ជាតិ
ការលុបតំណែង ឯ.ឧ កឹម សុខា នាំឲ្យបាត់តំណែងសម្តេច ស ខេង ដែរ
× ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ រដ្ឋសភា នឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីលុបតួនាទី ជាប្រធានក្រុមតំណាងរាស្ត្រ ចេញពីបទបញ្ជាផ្ទៃក្នុង។ បច្ចុប្បន្ន សម្តេច ស ខេង គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃទី ២៦ មករា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំជាលើកទីពីរ ជុំវិញការធ្វើវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ប្រការ៤៨ថ្មី (បី) ដែលចែងពីតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិច។ គណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចលុបតួនាទីទាំងនេះ ចេញពីប្រការ៤៨ថ្មី (បី) ហើយគ្រោងដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីអនុម័តជាផ្លូវការ។ តាមការកំណត់ក្នុងកិច្ចប្រជុំខាងលើ រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នាព្រឹកនេះ មានតែលោក ហូរ វ៉ាន់ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិម្នាក់ប៉ុណ្ណោះ ដែលបានចូលរួមពិភាក្សា ជាមួយនឹងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ពីគណបក្សប្រជាជនកម្ពុជា។
ក្រោយចាកចេញពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ពីគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងត្រូវលុបចោល។ លោក អះអាងថា ប្រការ៤៨ថ្មី (បួន) ដែលគ្រោងអនុម័ត គឺជាខ្លឹមសារដើមទាំងស្រុងក្នុងប្រការ៤៨ថ្មី (ពីរ) ដែលរដ្ឋសភាធ្លាប់អនុវត្ត កាលពីមិនទាន់មានប្រការ ៤៨ថ្មី (បី)។
ប្រសិនបើកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ ពិតជាអនុម័ត ដូចអ្វីដែល លោក ឈាង វុន បានលើកឡើងមែននោះ តួនាទីរបស់ឯកឧត្តម កឹម សុខា រួមទាំងតួនាទីរបស់សម្តេច ស ខេង នឹងត្រូវបាត់បង់ទាំងអស់គ្នា។ លោក ឈាង វុន ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជាក់បែបនេះថា៖« «សភាយើង មានតែពីរបក្ស។ អ៊ីចឹងហើយ មិនមែនលុបតែមួយទេ។ បើកាលណាលុបតែមួយ បានន័យថា យើងធ្វើផ្តេសផ្តាសហើយ»។
បច្ចុប្បន្ននេះ ឯកឧត្តម កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ។ លើសពីនេះ ឯកឧត្តម កឹម សុខា ថែមទាំង មានតួនាទីជាប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ទៀតផង។ ចំណែកឯ សម្តេច ស ខេង គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា។
បើតាមលោក ឈាង វុន មូលហេតុដែលតំណាងរាស្ត្រពីបក្សកាន់អំណាច ស្នើឲ្យលុបតួនាទីទាំងនេះចេញ គឺដោយសារតែបក្សប្រឆាំង អនុវត្តមិនបានត្រឹមត្រូវទៅតាមគោលការណ៍ ដូចជាសុំចរចាឲ្យដោះលែងអ្នកទោសជាដើម។ លោក ឈាង វុន ថែមទាំងចោទបក្សប្រឆាំងទៀតថា មិនមានភាពស្មោះត្រង់ក្នុងការបំពេញការងាជាមួយនឹងបក្សកាន់អំណាច។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ សម្តែងការសោកស្តាយ ដែលតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ស្នើឲ្យរដ្ឋសភា ធ្វើវិសោធកម្មលើប្រការ ៤៨ថ្មី (បី)។ លោក យល់ថា ប្រការនេះ មានលក្ខណៈល្អប្រសើរ ដែលធ្វើឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង ងាយស្រួល ក្នុងការជួបពិភាក្សាគ្នា ទាក់ទងនឹងបញ្ហាប្រទេសជាតិ។
