ជាតិ
​គ្រួសារ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ និង​ទៅ​នាយករដ្ឋមន្ត្រី​
24, Jan 2017 , 10:09 am        
រូបភាព
​ភ្នំពេញ​៖ គ្រួសារ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដែល​កំពុង​ជាប់ពន្ធនាគារ បាន​ស្វែងរក​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី​។ ពួកគេ បាន​យក​ញត្តិ ទៅ​ដា​ក់នៅ​ខុទ្ទកាល័យ សម្តេច ហ៊ុន សែន និង​បន្ត​ដង្ហែ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​



​នៅ​ព្រឹក​ថ្ងៃទី​២៤ មករា​នេះ គ្រួសារ​មន្ត្រី​អាដហុក​ទាំង​បួនរូប និង​មន្ត្រី​គ​.​ជ​.​ប​មួយរូប បាននាំគ្នា​ដង្ហែ​ញ្ញ​តិ ដាក់ជូន​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់​ខុ​ទ្ធ​កាល័យ ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​មន្ត្រី​ខាងលើ  ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារ​រឿងអាស្រូវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ឹង សែន​ករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក ។​

​លោក ស៊ឹង សែន​ករុណា បន្ថែមទៀតថា ក្រោយ​ចាក​ចេញពី​ខុ​ទ្ធ​កាល័យ​សម្តេច ហ៊ុន សែន រួចហើយ ក្រុមគ្រួសារ​ទាំងនោះ នឹង​បន្ត​ដង្ហែ​ញត្តិ​មួយ​ផ្សេងទៀត ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ក្នុង​គោលបំណង​ដដែល​។​

​លោក បាន​និយាយថា ការសម្រេចចិត្តស្វែងរកអន្តរាគមន៍នេះ គឺ​ដោយសារតែ​ពួកគេ ទន្ទឹងរង់ចាំ​អស់​រយៈពេល​យូរ​មកហើយ ក្នុងការ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ប៉ុន្តែ​រហូតមកដល់​ពេ​នេះ​នៅតែ​មិនទាន់​សញ្ញា​វិជ្ជមាន​ណាមួយ​នោះទេ​។  មន្ត្រីជាន់ខ្ពស់​រូបនេះ​បញ្ជាក់ថា​៖«​ពួកគាត់ យល់ថា វា ខុស​ទាស់​អ្វី​ទេ គ្រាន់តែ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ជួយ ព្រោះ​គាត់ ជា​ប្រមុខ​រដ្ឋាភិបាល ដែល​អាច​រក​យុត្តិធម៌​ដល់​ពួកគាត់​បាន​»​។​

​សូមបញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​បួនរូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​គ​.​ជ​.​ប​មួយរូប បាន​ជាប់ពន្ធនាគារ​តាំង​ដើមខែ​ឧសភា ឆ្នាំ​២០១៦​មកម្ល៉េះ ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការរកឃើញរ​បស់​តុលាការ អ្នក​ទាំង​ប្រាំ​ខាងលើ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​៕



Tag:
 អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com