ជាតិ
បក្ស​ពីរ រួបរួមគ្នា ដើម្បី​បង្ហាញ​គំរូ​សាមគ្គី ដល់​អ្នកនយោបាយ​នៅ​កម្ពុជា​
27, Jan 2017 , 7:14 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្សនយោបាយ​ចំនួន​ពីរ បាន​រំលាយ​ចូលគ្នា ទៅជា​គណបក្ស​តែមួយ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧​នេះ​។ មេបក្ស​ទាំងនោះ អះអាងថា ការរួបរួម​នេះ គឺជា​សញ្ញា​មួយ ដែល​បង្ហាញ​ពី​សាមគ្គីភាព​របស់​អ្នកនយោបាយ ដើម្បី​ធ្វើការ​ជា​មួ​យគ្នា ក្នុង​បុព្វហេតុ​ជាតិ​។ អ្នកនាំពាក្យ​ពី​គណបក្ស​ប្រជាជន​កម្ពុ​ជា សាទរ​ចំពោះ​ការរួបរួម​នេះ​។ ចំពោះ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​វិញ នៅតែ​យល់ថា ទោះបីជា​បក្ស​តូចៗ​រួមគ្នា​ក៏ពិតមែន តែ​មិនទាន់​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ នៅឡើយ​ទេ​។



 
​ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់ គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ របស់លោក ញ៉ែម វណ្ណ​ថន ក៏បាន​ច្របាច់​ប​ញ្ជូ​ល​គ្នា ទៅជា​គណបក្ស​តែមួយ​។ មេដឹកនាំ​ទាំងពីរ​ អះអាង​ដូចៗ​គ្នា​ថា ការរួបរួម​នេះ គឺ​ដើម្បី​បង្ហាញ​ពី​គំរូ​ល្អ ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនយោបាយ​ពី​គណបក្ស​ផ្សេងៗ​ទៀត ឲ្យ​ចេះ​ពិភាក្សា និង ធ្វើ​ការងារ​ជាមួយគ្នា ដោយ​ចៀសវាង​ការឈ្លោះទាស់ទែង ដើម្បី​ផលប្រយោជន៍​បក្សពួក​។ លើសពីនេះ ពួកគេ បានប្រកាសថា ការរួបរួម គឺ​កើតឡើង​ដោយសារតែ​មើលឃើញ​ផលប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ ជា​ចម្បង​។
  
​ក្រោយ​ក្លាយជា​បក្ស​តែមួយ លោក ពេជ្រ ស្រស់ ត្រូវបាន​ជ្រើសរើស ឲ្យ​ធ្វើជា​ប្រធាន ហើយ​លោក ញ៉ែម វណ្ណ​ថន ត្រូវបាន​ជ្រើសរើស ឲ្យ​ធ្វើជា​ប្រធានកិត្តិយស​។ គណបក្ស​ថ្មី ដែល​កើតឡើង​ពី​ការរួបរួម​នេះ មាន​អនុប្រធាន រហូតដល់​ទៅ​បីនាក់​។

​មេដឹកនាំ​ទាំងពីរ សម្រេច​យកឈ្មោះ​គណបក្ស​យុវជន​កម្ពុជា មក​ប្រើ​ជា​បណ្តោះអាសន្ន​សិន​។ ក្រោយ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ គណបក្ស​យុវជន​កម្ពុជា នឹងត្រូវ​ប្តូរ​ទៅជា​ឈ្មោះ​ផ្សេង​។ យ៉ាងណា ឈ្មោះ​សម្រាប់​គណបក្ស​ថ្មី​នេះ មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​ទេ​។

​លោក ពេជ្រ ស្រស់ បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា មូលហេតុ ដែល​នាំ​ឲ្យ​មានការ​រួបរួម ទៅជា​គណបក្ស​តែមួយ គឺ​ដោយសារតែ​គោលនយោបាយ​របស់​ពួកគេ មាន​លក្ខណ​ស្រដៀង​គ្នា​។ ជាងនេះទៀត លោក ពេជ្រ ស្រស់ ថែមទាំង និយាយថា រូបលោក និង​លោក ញ៉ែម វណ្ណ​ថន សុទ្ធតែជា​អ្នកនយោបាយ ដែលមាន​ឆន្ទៈ និង​ឧ​ត្ត​ម​គតិ ចំពោះ​ប្រទេសជាតិ​។

​ក្រៅពី​បញ្ជា​ក់នូវ​មូលហេតុ​និង​គោលបំណង​នៃ​ការរួបរួម លោក ពេជ្រ ស្រស់ ក៏​ឆ្លៀត​រិះគន់ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិនចេះ​សាមគ្គី​គ្នា ដើម្បី​ប្រយោជន៍​ជាតិ​។ លោក ​ថែមទាំងចោទថា រាល់​ការចរចា​រវាង​អ្នកនយោបាយ​នៃ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ​នេះ គឺ​តែងតែ​លេចឮ​ពី​ការចែក​អំណាច និង​តួនាទី ប៉ុន្តែ​ពួកគេ មិនបាន​ជជែក​គ្នា ដើម្បី​រក​ប្រយោជន៍​ប្រជាពលរដ្ឋ នោះទេ​។

