ជាតិ
ពីនេះ ពីនោះ
តើ​ព្រះពុទ្ធ​ទូន្មាន​មនុស្ស ឲ្យ​ប្រកាន់​ឥរិយាបថ​ដូចម្តេច នៅ​ទីសាធារណៈ​? ​
13, Feb 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ទីសាធារណៈ គឺជា​កន្លែង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប​។ ដូច្នេះ យើង​ត្រូវ​ប្រកាន់​ឥរិយាបថ​ថ្លៃថ្នូរ​ជានិច្ច ប្រកបដោយ​ស្មារតី​ស្រឡាញ់ ថែរក្សា​ការពារ ក្នុង​លក្ខណៈ​ខ្លួន​ជា​ម្ចាស់​ពិតៗ​។  



១) ខាកស្តោះ និង​កណ្តាស់​៖ ទឹកមាត់ កំហាក សំបោរ កាលណា​ចេញពី​ខ្លួន​យើង​ហើយ គេ​ខ្ពើមរអើម​ណាស់​។ ហេតុនេះ យើង​គ្រប់គ្នា​ត្រូវមាន​របៀប​ក្នុងការ​ខាកស្តោះ និង​កណ្តាស់​។ ពេលធ្វើ​ដំណើរ ពេល​បរិភោគ ក្នុង​បន្ទប់រៀន សាលប្រជុំ​…​បើ​ខាកស្តោះ ឬ​កណ្តាស់ គប្បី​ប្រើ​បន្ទប់​អានា​ម័​យ កូនកន្សែង ឬ ទី​ឆ្ងាយ​ពី​គេឯង​។

២) ក្នុង​វត្ត​អារាម​៖ វត្ត​ជាទីគោរព​សក្ការ កសាង​កុសលផល​បុណ្យ និង​អប់រំ​កូនចៅ​។ ចូល​ទីវ​ត្ត​អារាម ត្រូវធ្វើ​អាកប្បកិរិយា​សុភាពរាបសារ ទន់ភ្លន់ ថ្លៃថ្នូរ ស្លៀកពាក់​ស្អាតបាត មិន​ឆើតឆាយ ហើយ​ចេះ​ថែរក្សា​សម្បត្តិ​របស់​វត្ត គោរព​ប្រណិប័តន៍​ព្រះសង្ឃ និង​ព្រះ​ពុទ្ធរូប​។ នៅ​ទី​សក្ការ​នៃ​សាសនា​ដទៃ ក៏ត្រូវ​ចេះ​សម្រប​ឥរិយាបថ​សម​សួ​ម​ផងដែរ​។ 

៣) រថយន្តឈ្នួល​៖ ការធ្វើដំណើរ​តាម​រថយន្តឈ្នួល មាន​មនុស្សម្នា​ជាច្រើន ដោយ​ក្នុងនោះ មាន​ចាស់ ក្មេង ប្រុស ស្រី ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា កុមារ ជនពិការ​។ យើង​ត្រូវមាន​ភាព​អធ្យាស្រ័យ សម្រួល ឬ​ផ្ទេរ​កន្លែង​អង្គុយ​ជូន​គាត់ ដោយ​ទឹកមុខ​ញញឹម​តាម​ភាពជាក់ស្តែង​។ យើង​ត្រូវគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​។

៤) នៅតាម​រោង​ទស្សនីយភាព​៖ នៅ​រោង​មហោស្រព ទស្សនិកជន ត្រូវគោរព​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​។ នៅ​ទីនោះ ត្រូវធ្វើ​ឥរិយាបថ​ថ្លៃថ្នូរ​ជៀសវាង​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សុខភាព​អ្នកដទៃ​។ ទស្សនិកជន ត្រូវ​យល់ថា សិល្បករ ជា​ពលរដ្ឋ​ថ្លៃថ្នូរ និង​តំណាង​សិល្បៈ និង​វប្បធម៌​ជាតិ​។

៥) ការសរសេរ​សំបុត្រ​៖ គេ​ប្រើ​សំបុត្រ សម្រាប់​ផ្តល់ព័ត៌មាន ឬ​ទាក់ទង​គ្នា​ទៅវិញទៅមក​។ ដូច្នេះ យើង​ត្រូវ​ប្រើ​ក្រដាស់​ស​ស្អាត សរសេរ​ផ្ចិតផ្ចង់ ដោយមាន​របៀប ហើយ​ជៀសវាង​ប្រើ​ពណ៌​ក្រហម​។ ដោយឡែក ស្រោមសំបុត្រ នៅ​ខាង​ខ្នង ត្រូវ​ធ្វើតាម​បែបបទ មាន​អាសយដ្ឋាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​។ 

ប្រភព​៖«​សីលធម៌​ព្រះពុទ្ធសាសនា​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព  


© រក្សាសិទ្ធិដោយ thmeythmey.com