ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​បក្សប្រឆាំង ចាត់ទុក​ការចាកចេញ​របស់លោក ឌិ​ត ពុ​ទ្ធី ថា​ជា​រឿង​ធម្មតា​
28, Jan 2017 , 11:24 am         7269
រូបភាព
ភ្នំពេញ​៖ លោក ឌិ​ត ពុ​ទ្ធី ដែល​ធ្លាប់​ត្រូវបាន​ចោទថា​បើកឡាន​បុក ប៉ូលិស​នៅ​ក្រុង​ប៉ោយប៉ែត បានដាក់​លិខិត​សុំ​លា​លាង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការសុំ​លាលែង​នេះ គឺជា​សិទ្ធិ​របស់លោក ឌិ​ត ពុ​ទ្ធី​។

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ភ្ញាក់ផ្អើល​អ្វី​ឡើយ ដែល​លោក ឌិ​ត ពុ​ទ្ធី សុំលាលែង​ពី​សមាជិកភាព​។ លោក អះអាងថា ការចូល​ជា​សមាជិក និង​ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​បុគ្គល​គ្រប់ ដែល​មិនអាច​ត្រូវបាន​បង្ខិតបង្ខំ នោះទេ​។​

​លោក យឹម សុវណ្ណ សុំ​មិន​បកស្រាយ ឬក៏​វិនិច្ឆ័យ​ថា មូលហេតុ​អ្វី ដែល​លោក ឌិ​ត ពុ​ទ្ធី សុំ​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា ជា​រឿង​ធម្មតា ចំពោះ​ការចូល ឬ​ការចេញ​របស់​សមាជិក​ណា​ម្នាក់​។ យើង​មិនអាច​ហាមឃាត់​គេ​បានទេ ព្រោះ​វា ជា​សិទ្ធិ​របស់គេ​។ យើង មិនចាំបាច់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ព្រោះ​យើង មិនដឹងថា ជីវិត​គេ​យ៉ាងម៉េច មិនដឹងថា​គេ មាន​សម្ពាធ​ផ្លូវចិត្ត​យ៉ាងម៉េច​។ អ៊ីចឹង នេះ គឺជា​ជីវិត​របស់គេ យើង​មិន​បានដឹង​ច្បាស់​ទេ​»​។

ថ្មីៗ​នេះ លោក ឌិ​ត ពុ​ទ្ធី បានដាក់​លិខិត​សុំលាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក ត្រូវបាន​តុលាការ ដោះលែង​ពី​ការឃុំ​ឃាំង​។ ក្នុង​លិខិត​នោះ​លោក ឌិ​ត ពុ​ទ្ធី បាន​ប្រាប់​មូល​ហេតុថា លោក រវល់​យ៉ាងខ្លាំង​ក្នុង​កិច្ចការ​សមាគម ហើយ​មិនអាច​ចំណាយ​ពេលវេលា ដើម្បី​បំពេញការងារ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ត​ទៀត​បានទេ​។ លោក បាន​សរសេរ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​មាន​ភារកិច្ច​បំពេញការងារ​សមាគម មិនមាន​ពេល​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​»​។

លោក ឌិ​ត ពុ​ទ្ធី ដែលជា​សមាជិក​គណ​ប្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​តុលាការ​ឃុំខ្លួន​អស់​មួយរយៈ ដោយ​ចោទ​លោក ថា បាន​បើកឡាន​បុក លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស  នៅ​ច្រកទ្វារ​ប៉ោយប៉ែត​។ ប៉ុន្តែ​សាធារណជន រួមទាំង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​តុលាការ ដែល​ចាត់ការ​លើ​លោក ឌិ​ត ពុ​ទ្ធី ដោយ​ខុសពី​ការពិត​។ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម ពួកគេ​អះអាងថា លោក ឌិ​ត ពុ​ទ្ធី មិនបាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ​នោះទេ តែ​លោក ឈាន ពិសិដ្ឋ បានធ្វើ​ពុត​ជា​ដួល​មុខ​ឡាន ដើម្បី​ទម្លាក់កំហុស​ឲ្យ​លោក ឌិ​ត ពុ​ទ្ធី​។

ក្រោយ​ការ​ប្រតិកម្ម​ពី​សំណាក់​មហាជន គួបផ្សំ​ទាំង​វីដេអូ​ឃ្លី​ប ដែល​បង្ហាញថា លោក ឌិ​ត ពុ​ទ្ធី មិនបាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ ដូច​ការចោទប្រកាន់​នោះ សាលាឧទ្ធរណ៍​ក៏​សម្រេច​ដោះលែង​លោក ឌិ​ត ពុ​ទ្ធី ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...2021next