ជាតិ
ការ​លុប​តំណែង ឯ​.​ឧ កឹម សុខា នាំ​ឲ្យ​បាត់​តំណែង​សម្តេច ស ខេង ដែរ​
26, Jan 2017 , 10:59 pm         20643
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​លុប​តួនាទី ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ ចេញពី​បទបញ្ជាផ្ទៃក្នុង​។ បច្ចុប្បន្ន សម្តេច ស ខេង គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឯកឧត្តម កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។


​នៅ​ព្រឹក​ថ្ងៃទី ២៦ មករា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ជុំវិញ​ការធ្វើ​វិសោធនកម្ម លើ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ត្រង់​ប្រការ​៤៨​ថ្មី (​បី​) ដែល​ចែង​ពី​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍ សម្រេច​លុប​តួនាទី​ទាំងនេះ ចេញពី​ប្រការ​៤៨​ថ្មី (​បី​) ហើយ​គ្រោង​ដាក់ជូន​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​អនុម័ត​ជា​ផ្លូវការ​។ តាម​ការកំណត់​ក្នុង​កិច្ចប្រជុំ​ខាងលើ រដ្ឋសភា នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០១៧ ។

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​នេះ មានតែ​លោក ហូរ វ៉ាន់ គឺជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ពិភាក្សា ជាមួយនឹង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នឹងត្រូវ​លុបចោល​។  លោក អះអាងថា ប្រការ​៤៨​ថ្មី (​បួន​) ដែល​គ្រោង​អនុម័ត គឺជា​ខ្លឹមសារ​ដើម​ទាំងស្រុង​ក្នុង​ប្រការ​៤៨​ថ្មី (​ពីរ​)  ដែល​រដ្ឋសភា​ធ្លាប់​អនុវត្ត កាលពី​មិនទាន់មាន​ប្រការ ៤៨​ថ្មី (​បី​)​។

​ប្រសិនបើ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​នាពេលខាងមុខ ពិតជា​អនុម័ត ដូច​អ្វីដែល លោក ឈាង វុន បានលើកឡើង​មែន​នោះ តួនាទី​របស់​ឯកឧត្តម កឹម សុខា រួមទាំង​តួនាទី​របស់​សម្តេច ស ខេង នឹងត្រូវ​បាត់បង់​ទាំងអស់គ្នា​។ លោក ឈាង វុន ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បញ្ជាក់​បែបនេះ​ថា​៖« «​សភា​យើង មានតែ​ពីរ​បក្ស​។ អ៊ីចឹង​ហើយ មិនមែន​លុប​តែមួយ​ទេ​។ បើកាលណា​លុប​តែមួយ បានន័យថា យើង​ធ្វើ​ផ្តេសផ្តាស​ហើយ​»​។

​បច្ចុប្បន្ននេះ ឯកឧត្តម កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លើសពីនេះ ឯកឧត្តម កឹម សុខា ថែមទាំង មាន​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ទៀតផង​។ ចំណែកឯ សម្តេច ស ខេង គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។

​បើតាម​លោក ឈាង វុន មូល​ហេតុដែល​តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច ស្នើ​ឲ្យ​លុប​តួនាទី​ទាំងនេះ​ចេញ គឺ​ដោយសារតែ​បក្សប្រឆាំង អនុវត្ត​មិនបាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍ ដូចជា​សុំ​ចរចា​ឲ្យ​ដោះលែង​អ្នកទោស​ជាដើម​។ លោក ឈាង វុន ថែមទាំង​ចោទ​បក្សប្រឆាំង​ទៀតថា មិនមាន​ភាពស្មោះត្រង់​ក្នុងការ​បំពេញការងា​ជាមួយនឹង​បក្ស​កាន់អំណាច​។​

​លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្តែង​ការសោកស្តាយ ដែល​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​រដ្ឋសភា ធ្វើ​វិ​សោធ​កម្ម​លើ​ប្រការ ៤៨​ថ្មី (​បី​)​។ លោក យល់ថា ប្រការនេះ មាន​លក្ខណៈ​ល្អប្រសើរ ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ងាយស្រួល ក្នុង​ការជួបពិភាក្សាគ្នា ទាក់ទង​នឹង​បញ្ហា​ប្រទេសជាតិ​។

