ជាតិ
មន្ត្រី​ព្រះសង្ឃ បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ចន្ទ ជុំវិញ​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ​
29, Jan 2017 , 12:41 pm        
រូបភាព
ភ្នំពេញ​៖ មន្ត្រី​សង្ឃ​ទូទាំងប្រទេស​កម្ពុជា នឹងចូលរួម​ប្រជុំ​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៥ ដែល​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​។ អនុ​សំ​វច្ចរ​មហាសន្និបាត គឺ​សំដៅ​ដល់​កិច្ចប្រជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀលរាល់​ឆ្នាំ​។


​លោក សេង សុ​មុនី អ្នកនាំពាក្យ​នៃ​ក្រសួង​ធម្មការ​និង​សាសនា បាន​លើកឡើងថា នៅ​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៧ មន្ត្រី​សង្ឃ​ជិត​១​ពាន់​អង្គ នៅ​ទូទាំងប្រទេស​កម្ពុជា នឹងចូលរួម​ក្នុង​អនុ​វ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៥ ដើម្បី​ពិភាក្សា​ពី​ព្រះពុទ្ធសាសនា​។ បើតាម​លោក សេង សុ​មុនី សមាជិក នៃ​អង្គប្រជុំ គឺ​រាប់​ចាប់ពី​ព្រះ​អនុគណ​ស្រុក​ឡើងទៅ រួមទាំង​មន្ត្រី​សង្ឃ​ផ្សេងទៀត​។

លោក សេង សុ​មុនី បាន​ប្រាប់​សារព័ត៌​ថ្មីៗ​ថា តាម​ការកំណត់ អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៥ សម្រាប់​ឆ្នាំ​២០១៦ ត្រូវ​រៀបចំឡើង​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៦ ឯណោះ​ទេ ប៉ុន្តែ​មូលហេតុ ដែល​អនុ​សំ​វច្ចរ​មហាសន្និបាត ត្រូវ​ពន្យារពេល​រហូតដល់​ចុងខែ​មករា ឆ្នាំ​២០១៧ គឺ​ដោយសារតែ​ថ្នាក់ដឹកនាំ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ ជាប់រវល់​យ៉ាងខ្លាំង ក្នុង​កិច្ចការ​នានា​។

កិច្ចប្រជុំ​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នេះ នឹង​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​ចំនួន​ពីរ​។ ទី​១ គឺ​ការ​ពិនិត្យឡើងវិញ​នូវ​ការប្រតិបត្តិ​ក្នុង​ព្រះពុទ្ធសាសនា រយៈពេល​១​ឆ្នាំកន្លងមក​។ ទី​២ គឺ​ការកំណត់​គោលការណ៍​ថ្មី ដើម្បី​ឲ្យ​ការប្រតិបត្តិ​ក្នុង​ព្រះពុទ្ធសាសនា កាន់តែ​ល្អប្រសើរ​។ ទាំងនេះ​គឺជា​ការបញ្ជាក់​របស់លោក សេង សុ​មុនី ដដែល​។​

អ្នកនាំពាក្យ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ព្រះសង្ឃ​នឹង​ពិនិត្យថា តើ​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា មានការ​ធ្លាក់ចុះ ឬ​យ៉ាងណា សម្រាប់​រយៈ​១​ឆ្នាំកន្លងមក បន្ទាប់ពី​ចេញ​សង្ឃប្រកាស​កាលពី​ឆ្នាំ​២០១៥​។ ហើយ​បន្ទាប់មក ព្រះសង្ឃ នឹងដាក់​គោលការណ៍​ផ្សេង ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ការប្រតិបត្តិ​ហ្នឹង ល្អ​ជាង​មុន​ទៀត​។ ក្រៅពីនេះ ព្រះសង្ឃ អាច​នឹង​ពិភាក្សា​ពី​បញ្ហា​ផ្សេងទៀត​ដែរ​»​។​

សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​អនុ​សំ​វច្ចរ​មហាសន្និបាត ព្រះសង្ឃ​តែង​ចេញ​នូវ​សេចក្តីសម្រេច​រួមមួយ ដែល​ហៅថា «​សង្ឃប្រកាស​»​។ សង្ឃប្រកាស គឺជា​ការកំណត់​គោលការណ៍​និង​ទិសដៅ ដើម្បី​ឲ្យ​ព្រះសង្ឃ ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ព្រះពុទ្ធសាសនា​។ សង្ឃប្រកាស​នេះ ក៏​អាច​កំណត់​ពី អ្វីដែល​ព្រះសង្ឃ​គួរ​ប្រព្រឹត្ត និង​អ្វីដែល​មិនគួរ​ប្រព្រឹត្ត​ដែរ ដើម្បី​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា កាន់តែ​មានតម្លៃ និង​រីកចម្រើន​៕


© រក្សាសិទ្ធិដោយ thmeythmey.com