ជាតិ
បក្សពីរ រួបរួមគ្នា ដើម្បីបង្ហាញគំរូសាមគ្គី ដល់អ្នកនយោបាយនៅកម្ពុជា
× ភ្នំពេញ៖ គណបក្សនយោបាយចំនួនពីរ បានរំលាយចូលគ្នា ទៅជាគណបក្សតែមួយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ។ មេបក្សទាំងនោះ អះអាងថា ការរួបរួមនេះ គឺជាសញ្ញាមួយ ដែលបង្ហាញពីសាមគ្គីភាពរបស់អ្នកនយោបាយ ដើម្បីធ្វើការជាមួយគ្នា ក្នុងបុព្វហេតុជាតិ។ អ្នកនាំពាក្យពីគណបក្សប្រជាជនកម្ពុជា សាទរចំពោះការរួបរួមនេះ។ ចំពោះអ្នកតាមដានស្ថានការណ៍នយោបាយវិញ នៅតែយល់ថា ទោះបីជាបក្សតូចៗរួមគ្នាក៏ពិតមែន តែមិនទាន់អាចទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ នៅឡើយទេ។
ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ និងគណបក្សមហាសាមគ្គីជាតិខ្មែរ របស់លោក ញ៉ែម វណ្ណថន ក៏បានច្របាច់បញ្ជូលគ្នា ទៅជាគណបក្សតែមួយ។ មេដឹកនាំទាំងពីរ អះអាងដូចៗគ្នាថា ការរួបរួមនេះ គឺដើម្បីបង្ហាញពីគំរូល្អ ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនយោបាយពីគណបក្សផ្សេងៗទៀត ឲ្យចេះពិភាក្សា និង ធ្វើការងារជាមួយគ្នា ដោយចៀសវាងការឈ្លោះទាស់ទែង ដើម្បីផលប្រយោជន៍បក្សពួក។ លើសពីនេះ ពួកគេ បានប្រកាសថា ការរួបរួម គឺកើតឡើងដោយសារតែមើលឃើញផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ ជាចម្បង។
ក្រោយក្លាយជាបក្សតែមួយ លោក ពេជ្រ ស្រស់ ត្រូវបានជ្រើសរើស ឲ្យធ្វើជាប្រធាន ហើយលោក ញ៉ែម វណ្ណថន ត្រូវបានជ្រើសរើស ឲ្យធ្វើជាប្រធានកិត្តិយស។ គណបក្សថ្មី ដែលកើតឡើងពីការរួបរួមនេះ មានអនុប្រធាន រហូតដល់ទៅបីនាក់។
មេដឹកនាំទាំងពីរ សម្រេចយកឈ្មោះគណបក្សយុវជនកម្ពុជា មកប្រើជាបណ្តោះអាសន្នសិន។ ក្រោយការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ គណបក្សយុវជនកម្ពុជា នឹងត្រូវប្តូរទៅជាឈ្មោះផ្សេង។ យ៉ាងណា ឈ្មោះសម្រាប់គណបក្សថ្មីនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
លោក ពេជ្រ ស្រស់ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា មូលហេតុ ដែលនាំឲ្យមានការរួបរួម ទៅជាគណបក្សតែមួយ គឺដោយសារតែគោលនយោបាយរបស់ពួកគេ មានលក្ខណស្រដៀងគ្នា។ ជាងនេះទៀត លោក ពេជ្រ ស្រស់ ថែមទាំង និយាយថា រូបលោក និងលោក ញ៉ែម វណ្ណថន សុទ្ធតែជាអ្នកនយោបាយ ដែលមានឆន្ទៈ និងឧត្តមគតិ ចំពោះប្រទេសជាតិ។
ក្រៅពីបញ្ជាក់នូវមូលហេតុនិងគោលបំណងនៃការរួបរួម លោក ពេជ្រ ស្រស់ ក៏ឆ្លៀតរិះគន់ មេដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ថាមិនចេះសាមគ្គីគ្នា ដើម្បីប្រយោជន៍ជាតិ។ លោក ថែមទាំងចោទថា រាល់ការចរចារវាងអ្នកនយោបាយនៃគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរនេះ គឺតែងតែលេចឮពីការចែកអំណាច និងតួនាទី ប៉ុន្តែពួកគេ មិនបានជជែកគ្នា ដើម្បីរកប្រយោជន៍ប្រជាពលរដ្ឋ នោះទេ។
