ជាតិ
សង្គមជាតិ
ទោះជនខិលខូចលួចចូលបំផ្លាញតែទីសក្ការៈយាយទេពនៅតែស័ក្តិសិទ្ធិ
× សៀមរាប៖ នៅយប់ម៉ោងជាង១១យប់ ថ្ងៃទី២៤ មករា ឆ្នាំ២០១៧ ទីសក្ការៈលោកយាយទេព ដែលត្រូវបានមហាជនទូទៅគោរពបូជានោះ ត្រូវជនមិនស្គាល់មុខ មានបំណងលួចបំផ្លាញ។ រូបសំណាក់នោះ រងការបាក់បែកនៅត្រង់ក និងខ្ទង់ច្រមុះរបស់លោកយាយទេព ត្រូវដាច់ចេញពីតួរូប។
អ្នកស្រី អ៊ួក ដែលនៅមើលការខុសត្រូវនៅទីសក្ការលោកយាយទេពជាង១០ឆ្នាំមកនេះ អ្នកស្រីបានយោងតាមបញ្ជាក់ពីអាជ្ញាធរថា គឺមានក្មេងវិកលចារិតម្នាក់ បានជិះកង់សំដៅទីលោកយាយទេព និងបានយកខ្សែក្រាវ៉ាត់ វាយសំដៅនៅទីនោះតែម្តង។ អ្នកស្រី អ៊ួក បន្ថែមថា ហេតុការណ៍នេះបានកើតឡើងក្រោយពេលអ្នកស្រីត្រឡប់ទៅផ្ទះ ហើយអ្នកដែលបានឃើញហេតុការណ៍ ក៏បានស្រែកបង្អើលទៅកាន់ក្មេងវិកលចារិតនោះភ្លាមៗផងដែរ។
យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់អ្នកស្រី អ៊ួក នេះមិនមែនលើកដំបូងទេ ដែលទីសក្ការៈលោកយាយទេព ត្រូវគេរំខាន តែទីនេះនៅតែមានអ្នកមកគោរពជាហូរហែរ ព្រោះគេជឿលើភាពស័ក្តិសិទ្ធិរបស់លោកយាយ។ សម្រាប់ថ្ងៃធម្មតា មានមនុស្សពី១០០ទៅ២០០នាក់ ដែលបានចូលទៅគោរព និងបន់ស្រន់នៅរូបសំណាក់លោកយាយទេព ចំណែកថ្ងៃបុណ្យទានវិញ គឺចំនួននេះមានពី៤០០នាក់ ទៅ៥០០នាក់។ នេះបើតាមការបញ្ជាក់ពីអ្នកមើលថែទាំរូបសំណាក់លោកយាយទេព៕
ទស្សនាវីដេអូ៖
© រក្សាសិទ្ធិដោយ thmeythmey.com