ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឌិ​ត ពុ​ទ្ធី បញ្ជាក់ថា «​ខ្ញុំ គ្មាន​ឆន្ទៈ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​ទេ​» ​
28, Jan 2017 , 4:48 pm         12306
រូបភាព
ភ្នំពេញ​៖ លោក ឌិ​ត ពុ​ទ្ធី បាន​ច្រានចោល​ព័ត៌មាន ដែលថា​លោក ចង់​ចូល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក និយាយថា ការលាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បំពេញការងារ​ក្នុង​មាន​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តែ​មិនមែន​ដើម្បី​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង​ឡើយ​។


ក្រោយ​ប្រកាស​លាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លាម ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា លោក ឌិ​ត ពុ​ទ្ធី ដែល​រង​ការ​ចោទ​ពី​សំណាក់​តុលាការ ថា​បើកឡាន​បុក​ប៉ូលិស​នៅ​ក្រុង​ប៉ោយប៉ែត គ្រោង​នឹងចូលរួម​ជីវិត​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ លោក ឌិ​ត ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ ព័ត៌មាន​នេះ​។

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឌិ​ត ពុ​ទ្ធី បាន​អះអាងថា លោក មិនមាន​គោលបំណង​ចូល​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ លើសពីនេះ លោក ឌិ​ត ពុ​ទ្ធី ថែមទាំង បញ្ជាក់ថា លោក មិនបាន​រង​គំនាប​ន​យោ​បាយ​ណាមួយ ដើម្បី​បង្ខិតបង្ខំ​ឲ្យ​លោក​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទៅ​ចូលរួម​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​។
​លោក លើកឡើង​យ៉ាងនេះ​ថា​៖«​ដំណឹង​នេះ​មិន​ពិត​ទេ​។ ខ្ញុំ​គ្មាន​ឆន្ទៈ​ថា​នឹងចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ខ្ញុំ​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារ​លក្ខ​ខ​ន្តិ​ក​របស់​សមាគម គេ​តម្រូវ​អ៊ីចឹង មិនមែន​លាលែង​ដើម្បី​ទៅ​ចូលបក្ស​ផ្សេង​ឡើយ​»​។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការចូល​ជា​សមាជិក និង​ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​បុគ្គល​គ្រប់​។  អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា ជា​រឿង​ធម្មតា ចំពោះ​ការចូល ឬ​ការចេញ​របស់​សមាជិក​ណា​ម្នាក់​។ យើង​មិនអាច​ហាមឃាត់​គេ​បានទេ ព្រោះ​វា ជា​សិទ្ធិ​របស់គេ​»​។​

​ថ្មីៗ​នេះ លោក ឌិ​ត ពុ​ទ្ធី បានដាក់​លិខិត​សុំលាលែង​ពី​សមាជិកភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក ត្រូវបាន​តុលាការ ដោះលែង​ពី​ការឃុំ​ឃាំង​។ លោក ឌិ​ត ពុ​ទ្ធី បាន​ប្រាប់​មូលហេតុ​ក្នុង​លិខិត​នោះ យ៉ាងនេះ​ថា ៖«​ខ្ញុំ​មាន​ភារកិច្ច​បំពេញការងារ​សមាគម មិនមាន​ពេល​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៀត​បានទេ​»​។

​លោក ឌិ​ត ពុ​ទ្ធី ដែលជា​សមាជិក​គណ​ប្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​តុលាការ​ឃុំខ្លួន​អស់​មួយរយៈ ដោយ​ចោទ​លោក ថា បាន​បើកឡាន​បុក លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស  នៅ​ច្រកទ្វារ​ប៉ោយប៉ែត​។ ប៉ុន្តែ​សាធារណជន រួមទាំង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​តុលាការ ដែល​ចាត់ការ​លើ​លោក ឌិ​ត ពុ​ទ្ធី ដោយ​ខុសពី​ការពិត​។ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម ពួកគេ​អះអាងថា លោក ឌិ​ត ពុ​ទ្ធី មិនបាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ​នោះទេ តែ​លោក ឈាន ពិសិដ្ឋ បានធ្វើ​ពុត​ជា​ដួល​មុខ​ឡាន ដើម្បី​ទម្លាក់កំហុស​ឲ្យ​លោក ឌិ​ត ពុ​ទ្ធី​។

​ក្រោយ​ការ​ប្រតិកម្ម​ពី​សំណាក់​មហាជន គួបផ្សំ​ទាំង​វីដេអូ​ឃ្លី​ប ដែល​បង្ហាញថា លោក ឌិ​ត ពុ​ទ្ធី មិនបាន​បើកឡាន​បុក​លោក ឈាន ពិសិដ្ឋ ដូច​ការចោទប្រកាន់​នោះ សាលាឧទ្ធរណ៍​ក៏​សម្រេច​ដោះលែង​លោក ឌិ​ត ពុ​ទ្ធី ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next