ជាតិ
លោក ប៉ាន សុធី ថា មនុស្សប្រុសចូលចិត្តនិយាយគ្នាលើរឿង «ពុករលួយ» និងរឿង «ស្រី»
× រឿង «ពុករលួយ» និង រឿង «ស្ត្រី» គឺជាប្រធានបទដែលប្រុសនិយមនិយាយលេងនៅពេលដែលពួកគេជួបជុំគ្នាចាប់ពីពីរនាក់ឡើងទៅ។ នេះបើតាមសំណេររបស់លោក ប៉ាន សុធី នៅក្នុងអារម្ភកថា នៃសៀវភៅ «សង្គមសាស្ត្រនៃបញ្ហាពុករលួយ» ដែលត្រូវបានបោះពុម្ពផ្សាយឡើងកាលពីឆ្នាំ១៩៧២ ។
លោក ប៉ាន សុធី អតីតរដ្ឋមន្ត្រីក្រសួងអប់រំជាតិ និងជាអតីតអនុប្រធានរដ្ឋសភា បានកត់សម្គាល់ថា ទោះជាមានការជជែកគ្នាអំពីរឿងអ្វីក៏ដោយ ប៉ុន្តែឲ្យតែជិតចប់រឿង មនុស្សតែងតែយករឿង «ពុករលួយ» និងរឿង «ស្ត្រី» មកបញ្ចប់។
អតីតសាស្ត្រាចារ្យផ្នែកចិត្តវិទ្យា និងជាអ្នកនិពន្ធផងដែរនោះ គូសបញ្ជាក់ថា រឿង «ស្ត្រី» ស្តាប់ទៅពិរោះ ដែលធ្វើឲ្យអ្នកនិយាយ និងអ្នកស្តាប់សប្បាយចិត្តអណ្តែតអណ្តូង សាច់ឈាមរស់រវើក ជាពិសេសវាធ្វើឲ្យប្រុសៗ នៅមានន័យជា «ប្រុស»។
ចំពោះ រឿង «ពុករលួយ» លោក ប៉ាន សុធី មើលឃើញថា វាមានការទាក់ទាញដូចគ្នា ដែលធ្វើឲ្យដៃគូសន្ទនាកាន់តែចង់ស្តាប់ ចង់ឮ ប៉ុន្តែវាបានបង្កើតឲ្យមានកំហឹងស្អប់ខ្ពើម ច្រណែនក្តៅក្រហាយ រហូតដល់មានការជេរប្រទេចផ្តាសា...។
លោកបានសរសេរសន្និដ្ឋានថា ការនិយាយលេងពីរឿងស្ត្រី ក្លាយជាប្រពៃណី ជាទម្លាប់មួយនៃភេទបុរសគ្រប់ជាតិ គ្រប់សង្គម។ ចំណែករឿង ពុករលួយ វិញ ជារឿងថ្មី ជារឿងដែលច្រើនកើតឡើងក្នុងសង្គមសម័យ ឬសង្គមស៊ីវិល័យក្នុងទីក្រុង។
តាមរយៈស្នាដៃស្រាវជ្រាវ «សង្គមសាស្ត្រនៃបញ្ហាពុករលួយ» ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៧២ លោក ប៉ាន សុធី ដែលជាសមាជិកក្រុមអ្នកស្រាវជ្រាវក្នុងមន្ទីរស្រាវជ្រាវនៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ផងដែរនោះ បានធ្វើការណែនាំ និងពន្យល់យ៉ាងលម្អិតទាក់ទងនឹង «ពុករលួយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com