ជាតិ
មន្ត្រីព្រះសង្ឃ បើកកិច្ចប្រជុំប្រចាំឆ្នាំនៅថ្ងៃចន្ទ ជុំវិញការប្រតិបត្តិព្រះពុទ្ធសាសនា
× ភ្នំពេញ៖ មន្ត្រីសង្ឃទូទាំងប្រទេសកម្ពុជា នឹងចូលរួមប្រជុំក្នុងអនុសំវច្ចរមហាសន្និបាតលើកទី២៥ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ អនុសំវច្ចរមហាសន្និបាត គឺសំដៅដល់កិច្ចប្រជុំរបស់ព្រះសង្ឃទូទាំងប្រទេស ដែលតែងតែត្រូវបានរៀបចំឡើងជារៀលរាល់ឆ្នាំ។
លោក សេង សុមុនី អ្នកនាំពាក្យនៃក្រសួងធម្មការនិងសាសនា បានលើកឡើងថា នៅថ្ងៃទី៣០ មករា ឆ្នាំ២០១៧ មន្ត្រីសង្ឃជិត១ពាន់អង្គ នៅទូទាំងប្រទេសកម្ពុជា នឹងចូលរួមក្នុងអនុវសំវច្ចរមហាសន្និបាតលើកទី២៥ ដើម្បីពិភាក្សាពីព្រះពុទ្ធសាសនា។ បើតាមលោក សេង សុមុនី សមាជិក នៃអង្គប្រជុំ គឺរាប់ចាប់ពីព្រះអនុគណស្រុកឡើងទៅ រួមទាំងមន្ត្រីសង្ឃផ្សេងទៀត។
លោក សេង សុមុនី បានប្រាប់សារព័ត៌ថ្មីៗថា តាមការកំណត់ អនុសំវច្ចរមហាសន្និបាតលើកទី២៥ សម្រាប់ឆ្នាំ២០១៦ ត្រូវរៀបចំឡើងនៅចុងខែធ្នូ ឆ្នាំ២០១៦ ឯណោះទេ ប៉ុន្តែមូលហេតុ ដែលអនុសំវច្ចរមហាសន្និបាត ត្រូវពន្យារពេលរហូតដល់ចុងខែមករា ឆ្នាំ២០១៧ គឺដោយសារតែថ្នាក់ដឹកនាំមន្ត្រីសង្ឃជាន់ខ្ពស់ ជាប់រវល់យ៉ាងខ្លាំង ក្នុងកិច្ចការនានា។
កិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗចំនួនពីរ។ ទី១ គឺការពិនិត្យឡើងវិញនូវការប្រតិបត្តិក្នុងព្រះពុទ្ធសាសនា រយៈពេល១ឆ្នាំកន្លងមក។ ទី២ គឺការកំណត់គោលការណ៍ថ្មី ដើម្បីឲ្យការប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាន់តែល្អប្រសើរ។ ទាំងនេះគឺជាការបញ្ជាក់របស់លោក សេង សុមុនី ដដែល។
អ្នកនាំពាក្យរូបនេះ និយាយដូច្នេះថា៖«ព្រះសង្ឃនឹងពិនិត្យថា តើការប្រតិបត្តិព្រះពុទ្ធសាសនា មានការធ្លាក់ចុះ ឬយ៉ាងណា សម្រាប់រយៈ១ឆ្នាំកន្លងមក បន្ទាប់ពីចេញសង្ឃប្រកាសកាលពីឆ្នាំ២០១៥។ ហើយបន្ទាប់មក ព្រះសង្ឃ នឹងដាក់គោលការណ៍ផ្សេង ដើម្បីធ្វើយ៉ាងឲ្យការប្រតិបត្តិហ្នឹង ល្អជាងមុនទៀត។ ក្រៅពីនេះ ព្រះសង្ឃ អាចនឹងពិភាក្សាពីបញ្ហាផ្សេងទៀតដែរ»។
សូមបញ្ជាក់ថា ក្រោយបញ្ចប់អនុសំវច្ចរមហាសន្និបាត ព្រះសង្ឃតែងចេញនូវសេចក្តីសម្រេចរួមមួយ ដែលហៅថា «សង្ឃប្រកាស»។ សង្ឃប្រកាស គឺជាការកំណត់គោលការណ៍និងទិសដៅ ដើម្បីឲ្យព្រះសង្ឃ ប្រតិបត្តិឲ្យបានត្រឹមត្រូវ ក្នុងព្រះពុទ្ធសាសនា។ សង្ឃប្រកាសនេះ ក៏អាចកំណត់ពី អ្វីដែលព្រះសង្ឃគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្តដែរ ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែមានតម្លៃ និងរីកចម្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com