ជាតិ
រយៈពេល​បី​ឆ្នាំ អំពើពុករលួយ​នៅ​កម្ពុជា មិន​ត្រូវបាន​កាត់បន្ថយ
26, Jan 2017 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា នៅតែមាន​សភាព​ធ្ងន់ធ្ងរ​ដដែល​។ តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច អះអាងថា រដ្ឋាភិបាល នឹង​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​អំពើពុករលួយ នៅក្នុង​វិស័យ​នានា​។


 
​តាម​ការវាយតម្លៃ​រប​ស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែលមាន​ទីតាំងនៅ​ប្រទេស​អាលឺម៉ង់ អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា នៅ​មិនទាន់​ត្រូវបាន​កាត់បន្ថយ​នោះទេ ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០១៦​។ អំពើពុករលួយ ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ រកឃើញ គឺ​សំដៅ​តែ​ទៅលើ​អំពើពុករលួយ ដែល​កើតឡើង​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ និង​អំពើពុករលួយ​ផ្នែក​នយោបាយ ប៉ុណ្ណោះ​។​

​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧  អង្គការ​តម្លាភាព​អន្តរជាតិ បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ ទាក់ទង​នឹង​ស​ន្ទ​ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ក្នុងប្រទេស​នានា​លើ​ពិភពលោក​។ របាយការណ៍​នោះ បញ្ជាក់ថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១៥៦ ផ្នែក​អំពើពុករលួយ  ក្នុងចំណោម​ប្រទេស​ចំនួន​១៧៦​។

​ការវាយតម្លៃ ពីស​ន្ទ​ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ គឺ​ប្រើ​ចំនួន​ពី លេខ ០ ទៅដល់ លេខ ១០០​។ ប្រទេស​ណា ដែល​ទទួលបាន​ពិន្ទុ​កាន់តែ​ខ្ពស់ ត្រូវបាន​សន្មត​ថា កម្រិត​នៃ​អំពើពុករលួយ​កាន់តែ​ទាប​។ ចំណែកឯ ប្រទេស​ណា ដែល​ទទួលបាន​ពិន្ទុ​កាន់តែ​ទាប ត្រូវបាន​សន្មត​ថា មាន​អំពើពុករលួយ កាន់តែ​ខ្ពស់​។ ទាំងនេះ​គឺជា​ការពន្យល់​របស់លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។ 

​ផ្អែកលើ​របាយការណ៍រ​បស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល លោក ព្រាប កុល លើកមកបង្ហាញ កម្ពុជា ទទួលបាន​ពិន្ទុ ត្រឹមតែ​២១ ប៉ុណ្ណោះ​។ ពិន្ទុ​២១ សម្រាប់​ស​ន្ទ​ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ក្នុង​ឆ្នាំ​២០១៦ ស្មើនឹង​ពិន្ទុ ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៤ ដែរ​។

​ពិន្ទុ​នេះ បញ្ជាក់ថា អំពើពុករលួយ​នៅ​កម្ពុជា នៅតែមាន​លក្ខណ​ធ្ងន់ធ្ងរ​ដដែល​។ បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា ទទួលបាន​ពិន្ទុ​ទាប​ជាងគេ ហើយ​វា បញ្ជាក់ថា ប្រទេស​កម្ពុជា ក៏មាន​អំពើពុករលួយ​ខ្លាំងជាងគេ​ដែរ​។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពីស​ន្ទ​ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៦ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​២៥ ខែមករា​ ឆ្នាំ២០១៧ លោក ព្រាប កុល បាន​និយាយថា មូលហេតុ ដែល​កម្ពុជា នៅតែ​ទទួលបាន​ពិន្ទុ​ទាប​បែបនេះ គឺ​ដោយសារតែ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា វិស័យ​យុត្តិធម៌​ជាដើម មិនទាន់​ត្រូវបាន​កែប្រែ ឬក៏​លុបបំបាត់​អំពើពុករលួយ គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ លោក បន្តថា ក្នុង​ឆ្នាំ​២០១៦​មកនេះ កម្ពុជា កាត់បន្ថយ​អំពើពុករលួយ បាន​តិចតួច​ប៉ុណ្ណោះ​។

