ជាតិ
នយោបាយជាតិ
លោក ឌិត ពុទ្ធី បញ្ជាក់ថា «ខ្ញុំ គ្មានឆន្ទៈចូលរួមជាមួយគណបក្សប្រជាជនទេ»
× ភ្នំពេញ៖ លោក ឌិត ពុទ្ធី បានច្រានចោលព័ត៌មាន ដែលថាលោក ចង់ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក្រោយចាកចេញពីគណបក្សសង្គ្រោះជាតិ។ លោក និយាយថា ការលាលែងពីគណបក្សសង្គ្រោះជាតិ គឺដើម្បីមានពេលគ្រប់គ្រាន់សម្រាប់បំពេញការងារក្នុងមានជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែមិនមែនដើម្បីទៅចូលរួមជាមួយគណបក្សផ្សេងឡើយ។
ក្រោយប្រកាសលាលែងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិភ្លាម ស្រាប់តែលេចឮព័ត៌មានថា លោក ឌិត ពុទ្ធី ដែលរងការចោទពីសំណាក់តុលាការ ថាបើកឡានបុកប៉ូលិសនៅក្រុងប៉ោយប៉ែត គ្រោងនឹងចូលរួមជីវិតនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ លោក ឌិត ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ បានបដិសេធ ព័ត៌មាននេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ឌិត ពុទ្ធី បានអះអាងថា លោក មិនមានគោលបំណងចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាឡើយ។ លើសពីនេះ លោក ឌិត ពុទ្ធី ថែមទាំង បញ្ជាក់ថា លោក មិនបានរងគំនាបនយោបាយណាមួយ ដើម្បីបង្ខិតបង្ខំឲ្យលោកចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយទៅចូលរួមក្នុងគណបក្សប្រជាជនកម្ពុជា ដែរ។
លោក លើកឡើងយ៉ាងនេះថា៖«ដំណឹងនេះមិនពិតទេ។ ខ្ញុំគ្មានឆន្ទៈថានឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទេ។ ខ្ញុំលាលែងពីគណបក្សសង្គ្រោះជាតិ គឺដោយសារលក្ខខន្តិករបស់សមាគម គេតម្រូវអ៊ីចឹង មិនមែនលាលែងដើម្បីទៅចូលបក្សផ្សេងឡើយ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា ការចូលជាសមាជិក និងការចាកចេញពីគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់បុគ្គលគ្រប់។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«វា ជារឿងធម្មតា ចំពោះការចូល ឬការចេញរបស់សមាជិកណាម្នាក់។ យើងមិនអាចហាមឃាត់គេបានទេ ព្រោះវា ជាសិទ្ធិរបស់គេ»។
ថ្មីៗនេះ លោក ឌិត ពុទ្ធី បានដាក់លិខិតសុំលាលែងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ ក្រោយពីលោក ត្រូវបានតុលាការ ដោះលែងពីការឃុំឃាំង។ លោក ឌិត ពុទ្ធី បានប្រាប់មូលហេតុក្នុងលិខិតនោះ យ៉ាងនេះថា ៖«ខ្ញុំមានភារកិច្ចបំពេញការងារសមាគម មិនមានពេលគ្រប់គ្រាន់ ដើម្បីបំពេញការងារគណបក្សសង្គ្រោះជាតិតទៀតបានទេ»។
លោក ឌិត ពុទ្ធី ដែលជាសមាជិកគណប្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានតុលាការឃុំខ្លួនអស់មួយរយៈ ដោយចោទលោក ថា បានបើកឡានបុក លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស នៅច្រកទ្វារប៉ោយប៉ែត។ ប៉ុន្តែសាធារណជន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងចំពោះតុលាការ ដែលចាត់ការលើលោក ឌិត ពុទ្ធី ដោយខុសពីការពិត។ តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ពួកគេអះអាងថា លោក ឌិត ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋនោះទេ តែលោក ឈាន ពិសិដ្ឋ បានធ្វើពុតជាដួលមុខឡាន ដើម្បីទម្លាក់កំហុសឲ្យលោក ឌិត ពុទ្ធី។
ក្រោយការប្រតិកម្មពីសំណាក់មហាជន គួបផ្សំទាំងវីដេអូឃ្លីប ដែលបង្ហាញថា លោក ឌិត ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះ សាលាឧទ្ធរណ៍ក៏សម្រេចដោះលែងលោក ឌិត ពុទ្ធី ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com