​លោក ពេជ្រ ស្រស់ បន្តថា ការរួបរួម​នាពេលនេះ មិនមែន​ធ្វើ​ឲ្យ​តែ​ល្អមើល ឬក៏​ឲ្យ​តែ​ល្បី ឡើយ​។ អ្នកនយោបាយ​វ័យក្មេង​រូបនេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការរួបរួម​នេះ អត់​មាន​ចេតនា​កេងចំណេញ​នយោបាយ ពី​ប្រជាពលរដ្ឋ​ទេ​។ តែ វា ជាស​ញ្ញា ដែល​បញ្ជាក់ថា អ្នកនយោបាយ ចេះ​ពិភាក្សា និង​ធ្វើការ​ជាមួយគ្នា ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាពលរដ្ឋ​។ យើង ប្រកាស​គោលជំហរ​មួយ គឺ​ចេះ​ធ្វើការ​រួមគ្នា​រវាង​អ្នកនយោបាយ និង​ពង្រឹង​អ្នកនយោបាយ​ឲ្យ​ស្អាតស្អំ​ជាមុនសិន ហើយ​រឿង​គាំទ្រ មិន​គាំទ្រ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​»​។​

​ចំពោះ​មូលហេតុ​នៃ​ការរួបរួម លោក ញ៉ែម វណ្ណ​ថន ក៏​និយាយ​មិន​ខុសពី​លោក ពេជ្រ ស្រស់ ប៉ុន្មាន​ដែរ​។ លោក ញ៉ែម វណ្ណ​ថន បាន​សង្កត់ធ្ងន់ថា គណបក្ស​របស់លោក ដែល​កើតចេញពី​ការរួបរួម​នៅពេលនេះ មិនមែនជា​អាយ៉ង ឬក៏​ស្ថិតក្រោម​សម្ពាធ​របស់​គណបក្ស​ណាមួយ​ឡើយ​។

​ទាក់ទង​នឹង​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត លោក ញ៉ែម វណ្ណ​ថន សង្ឃឹមថា ការរួបរួម​គ្នា​ពេលនេះ នឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ លោក បានលើកឡើង​ពី​លក្ខណពិសេស​នៃ​គោលនយោបាយ រួមទាំង​គុណសម្បត្តិ​របស់ខ្លួន ដែល​ធ្លាប់​បម្រើ​ការងារ​សង្គម​ក្នុងនាម​ជាម​ន្ត្រី​ក្រៅ​រដ្ឋាភិបាល​កាលពីមុន ថា នឹង​អាច​ទាក់ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​លោក​។

​លោក បង្ហាញ​ពី​ក្តី​សង្ឃឹមថា​៖«​យើង​ធ្វើ​ការងារ​អ្វី​ក៏ដោយ យើង​តែងមាន​គោលបំណង​ជាក់លាក់​។ ប្រជាពលរដ្ឋ នឹង​មើលឃើញ ហើយនឹង​ផ្តល់នូវ​ការទុកចិត្ត ដល់​យើង​។ ដូច្នេះ សម្រាប់​ការបោះឆ្នោត​ថ្នាក់ ឃុំ​-​សង្កាត់ យើង​សង្ឃឹមថា នឹង​ទទួលបាន​អាសនៈ​ខ្លះ ជាពិសេស​ក្នុង​តំបន់​គោលដៅ ដែល​យើង បាន​ប្រាស្រ័យ​ជាមួយនឹង​ប្រជាពលរដ្ឋ​។ ចំពោះ​ការបោះឆ្នោត​តំណាងរាស្ត្រ យើង​ក៏​សង្ឃឹមថា អាចនឹងទទួល​បាន​អាសនៈ​ខ្លះ​ដែរ​។  យើង មិនមែន​ធ្វើ​ដោយ​អត់​សង្ឃឹម​ទេ​។ ប៉ុន្តែ គ្រាន់តែ​សង្ឃឹមថា បាន​ច្រើន​ឬក៏​តិច គឺ​វា អាស្រ័យ​លើ​ការយល់​របស់​ប្រជាពលរដ្ឋ​»​។​

​តាមពិតទៅ លោក ពេជ្រ ស្រស់ និង​លោក ញ៉ែម វណ្ណ​ថន សុទ្ធតែជា​អតីត​អ្នកគាំទ្រ​របស់​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ ដែលមាន​លោក ម៉ម សូណង់ដូ ជា​ប្រធាន​។ ប៉ុន្តែ ដោយសារតែ​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់លោក ម៉ម សូណង់ដូ អ្នក​ទាំងពីរ ក៏បាន​នាំគ្នា​ចាក​ពី​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ​។ ក្រោយ​ចាកចេញ ពួកគេ ក៏បាន​បង្កើត​គណបក្ស​រៀងៗ​ខ្លួន​។ នៅ​ទីបំផុត គណបក្ស ដែល​ពួកគេ បង្កើត ក៏បាន​រួបរួមគ្នា នៅថ្ងៃនេះ​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ និង​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ របស់លោក ហ៊ាង រិទ្ធី ក៏បាន​ចងសម្ព័ន្ធ ដើម្បី​រួម​អាជីព​នយោបាយ​ជាមួយគ្នា ដែរ​។​ប៉ុន្តែ បក្ស​ទាំងពីរ​នេះ មិនបាន​រួបរួមគ្នា​នោះទេ ដោយ​ពួកគេ គ្រាន់​ចុះ​អនុស្សរណៈ ដើម្បី​សហការ​និង​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​កិច្ច​ការនយោបាយ ប៉ុណ្ណោះ​។ យ៉ាងណា ពួកគេ អះអាងថា នាពេល​អនាគត គណបក្ស​របស់​ពួកគេ អាច​នឹង​រំលាយ​ចូលគ្នា ទៅជា​គណបក្ស​តែមួយ​។

​លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា មើលឃើញថា គណបក្ស​តូចៗ​ជាច្រើន ដែល​កំពុង​កើត​មាននៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​ទិដ្ឋភាព​មួយ សម្រាប់​លម្អ ដល់​សង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុណ្ណោះ​។ លោក វាយតម្លៃថា បើទោះបីជា​បក្ស​តូចៗ​ទាំងនោះ រួម​ប​ញ្ជូ​ល​គ្នាក្តី តែ​ពួកគេ នៅ​មិនទាន់មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ គាំទ្រ​និង​បោះឆ្នោត ជូន​នោះទេ​។

​អ្នកវិភាគ​រូបនេះ បាន​បន្តទៀតថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍ មេដឹកនាំ​នៃ​គណបក្សនយោបាយ​នីមួយៗ ត្រូវមាន​ប្រជាប្រិយភាព និង​ភាពល្បីល្បាញ​ក្នុងសង្គម​។ ជាងនេះទៀត ភាពរឹងមាំ​នៃ​រចនាសម្ព័ន្ធ​ក្នុង​គណបក្ស រួមផ្សំ​ទាំង​ហិរញ្ញវត្ថុ ក៏​ជា​ចំណុច​ដ៏​សំខាន់ ដែល​គណបក្ស​ទាំងនោះ មិនអាច​ខ្វះ​បាន ដើម្បី​ឲ្យ​ចលនានយោបាយ ដើរទៅ​មុខ​។

​លោក សូ ចន្ថា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ គណបក្ស​តូចៗ នៅ​មិនទាន់មាន​លក្ខណសម្បត្តិ​ខាងលើ​នោះទេ​។ ដូច្នេះ បក្ស​ទាំងនោះ មិនអាច​ទាក់ទាញ​ប្រជាប្រិយភាព និង​សន្លឹកឆ្នោត ពី​ប្រជា​ពល​រដ្ឋ​បានឡើយ​។ បើ​សង្កេត​មើលទៅ ពេល​បោះឆ្នោត វត្តមាន​របស់​បក្ស​តូចៗ នៅតែ​ជា​ផលប្រយោជន៍​សម្រាប់​បក្ស​កាន់អំណាច ដដែល​»​។

​ចំណែកឯ លោក សុខ ឥសាន អ្នកនាំពាក្យ​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​គណបក្ស​តូចៗ ដែល​បាន​រួបរួមគ្នា ដើម្បី​ប្រមូល​កម្លាំង​គាំទ្រ មុខការ​បោះឆ្នោត​មកដល់​។ លោក យល់ថា អ្នកនយោបាយ​គ្រប់រូប ត្រូវតែ​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​ទទួលយក​វត្តមាន​របស់​គណបក្ស​តូចៗ​ទាំងនោះ​។

​ម្យ៉ាងវិញទៀត លោក សុខ ឥសាន ថែមទាំង​រិះគន់​អ្នកនយោបាយ​ទាំងឡាយណា ដែល​តែង​លាប​ពណ៌​ថា គណបក្ស​តូចៗ គឺជា​អាយ៉ង​របស់​គណបក្សកាន់អំណាច​។ អ្នកនាំពាក្យបក្ស​កាន់អំណាច​រូបនេះ បានលើកឡើង​យ៉ាងនេះ​ថា​៖«​វា ជា​សិទ្ធិ​នយោបាយ​របស់​ពួកគាត់ ដែល​ពួកគាត់​បង្កើត​គណបក្ស​ឡើង​។ យើង​រឹតតែ​អបអរ​ពួកគាត់ ដែល​ពួកគាត់​រួបរួមគ្នា​។ យើង​ត្រូវតែ លើកទឹកចិត្ត​ពួកគាត់ មិនមែន​ចេះតែ​លាប​ពណ៌​ពួកគាត់ ថា ជា​អាយ៉ង​របស់​អ្នកនេះ ឬ​ជា​អាយ៉ង​របស់​អ្នកនោះ ទេ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ពីគណបក្សស​ង្គ្រោះ​ជាតិ ដើម្បី​សុំ​ការយល់ឃើញ ជុំវិញ​កា​រប​ង្រួ​បង្រួម​របស់​គ​ណ​បក្ស​តូចៗ​ទាំងនេះ បានទេ​៕



Tag:
 ​ការរួបរួម​បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com