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ការផ្តល់សេវា​តូចៗ ជា​សេវា​ចំ​បាច់​ជូន​ប្រជាពលរដ្ឋ ដូចជា ធ្វើ​អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ និង​អំពើពុករលួយ​ក្នុង​វិស័យ​ប៉ូ​លី​ចរាចរណ៍ ជាដើម មាន​ភាពល្អប្រសើរ​។ តែ​ទាំង​អស់ហ្នឹង វា​តិចតួច ក្នុង​គំនិត​របស់​អ្នកឯកទេស និង​អ្នកជំនាញ​។ គេ ចង់ឃើញ​ការផ្លាស់ប្តូរ​ជា​គន្លឹះ​ធំៗ ដូចជា បញ្ហា​ឯករាជភាព​នៃ​ប្រព័ន្ធយុត្តិធម៌ ឯករាជភាព​នៃ​ស្ថាប័ន​ជាតិ​សំខាន់ៗ ដែល​ដឹកនាំ​ការ​ប្រឆាំងនឹង​អំពើពុករលួយ​។ ការបង្កើត​ច្បាប់​សំខាន់ៗ​ជា​គន្លឹះ ដែល​ត្រូវការ​បន្ទាន់ ដូចជា​ច្បាប់ សិទ្ធិ​ទទួល​ព័ត៌មាន ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ ហើយ​និង​បញ្ហា​គ្រួសារ បក្សពួកនិយម ដែលមាន​ទំនាស់​ផលប្រយោជន៍​នៅក្នុង​រឿង​ហ្នឹង​។ អ៊ីចឹង វា ទាល់តែ​មានការ​កែប្រែ​គ​ន្លឹះ​បែប​ហ្នឹង បាន​អាច​ទៅ​ដូរ ការយល់ឃើញ​របស់​អ្នកឯកទេស​ទាំងនោះ​បាន​»​។​

​លោក ចេ​វ គឹម​ហេង តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​នោះ បាន​លើកឡើងថា ការដាក់​ពិន្ទុ​នេះ គឺធ្វើឡើង​ដោយ​អ្នកជំនាញ និង​មាន​លក្ខណ​វិទ្យាសាស្ត្រ ដូច្នេះ លោក មិន​បដិសេធថា ខុសពី​ពិត​នោះទេ​។ យ៉ាងណា លោក ក៏​មិនទាន់​ទទួលស្គាល់ថា ការដាក់​ពិន្ទុ​នេះ មាន​សុក្រឹតភាព នោះដែរ​។

​តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ឲ្យ​ជាក់លាក់​នោះ មិន​ប្រាកដ​ទេ​។ ឲ្យ​ខ្ញុំ​ជឿ​ទាំងអស់​ក៏​មិនបាន ហើយ​មិន​ជឿ ក៏​វា មិនកើត​ដែរ ព្រោះថា​យើង ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​។ ស្រុក​ណា​ក៏មាន​អំពើពុករលួយ​ដែរ គ្រាន់តែ​តិច​និង​ច្រើន​ប៉ុណ្ណោះ​»​។​

​លោក ចេ​វ គឹម​ហេង បន្តទៀតថា កន្លងមក រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​កាត់បន្ថយ​អំពើពុករលួយ នៅក្នុង​វិស័យ​នានា តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ និង​កំណែទម្រង់​គោលនយោបាយ​ផ្សេងៗ​។ ប៉ុន្តែ លោក អះអាងថា ការអនុវត្ត​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​អំពើពុករលួយ គឺ​ត្រូវការ​ពេលវេលា​។

​លោក ចេង គឹម​ហេង និយាយថា​៖«​បើ​ថា​ស្អែក​ប្រឹប សម្អាត​អំពើពុករលួយ​ទាំងអស់​តែម្តង វា មិនកើត​ទេ​។ បើ​យើង ដាំ​ដើមឈើ ក៏​វា ត្រូវការ​រយៈពេល​យូរ​ដែរ​» ។

​យ៉ាងណា លោក ចេ​វ គឹម​ហេង នៅតែ​ទទួលស្គាល់ថា ការរកឃើញ​នេះ គឺជា​និ​ន្ន​ន័យ​ដ៏​សំខាន់​មួយ ដែល​រដ្ឋាភិបាល អាច​នឹង​យកទៅ​សិក្សា​និង​ពិចារណា ដើម្បី​ធ្វើយ៉ាងណា​បង្កើត​យន្តការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​កាត់បន្ថយ​អំពើពុករលួយ​នៅ​កម្ពុជា​៕


Tag:
 អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com