការស្នើវិសោធនកម្មប្រការ៤៨ថ្មី (៣) របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៥០រូប។ គឺជាការស្នើវិសោធនកម្មប្រការ៤៨ថ្មី (៣) ដែលឈានទៅលុបចោល តួនាទីប្រធានក្រុមតំណាងរាស្ត្រ ប្រធានក្រុមមតិភាគតិច និងឋានៈរបស់ប្រធានក្រុមមតិភាគតិចដែលស្មើនាយករដ្ឋមន្ត្រីជាដើម។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនយល់ស្របចំពោះការស្នើវិសោធនកម្មប្រការ៤៨ថ្មី(៣)នេះឡើយ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តប្រគល់សេចក្តីស្នើវិសោធនកម្មប្រការ៤៨ថ្មី (៣) របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទៅឲ្យគណៈកម្មការនីតិកម្មសិក្សា មុននឹងសេចក្តីស្នើវិសោធនកម្មនេះ ត្រូវដាក់ជារបៀបវារៈនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញនៅថ្ងៃទី៣១ខែមករានេះ។
ការស្នើវិសោធនកម្មប្រការ៤៨ថ្មី(៣)របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការណ៍ពីបំណងយ៉ាងដូច្នេះ។ ប្រការ៤៨ (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលចែងអំពីតួនាទីប្រធានក្រុមតំណាងរាស្ត្រផង និងប្រធានក្រុមមតិភាគតិចដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីនោះ ហើយដែលត្រូវបានអនុវត្តដោយគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជាកាន់អំណាចធុញទ្រាន់។ មេដឹកនាំគណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្រើតួនាទីដែលមានចែងក្នុងប្រកាស៤៨ថ្មី(៣)នេះ ដើម្បីស្នើសុំឲ្យមានការដោះលែងអ្នកទោស។
លោក ឈាង វុន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជានៅរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍យ៉ាងដូច្នេះ៖«ការអនុវត្តប្រការ៤៨ថ្មី (៣) មិនបានត្រឹមត្រូវតាមគោលការណ៍ ទើបតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាស្នើលុបចោលបែបនេះ»។
លោក ឈាង វុន បានទម្លាក់កំហុសឲ្យគណបក្សសង្គ្រោះជាតិថា ព្យាយាមប្រើយន្តការនេះដើម្បីសុំចរចាឲ្យដោះលែងអ្នកទោស ដែលវាជាការរំលោភបំពានដល់អំណាចតុលាការ។ លើសពីនេះទៀត លោក ថែមទាំងចោទគណបក្សសង្គ្រោះជាតិថា មិនមានភាពស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តប្រការខាងលើ។
លោក ឈាង វុន រៀបរាប់បែបនេះថា៖«រាល់ពេលចង់ជជែកគ្នា រាល់ពេលដាក់ថ្ងៃជួបគ្នា (គណបក្សសង្គ្រោះជាតិ) តែងតែស្នើឲ្យមានរបៀបវារៈ ក្រៅសង្វៀង គឺការដោះលែងអ្នកទោស។ យើងចេះតែគិតថា យន្តការនេះ មិនមែនជាយន្តការសម្រាប់ដោះលែងអ្នកទោសទេ។ វា ជាយន្តការសម្រាប់ពិភាក្សាគ្នា ជាយន្តការសម្រាប់បម្រើវប្បធម៌សន្ទនា ដោះស្រាយបញ្ហាជាតិជាធំ ដែលយើងចង់បាន»។
ទាក់ទងនឹងការកែប្រែប្រការ៤៨ថ្មី(៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទំនងជាអាចត្រឡប់ទៅអនុម័តប្រការ៤៨ថ្មី(២)វិញ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយយ៉ាងដូច្នេះរួចហើយ។ តាមរយៈសារព័ត៌មាន Fresh News សម្តេច បានបញ្ជាក់ថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វាដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះយើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ)នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ»។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរដ្ឋសភាពីគណបក្សសង្គ្រោះជាតិ មិនបានឆ្លើយតបនឹងលោក ឈាង វុន ដែលចោទគណបក្សសង្គ្រោះជាតិថាមិនស្មោះត្រង់ក្នុងការសន្ទនា ជាមួយគ្នា នោះទេ។ លោកនិយាយយ៉ាងខ្លីថា ការចោទប្រកាន់នេះ ទុកឲ្យមហាជនជាអ្នកវិនិច្ឆ័យទៅចុះ។
ចំពោះការលុបចោលប្រការ ៤៨ ថ្មី (៣) គណបក្សសង្គ្រោះជាតិ មិនគាំទ្រនោះទេ។ នេះជាការបញ្ជាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ ដដែល។ លោក យ៉ែម បុញ្ញឫទ្ធិ បកស្រាយថា វានឹងមានការលំបាក ដើម្បីនាំទៅរកការចរចារវាងបក្សកាន់អំណាច និងបក្សប្រឆាំង នៅពេលដែលប្រការ៤៨ថ្មី(៣) នឹងត្រូវលុបចោលនោះ។
លោក យ៉ែម បុញ្ញឫទ្ធិ និយាយដូច្នេះថា៖«(ពេលលុបចេញ) បានន័យថា នៅក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងលែង មានប្រការណាមួយ ដែលទទួលស្គាល់ថា មានមតិភាគតិច និងមតិភាគច្រើន ទៀតហើយ។ ការតស៊ូមតិ គេតែងតែមានតំណាង ទៅជជែកគ្នា ដើម្បីប្រសិទ្ធភាពការងារ។ យើងសោកស្តាយ ដែលមកដល់ថ្ងៃនេះ យើងដើរថយក្រោយវិញ»។
លោក សូ ចន្ថា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា ដោយសារតែរដ្ឋសភា ដែលជាស្ថាប័នកំពូលសម្រាប់បង្កើតច្បាប់ មិនមានភាពរឹងមាំ និងជំហរច្បាស់លាស់ ទើបបណ្តាលឲ្យអ្នកនយោបាយ អាចផ្លាស់ប្តូរបទបញ្ជាផ្ទៃក្នុង ឬក៏គោលការណ៍ណាមួយ បានយ៉ាងងាយបែបនេះ។
អ្នកវិភាគដដែលបញ្ជាក់យ៉ាងដូច្នេះ៖«រដ្ឋសភា ហាក់គ្មានតម្លៃ។ ដល់ពេលចង់ដាក់ ក៏ដាក់ ហើយចង់ដកក៏ដក។ វា ធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទំនុកចិត្តលើស្ថានប័នរដ្ឋ»។
© រក្សាសិទ្ធិដោយ thmeythmey.com