លោក ពេជ្រ ស្រស់ បន្តថា ការរួបរួមនាពេលនេះ មិនមែនធ្វើឲ្យតែល្អមើល ឬក៏ឲ្យតែល្បី ឡើយ។ អ្នកនយោបាយវ័យក្មេងរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖«ការរួបរួមនេះ អត់មានចេតនាកេងចំណេញនយោបាយ ពីប្រជាពលរដ្ឋទេ។ តែ វា ជាសញ្ញា ដែលបញ្ជាក់ថា អ្នកនយោបាយ ចេះពិភាក្សា និងធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ។ យើង ប្រកាសគោលជំហរមួយ គឺចេះធ្វើការរួមគ្នារវាងអ្នកនយោបាយ និងពង្រឹងអ្នកនយោបាយឲ្យស្អាតស្អំជាមុនសិន ហើយរឿងគាំទ្រ មិនគាំទ្រ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ»។
ចំពោះមូលហេតុនៃការរួបរួម លោក ញ៉ែម វណ្ណថន ក៏និយាយមិនខុសពីលោក ពេជ្រ ស្រស់ ប៉ុន្មានដែរ។ លោក ញ៉ែម វណ្ណថន បានសង្កត់ធ្ងន់ថា គណបក្សរបស់លោក ដែលកើតចេញពីការរួបរួមនៅពេលនេះ មិនមែនជាអាយ៉ង ឬក៏ស្ថិតក្រោមសម្ពាធរបស់គណបក្សណាមួយឡើយ។
ទាក់ទងនឹងការប្រកួតប្រជែងក្នុងការបោះឆ្នោត លោក ញ៉ែម វណ្ណថន សង្ឃឹមថា ការរួបរួមគ្នាពេលនេះ នឹងអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ លោក បានលើកឡើងពីលក្ខណពិសេសនៃគោលនយោបាយ រួមទាំងគុណសម្បត្តិរបស់ខ្លួន ដែលធ្លាប់បម្រើការងារសង្គមក្នុងនាមជាមន្ត្រីក្រៅរដ្ឋាភិបាលកាលពីមុន ថា នឹងអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សលោក។
លោក បង្ហាញពីក្តីសង្ឃឹមថា៖«យើងធ្វើការងារអ្វីក៏ដោយ យើងតែងមានគោលបំណងជាក់លាក់។ ប្រជាពលរដ្ឋ នឹងមើលឃើញ ហើយនឹងផ្តល់នូវការទុកចិត្ត ដល់យើង។ ដូច្នេះ សម្រាប់ការបោះឆ្នោតថ្នាក់ ឃុំ-សង្កាត់ យើងសង្ឃឹមថា នឹងទទួលបានអាសនៈខ្លះ ជាពិសេសក្នុងតំបន់គោលដៅ ដែលយើង បានប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋ។ ចំពោះការបោះឆ្នោតតំណាងរាស្ត្រ យើងក៏សង្ឃឹមថា អាចនឹងទទួលបានអាសនៈខ្លះដែរ។ យើង មិនមែនធ្វើដោយអត់សង្ឃឹមទេ។ ប៉ុន្តែ គ្រាន់តែសង្ឃឹមថា បានច្រើនឬក៏តិច គឺវា អាស្រ័យលើការយល់របស់ប្រជាពលរដ្ឋ»។
តាមពិតទៅ លោក ពេជ្រ ស្រស់ និងលោក ញ៉ែម វណ្ណថន សុទ្ធតែជាអតីតអ្នកគាំទ្ររបស់គណបក្សសំបុកសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន។ ប៉ុន្តែ ដោយសារតែមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោក ម៉ម សូណង់ដូ អ្នកទាំងពីរ ក៏បាននាំគ្នាចាកពីគណបក្សសំបុកសង្គមប្រជាធិបតេយ្យ។ ក្រោយចាកចេញ ពួកគេ ក៏បានបង្កើតគណបក្សរៀងៗខ្លួន។ នៅទីបំផុត គណបក្ស ដែលពួកគេ បង្កើត ក៏បានរួបរួមគ្នា នៅថ្ងៃនេះ។