លោក ហូរ វ៉ាន់ និយាយផ្ទុយមកវិញថា ប្រសិនបើប្រការនេះ ត្រូវបានកែប្រែមែននោះ វា នឹងមានផលវិបាកក្នុងការឆ្ពោះទៅរកការចរចារវាងបក្សកាន់អំណាចនិងបក្សប្រឆាំង។ «យើងចង់រក្សានូវប្រការនេះ ព្រោះយើងឃើញថា ប្រការនេះ មានខ្លឹមសារល្អ មានអត្ថន័យល្អ ហើយជាយន្តការមួយ សម្រាប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា អាចជជែកគ្នាបាន ពីផលប្រយោជន៍ជាតិ ក៏ដូចជាផលប្រយោជន៍ប្រជាពលរដ្ឋ»។ លោក ហូរ វ៉ាន់ បញ្ជាក់ដូច្នេះហើយ ក៏បន្ថែមយ៉ាងនេះទៀតថា៖« វា ជាច្បាប់មួយ ដែលជួយឲ្យដំណើរការល្អនូវគោលការណ៍ប្រជាធិបតេយ្យ ហើយក៏ឲ្យដំណើការល្អនូវទំនាក់ទំនង រវាងគណបក្ស និងគណបក្សដែរ។ អ៊ីចឹង ខ្ញុំមានការសោកស្តាយណាស់។ ខ្ញុំអត់ចង់ ឲ្យធ្វើវិសោធកម្ម ឬលុបប្រការ ៨៤ថ្មី (បី) ចោលទេ»។
ប្រកាស៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង បានចែងថា គណបក្សនយោបាយ ដែលអាសនៈចាប់ពី៥ ភាគរយឡើងទៅ អាចបង្កើតក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ដែលមានប្រធាន១រូប ដែលហៅថា «ប្រធានក្រុមតំណាងរាស្ត្រ»។ ប្រកាសនេះ ថែមទាំងសរសេរពី «ប្រធានក្រុមមតិភាគតិច» ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ថែមទៀត។
ប្រការដដែល បានកំណត់ថា ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សនយោបាយ ដែលមានអាសនៈចាប់ពី២៥ភាគរយ ឡើងទៅ នឹងក្លាយជាប្រធានក្រុមមតិភាគតិច ហើយជាដៃគូសន្ទនាជាមួយនឹងប្រមុខរដ្ឋាភិបាល ពីបញ្ហាប្រទេសជាតិ។
យ៉ាងណា ប្រការ៤៨ថ្មី (បី) នឹងត្រូវលុបចោល ហើយរដ្ឋសភា នឹងប្រើប្រការ៤៨ថ្មី (បួន) ដែលគ្រោងអនុម័ត នៅពេលខាងមុខនេះ។ ប្រការ៤៨ថ្មី (បួន) គឺដកស្រង់ពីខ្លឹមសារទាំងស្រុង ក្នុងប្រការ៤៨ថ្មី (ពីរ) ដែលរដ្ឋសភា ធ្លាប់ប្រើកាលពីមុន។
ខ្លឹមសារនៃប្រការ៤៨ថ្មី (ពីរ) បានសរសេរថា៖«អាសនានុក្រម នៃក្រុមតំណាងរាស្ត្រ ត្រូវរៀបចំជាក្រុមៗ តាមគណបក្សនយោបាយ ពីមុខទៅក្រោយ។ ក្រុមនីមួយៗ ត្រូវមានសមាជិក យ៉ាងតិច១០រូប។ តំណាងរាស្ត្រ១រូប អាចជាសមាជិក របស់ក្រុមតែ១ប៉ុណ្ណោះ។ ក្រុមនីមួយៗត្រូវមានប្រធាន១រូប និងអនុប្រធាន១រូប។ គណបក្សនយោបាយណា មានអាសនៈតិច១០ ត្រូវជ្រើសរើសក្រុមណា១ ដែលខ្លួនពេញចិត្តនៅជាមួយ។ [……] »។
សូមបញ្ជាក់ថា ការធ្វើវិសោធកម្មនេះ គឺធ្វើឡើងតាមសំណើរបស់តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា។ សំណើរនេះ កើតឡើងក្រោយការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ការប្រកាសរបស់សម្តេច ហ៊ុន សែន បានបង្ហាញពីគោលបំណងក្នុងការលុបតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com