ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន សម្រេចអភិរក្សជីវៈចម្រុះធម្មជាតិលើផ្ទៃដីជាង ១លានហិកតា
×
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ លើផ្ទៃដីសរុបចំនួន ១,៤២៧,៩៤០ ហិកតា ដើម្បីតភ្ជាប់តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។
តាមអនុក្រឹត្យរដ្ឋាភិបាលកម្ពុជាតបនឹងសំណើរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២៦ ខែមករានេះ របៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ចែកចេញជា ៣តំបន់ រួមមាន ទីមួយគឺ របៀងអភិរក្សជីវៈចម្រុះឦសានមានផ្ទៃដីចំនួន ៧៥៧,៦៦១ហិកតា ទីពីរ, របៀងអភិរក្សជីវៈចម្រុះឧត្តរ មានផ្ទៃដីចំនួន ៥០០,៨១០ហិកតា និងទីបី, របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញមានផ្ទៃដីចំនួន ១៦៩,៤៦៩ហិកតា។
សម្តេច ហ៊ុន សែន បានបញ្ជាក់តាមអនុក្រឹត្យថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងរបៀង អភិរក្សជីវៈចម្រុះរបស់កម្ពុជាដោយសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាការពារបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិឲ្យមាននិរន្តរភាព។
បើតាមអនុក្រឹត្យ របៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិគឺជាតំបន់តភ្ជាប់តំបន់ការពារធម្មជាតិ ក្នុងនោះ រួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ស្នូលបឋនីយជីវមណ្ឌល និង តំបន់ឧទ្យានជាតិសមុទ្រ៕
Tag:
ហ៊ុន សែន
ឧទ្យានជាតិ
ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com