កាលពីប៉ុន្មានថ្ងៃមុន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សយុត្តិធម៌ជាតិខ្មែរ របស់លោក ហ៊ាង រិទ្ធី ក៏បានចងសម្ព័ន្ធ ដើម្បីរួមអាជីពនយោបាយជាមួយគ្នា ដែរ។ប៉ុន្តែ បក្សទាំងពីរនេះ មិនបានរួបរួមគ្នានោះទេ ដោយពួកគេ គ្រាន់ចុះអនុស្សរណៈ ដើម្បីសហការនិងជួយគ្នាទៅវិញទៅមក ក្នុងកិច្ចការនយោបាយ ប៉ុណ្ណោះ។ យ៉ាងណា ពួកគេ អះអាងថា នាពេលអនាគត គណបក្សរបស់ពួកគេ អាចនឹងរំលាយចូលគ្នា ទៅជាគណបក្សតែមួយ។
លោក សូ ចន្ថា អ្នកវិភាគនយោបាយនៅកម្ពុជា មើលឃើញថា គណបក្សតូចៗជាច្រើន ដែលកំពុងកើតមាននៅកម្ពុជា គឺគ្រាន់តែជាទិដ្ឋភាពមួយ សម្រាប់លម្អ ដល់សង្គមប្រជាធិបតេយ្យនៅកម្ពុជា ប៉ុណ្ណោះ។ លោក វាយតម្លៃថា បើទោះបីជាបក្សតូចៗទាំងនោះ រួមបញ្ជូលគ្នាក្តី តែពួកគេ នៅមិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋ គាំទ្រនិងបោះឆ្នោត ជូននោះទេ។
អ្នកវិភាគរូបនេះ បានបន្តទៀតថា ដើម្បីឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ មេដឹកនាំនៃគណបក្សនយោបាយនីមួយៗ ត្រូវមានប្រជាប្រិយភាព និងភាពល្បីល្បាញក្នុងសង្គម។ ជាងនេះទៀត ភាពរឹងមាំនៃរចនាសម្ព័ន្ធក្នុងគណបក្ស រួមផ្សំទាំងហិរញ្ញវត្ថុ ក៏ជាចំណុចដ៏សំខាន់ ដែលគណបក្សទាំងនោះ មិនអាចខ្វះបាន ដើម្បីឲ្យចលនានយោបាយ ដើរទៅមុខ។
លោក សូ ចន្ថា បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលទៅ គណបក្សតូចៗ នៅមិនទាន់មានលក្ខណសម្បត្តិខាងលើនោះទេ។ ដូច្នេះ បក្សទាំងនោះ មិនអាចទាក់ទាញប្រជាប្រិយភាព និងសន្លឹកឆ្នោត ពីប្រជាពលរដ្ឋបានឡើយ។ បើសង្កេតមើលទៅ ពេលបោះឆ្នោត វត្តមានរបស់បក្សតូចៗ នៅតែជាផលប្រយោជន៍សម្រាប់បក្សកាន់អំណាច ដដែល»។
ចំណែកឯ លោក សុខ ឥសាន អ្នកនាំពាក្យពីគណបក្សប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ចំពោះគណបក្សតូចៗ ដែលបានរួបរួមគ្នា ដើម្បីប្រមូលកម្លាំងគាំទ្រ មុខការបោះឆ្នោតមកដល់។ លោក យល់ថា អ្នកនយោបាយគ្រប់រូប ត្រូវតែបើកចិត្តឲ្យទូលាយ ហើយទទួលយកវត្តមានរបស់គណបក្សតូចៗទាំងនោះ។
ម្យ៉ាងវិញទៀត លោក សុខ ឥសាន ថែមទាំងរិះគន់អ្នកនយោបាយទាំងឡាយណា ដែលតែងលាបពណ៌ថា គណបក្សតូចៗ គឺជាអាយ៉ងរបស់គណបក្សកាន់អំណាច។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានលើកឡើងយ៉ាងនេះថា៖«វា ជាសិទ្ធិនយោបាយរបស់ពួកគាត់ ដែលពួកគាត់បង្កើតគណបក្សឡើង។ យើងរឹតតែអបអរពួកគាត់ ដែលពួកគាត់រួបរួមគ្នា។ យើងត្រូវតែ លើកទឹកចិត្តពួកគាត់ មិនមែនចេះតែលាបពណ៌ពួកគាត់ ថា ជាអាយ៉ងរបស់អ្នកនេះ ឬជាអាយ៉ងរបស់អ្នកនោះ ទេ»។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងអ្នកនាំពាក្យពីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការយល់ឃើញ ជុំវិញការបង្រួបង្រួមរបស់គណបក្សតូចៗទាំងនេះ បានទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com