​លោក ហូរ វ៉ាន់ និយាយ​ផ្ទុយ​មកវិញ​ថា ប្រសិនបើ​ប្រការនេះ ត្រូវបាន​កែប្រែ​មែន​នោះ វា នឹងមាន​ផលវិបាក​ក្នុងការ​ឆ្ពោះទៅរក​ការចរចា​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​។ «​យើង​ចង់​រក្សា​នូវ​ប្រការនេះ ព្រោះ​យើង​ឃើញថា ប្រការនេះ មាន​ខ្លឹមសារ​ល្អ មាន​អត្ថន័យ​ល្អ ហើយ​ជា​យន្តការ​មួយ សម្រាប់​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា អាច​ជជែក​គ្នា​បាន ពី​ផលប្រយោជន៍​ជាតិ ក៏ដូចជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​»​។  លោក ហូរ វ៉ាន់ បញ្ជាក់​ដូច្នេះហើយ ក៏​បន្ថែម​យ៉ាងនេះ​ទៀតថា​៖« វា ជា​ច្បាប់​មួយ ដែល​ជួយ​ឲ្យ​ដំណើរ​ការល្អ​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ហើយក៏​ឲ្យ​ដំណើការ​ល្អ​នូវ​ទំនាក់ទំនង រវាង​គណបក្ស និង​គណបក្ស​ដែរ​។ អ៊ីចឹង ខ្ញុំ​មានការ​សោកស្តាយ​ណាស់​។ ខ្ញុំ​អត់​ចង់ ឲ្យ​ធ្វើ​វិ​សោធ​កម្ម ឬ​លុប​ប្រការ ៨៤​ថ្មី (​បី​) ចោល​ទេ​»​។

​ប្រកាស​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង បាន​ចែងថា គណបក្សនយោបាយ ដែល​អាសនៈ​ចាប់ពី​៥ ភាគរយ​ឡើងទៅ អាចបង្កើត​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ ដែលមាន​ប្រធាន​១​រូប ដែល​ហៅថា «​ប្រធាន​ក្រុមតំណាងរាស្ត្រ​»​។ ប្រកាស​នេះ ថែមទាំង​សរសេរ​ពី «​ប្រធាន​ក្រុម​មតិ​ភាគតិច​» ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ថែមទៀត​។

​ប្រការ​ដដែល បាន​កំណត់ថា ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ​ចាប់ពី​២៥​ភាគរយ ឡើងទៅ នឹង​ក្លាយជា​ប្រធាន​ក្រុម​មតិ​ភាគតិច ហើយ​ជា​ដៃគូ​សន្ទនា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល ពី​បញ្ហា​ប្រទេសជាតិ​។

​យ៉ាងណា ប្រការ​៤៨​ថ្មី (​បី​) នឹងត្រូវ​លុបចោល ហើយ​រដ្ឋសភា នឹង​ប្រើ​ប្រការ​៤៨​ថ្មី (​បួន​) ដែល​គ្រោង​អនុម័ត នៅពេល​ខាងមុខនេះ​។ ប្រការ​៤៨​ថ្មី (​បួន​) គឺ​ដកស្រង់​ពី​ខ្លឹមសារ​ទាំងស្រុង ក្នុង​ប្រការ​៤៨​ថ្មី (​ពីរ​) ដែល​រដ្ឋសភា ធ្លាប់ប្រើ​កាលពីមុន​។​

​ខ្លឹមសារ​នៃ​ប្រការ​៤៨​ថ្មី (​ពីរ​) បានសរសេរថា​៖«​អាស​នា​នុ​ក្រម នៃ​ក្រុមតំណាងរាស្ត្រ ត្រូវ​រៀបចំ​ជា​ក្រុមៗ តាម​គណបក្សនយោបាយ ពីមុខ​ទៅក្រោយ​។ ក្រុម​នីមួយៗ ត្រូវមាន​សមាជិក យ៉ាងតិច​១០​រូប​។ តំណាងរាស្ត្រ​១​រូប អាចជា​សមាជិក របស់​ក្រុម​តែ​១​ប៉ុណ្ណោះ​។ ក្រុម​នីមួយៗ​ត្រូវមាន​ប្រធាន​១​រូប និង​អនុប្រធាន​១​រូប​។ គណបក្សនយោបាយ​ណា មាន​អាសនៈ​តិច​១០ ត្រូវ​ជ្រើសរើស​ក្រុម​ណា​១ ដែល​ខ្លួន​ពេញចិត្ត​នៅ​ជាមួយ​។ [……] »​។​

​សូមបញ្ជាក់ថា ការធ្វើវិសោធកម្ម​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ សំណើរ​នេះ កើតឡើង​ក្រោយ​ការប្រកាស​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ការប្រកាស​របស់​សម្តេច ហ៊ុន សែន បានបង្ហាញ​ពី​គោលបំណង​ក្នុងការ​លុប​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next