សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
Iphone 7 នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ថ្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ខណៈ​នៅ​អង់​ហ្គោ​ឡា​តែ​ជាង​៤០០​ដុល្លារ​
29, Jan 2017 , 10:38 am        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រុមហ៊ុន​លក់ដូរ​អន​ឡាញ (e-Commerce) ដ៏​ធំ​នៅ​អាមេរិក​ឡាទីន Linio  បានចេញ​ផ្សាយ​តារាង​តម្លៃ Technology Price Index 2016 ដោយ​ក្នុងនោះ មានតម្លៃ Iphone 7 ផងដែរ​។​



​ការសិក្សា​ទីផ្សា​នៅលើ​បណ្តា​ប្រទេស​ចំនួន​៧២ បានបង្ហាញ​ឲ្យ​ឃើញថា តម្លៃ Iphone 7 នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា មាន​អាត្រា​ខ្ពស់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ដោយ​តែ​អតិផរណា​កើនឡើង​ខ្ពស់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​លោក Nicolas Maduro បាន​រឹតត្បិត​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​។

​បើតាម​តារាង Technology Price Index 2016 ទូរ​សព្ទ iPhone 7 នៅ​វេ​ណេ​ស៊ុយ​អេ​ឡា មានតម្លៃ ៩៧ ៨១៣,៨២ ដុល្លារ​អាមេរិក ខណៈ MacBook មួយ​មានតម្លៃ ១៧៦ ០០០ ដុល្លារ​អាមេរិក​។​

​បន្ទាប់ពី​វេ​ណេ​ស៊ុយ​អេ​ឡា ប្រទេស​ដែល​ដាក់លក់ iPhone ក្នុងតម្លៃ​ខ្ពស់​មាន​សិង្ហ​បុរី (៩៦៩.០៤ ដុល្លារ​) សាធារណរដ្ឋ​ដូ​មី​និក ៩៦៥.៦២​ដុល្លារ និង​អា​ហ្ស​ង់​ទីន ៩០០.៤៣​ដុល្លារ​។​

​ហ្គា​តេ​ម៉ា​ឡា ន័​រវេ​ស ឥណ្ឌូនេស៊ី កូ​ស្តា​រី​កា ប្រេ​ស៊ី​ល ប៉េ​រូ នី​ហ្សេ​រី​យ៉ា អ៊ុយ​រូ​ហ្គា​យ និង​អេ​ហ្ស៊ី​ប មានតម្លៃ​ក្នុង​ខ្ទង់​ជាង​៨០០​ដុល្លារ ខណៈ អូទ្រីស អាហ្វ្រិក​ខាងត្បូង ហ្វីលីពីន ព្រុយ​ណ ស៊ី​លី មី​យ៉ាន់​ម៉ា និង​កេ​ន​យ៉ា ក្នុង​ខ្ទង់​ជាង​៧០០​ដុល្លារ​។​

​អេ​ស្ប៉ា​ញ ប៉ា​ណា​ម៉ា តួ​ក​គី ប៊ុលហ្គារី អេ​ក្វា​ឌ័​រ អៀរ​ឡង់ ដា​ណឺ​ម៉ាក កូ​ឡុំ​ប៊ី កូ​រ៉​ខាងត្បូង គូ​វ៉ែត តៃវ៉ាន់ សហរដ្ឋអាមេរិក ព័រ​ទុយ​ហ្គា​ល់ ស្លូ​វ៉ា​គី នូ​វែ​ល​សេ​ឡង់ ក្រូ​អាស៊ី ម៉ិ​ក​ស៊ិ​ក បេឡា​រុស ប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី កាតា និង​ហូ​ឡង់ ក្នុង​ខ្ទង់​ជាង​៦០០​ដុល្លារ​។​

​អ៊ីស្រាអែល វៀតណាម សាធារណរដ្ឋ​ឆេ​ក ហុងកុង ក្រិ​ក ស្រីលង្កា អូស្ត្រាលី ស៊ុយអែត បារាំង លុច​សំបួរ ហុង​គ្រី ស្វី​ស កាណាដា ថៃ ចក្រភព​អង់គ្លេស ប៉ា​គី​ស្ថាន ម៉ាឡេស៊ី អ៊ុយ​ក្រែ​ន អា​រ៉ា​ប៊ី​សា​អូឌីត រូ​ម៉ា​នី និង​ឥណ្ឌា ក្នុង​ខ្ទង់​ជាង​៥០០​ដុល្លារ​។​

​អង់​ហ្គោ​ឡា ជប៉ុន ចិន ហ្វាំ​ង​ឡង់ និង​អារ៉ាប់​រួម​អេ​មី​រ៉េត ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​លក់ iPhone ក្នុងតម្លៃ​ទាប​ជាងគេ ពោលគឺ​ក្នុង​ខ្ទង់​តែ​ជាង​៤០០​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com