ជាតិ
នយោបាយជាតិ
មេធាវីថា ការទុកសំណុំរឿងដោយមិនព្រមដោះស្រាយ គឺប៉ះពាល់ដល់សិទ្ធិមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប
× ភ្នំពេញ៖ រហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បន្តនីតិវិធីលើសំណុំរឿងមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប នោះទេ។ មេធាវី អះអាងថា ការរក្សាទុកសំណុំរឿងដោយហួសកាលកំណត់បែបនេះ គឺជាការប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ។
មេធាវី នៅតែទទូចឲ្យចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីចំពោះសំណុំរឿងមន្ត្រីអាដហុកទាំង៤រូប និងមន្ត្រីគ.ជ.ប ១រូប។ មេធាវីអះអាងថា ការរក្សាសំណុំរឿង ដោយមិនព្រមចាត់ការដូច្នេះ គឺជាការប៉ះពាល់សិទ្ធិរបស់មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ដែលជាជនជាប់ចោទ។
លោក សំ សុគង់ ដែលជាមេធាវី១រូប ក្នុងចំណោមមេធាវីទាំង៥រូប ដែលរួមគ្នាការពារក្តីឲ្យមន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប បានលើកឡើងថា ការពន្យារពេលបែបនេះ ទំនងជាចៅក្រមស៊ើបសួរកំពុងតែសាកសួរសាក្សី១រូបផ្សេងទៀត ជុំវិញសំណុំរឿងខាងលើ។ លោក សំ សុគង់ អះអាងថា លោក ទើបតែទទួលបានដំណឹងនេះ ពីមន្ត្រីតុលាការ។
យ៉ាងណា លោក សំ សុគង់ នៅតែស្នើឲ្យចៅក្រមស៊ើបសួរ ប្រញាប់ដោះស្រាយសំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប។ លោក សង្កត់ធ្ងន់ថា ជនជាប់ចោទ មានសិទ្ធិទទួលបានការជំនុំជម្រះឲ្យបានឆាប់រហ័ស និងប្រកបដោយយុត្តិធម៌។
លោកមេធាវីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«បើកាលណាការឃុំខ្លួន ចេះតែអូសបន្លាយអ៊ីចឹង វា ប៉ះពាល់សិទ្ធិរបស់ជនជាប់ចោទ។ ពួកគាត់ មិនគួរណាត្រូវបានឃុំខ្លួនដោយយឺតយ៉ាវបែបនេះទេ។ តាមគោលការណ៍អន្តរជាតិដែលស្តីពីសិទ្ធិជនជាប់ចោទ ពួកគាត់ អាចមានសិទ្ធិទទួលបានការជម្រះឲ្យបានលឿន និងទទួលបានសវនាការមួយ ដែលត្រឹមត្រូវ។ ច្បាប់ប្រទេសយើង ក៏មានចែងដូចគ្នាអ៊ីចឹងដែរ»។
លោក សំគង់ បន្តថា លោក គ្រោងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងចៅក្រមស៊ើបសួរ ដែលរក្សាសំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដោយមិនដោះស្រាយ។ លោក បញ្ជាក់ថា បណ្តឹងនេះ នឹងធ្វើឡើងក្នុងពេលឆាប់ៗ ប្រសិនបើ ចៅក្រមស៊ើបសួរ នៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះសំណុំរឿងមន្ត្រីអាដហុក និង មន្ត្រីគ.ជ.ប។
សំណុំរឿងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ត្រូវបានបិទបញ្ចប់ការស៊ើបសួរ តាំងពីដើមខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ បន្ទាប់ពីបញ្ចប់នីតិវិធីខាងលើ ចៅក្រមស៊ើបសួរ មានរយៈពេលយ៉ាងយូរ២០ថ្ងៃ ក្នុងការចេញដីកាដំណោះស្រាយ ដោយសម្រេចថា ត្រូវលើកលែងការចោទប្រកាន់លើមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ហើយដោះលែងពួកគេ ឲ្យមានសេរីភាពឡើងវិញ ឬក៏បញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ ទាំងនេះគឺជាលើកឡើងរបស់លោក សំ សុគង់ ដដែល។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មន្ត្រីអាដហុកទាំង៤រូប រួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរងរបស់គ.ជ.ប លោក នី ចរិយា បានជាប់ពន្ធគារ កាលពីដើមខែឧសភា ឆ្នាំ២០១៦។ មន្ត្រីអាដហុក ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ បើតាមការចោទប្រកាន់របស់តុលាការ អ្នកទាំងប្រាំ សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com