អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ និង​ពូ​ទីន​ឯកភាព​ស្តារ​ទំនាក់ទំនង​ និង​ដោះស្រាយ​បញ្ហា​ពិភពលោក​
29, Jan 2017 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី វ្ល៉ា​ឌី​មៀ ពូ​ទីន ឯកភាពគ្នា​កសាង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​នៅក្នុង​បញ្ហា​ស៊ី​រី​។ ក្រៅពី​ជម្លោះ​ស៊ី​រី​មេដឹកនាំ​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ពិភពលោក​ជាពិសេស​ប្រឆាំង​ភេរវកម្ម​។ ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងពេល​អ្នក​ទាំងពីរ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នា​ថ្ងៃ​សៅរ៍​ទី ២៨ មករា​។



ដូច​បានកំណត់ ប្រ​ធានា​ធា​ធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​តាម​ទូរស័ព្ទ ដើម្បី​ឈានទៅ​ស្តារ​ចំណង​ទំនាក់ទំនង​ឡើងវិញ​ឲ្យ​បាន​ប្រសើរឡើង​។​

វិមាន​ក្រេ​ម​ឡាំង​បានប្រកាស​ប្រាប់​សារព័ត៌មាន​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុង​កិច្ចពិភាក្សា​ជា​លើកដំបូង​ក្រោយ​ស្បថ​ចូលកាន់​តំណែង​របស់លោក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​ទាំងពីរ​រូប​បាន​ឯកភាពគ្នា​រួចរាល់​ហើយពី​ការព្យាយាម​ស្តារ​ចំណង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​នៅក្នុង​បញ្ហា​ស៊ី​រី​។​

អ្នកនាំពាក្យ​សេត​វិមាន Sean Spicer បានបញ្ជាក់​ក្នុង​សារ Twitter របស់ខ្លួន​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​មេដឹកនាំ​ម្នាក់ ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ប្រាំ​នាក់​ដែ​លោក លោក ដូ​ណា​ល់ ត្រាំ ជជែក​ជាមួយ​នា​ថ្ងៃ​សៅរ៍​។

ចំណែក​សេចក្តីថ្លែងការណ៍​វិមាន​ក្រេ​ម​ឡាំង​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​បន្ថែមថា​៖« ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព និង​ការលូតលាស់​នៃ​ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​។ ហើយ​អ្នក​ទាំងពីរ​កំពុង​រៀប​ចំពេល​វេលា​សម្រាប់​ជួបគ្នា​ផង​»​។​

យោងតាម​សេចក្តីថ្លែងការណ៍​ដដែល លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ដូ​ណា​ល់ ត្រាំ បាន​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ពិភពលោក​ឯទៀត​មានដូចជា​បញ្ហា​ប្រឆាំង​ភេរវកម្ម​, បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​, បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​អ៊ុយ​ក្រែ​ន​ជាដើម​។​

ពាក់ព័ន្ធ​ការប្រឆាំង​ភេរវកម្ម លោក ពូ​ទីន និង​លោក ដូ​ណា​ល់​ត្រាំ បាន​ឯកភាពគ្នា​ថា​នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​មួយ​ដែល​ឈាន​ឆ្ពោះទៅ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ច្បាស់​ទេ​ថា​កិច្ចសហប្រតិបត្តិការ​បែបណា​នឹងត្រូវ​បង្កើតឡើង​នៅពេល​ខាងមុខ​ឡើយ​។ រុស្ស៊ី​បច្ចុប្បន្នកំពុង​ក្លាយជា​តួអង្គ​សំខាន់​ស្រាប់​ទៅហើយ​នៅក្នុង​ជម្លោះ​ស៊ី​រី​ជួយ​ការពារ​របប បា​សា អាល់​អាសាដ ហើយ​និង​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ វា​អាច​ថា ដូ​ណា​ល់ ត្រាំ នឹង​ចាប់ដៃ​រុស្ស៊ី ក៏ដូចជា របប​ដឹកនាំ​អាសាដ​ដើម្បី​កម្ចាត់​ភេរវជន​រួមគ្នា​ផង​។​

ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី ក៏​យល់ព្រម​ស្តាប​នា​កិច្ចសហប្រតិបត្តិការ​ក្នុងនាម​ជា​ដៃគូ ដើម្បី​ត្រួតពិនិត្យ និង​សម្របសម្រួល បញ្ហា​ចម្រូងចម្រាស​នុយក្លេអ៊ែរ​អ៊ីរ៉ង់​,​ជម្លោះ​អ៊ុយ​ក្រែ​ន និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។​

ចាបតាំងពី​បញ្ហា​អ៊ុយ​ក្រែ​ន​កើតឡើង និង​មានការ​ក្រសោប​យក​ទឹកដី Crimea សហរដ្ឋអាមេរិក​និង​បណ្តា​សម្ព័ន្ធមិត្ត​អឺរ៉ុប​បន្ត​ថ្កោលទោស​និង​ដាក់​ទោសទណ្ឌ​ប្រឆាំង​រុស្ស៊ី​ជា​បន្តបន្ទាប់​។ ក្នុង​រដ្ឋបាល​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ធ្លាក់ចុះ​ហួស​ស្មាន ធ្លាក់​ទាប​ជាង​ទំនាក់ទំនង​សម័យ​សង្គ្រាមត្រជាក់​ទៀត​។ ប៉ុន្តែ​រដ្ឋបាល​ថ្មី មាន​ទំនោរ​ទន់​ទោរ​ទៅរក​រុស្ស៊ី ហើយ​លោក ត្រាំ ថែមទាំង​ធ្លាប់​សន្យាថា នឹង​ពិចារណា​មើលថា​គួរ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឬ​អត់​ដើម្បី​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​នេះ​។ 

វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បើសិន​ជាមាន​ការដក​ទណ្ឌកម្ម​នៅពេល​ខាងមុខ​នោះ​។ លោក ពូ​ទីន កំពុង​ប្រឈមមុខ​បញ្ហា​មួយ​គឺ​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​។ ដូច្នេះហើយ​វា​ជា​ឱកាស​សំខាន់​ក្នុងការ​ទាញយក​ក្រេ​ឌី​ត​នៅ​រុស្ស៊ី តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​និង​ជំរុញ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​ទាំង​អម្បាលម៉ាន​នោះ​។

យ៉ាងណាមិញ ចេតនា​ល្អ​របស់លោក ដូ​ណា​ល់ ត្រាំ ចំពោះ​រុស្ស៊ី​រង​ការរិះគន់​ជា​បន្តបន្ទាប់ និង​មានការ​ចោទប្រកាន់ថា ត្រាំ​មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​របប​ដឹកនាំ​រុស្ស៊ី​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​មានការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​ការ​លូកលាន់​ចូលក្នុង​ប្រព័ន្ធ​បោះឆ្នោត​ពី​សំណាក់​រុស្ស៊ី និង​ជួយ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ឈ្នះឆ្នោត​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com