ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំ​ចិន​៣​ថ្ងៃ​៖ មនុស្ស​ស្លាប់​៣២​នាក់ និង​របួស​១០៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
30, Jan 2017 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងអំឡុង​ចូលឆ្នាំ​ចិន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ មនុស្ស​៣២​នាក់ បាន​ស្លាប់ និង​១០៣​នាក់​ទៀត បាន​រងរបួស ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​ការចុះផ្សាយ​ខាងលើ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ មករា ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ២២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០​នាក់ និង​រងរបួស​ចំនួន ៣៧​នាក់​។ នៅ​ថ្ងៃទី​២៨ មករា មនុស្ស​ស្លាប់​ចំនួន​១១​នាក់ និង​រងរបួស​ចំនួន​៣៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​២២​លើក​។  ចំណែកឯ នៅ​ថ្ងៃទី​២៧ មករា មនុស្ស បាន​ស្លាប់​ចំនួន​១១​នាក់​ដូចគ្នា ប៉ុន្តែ​អ្នករងរបួស ថយចុះ​មក​សល់​ចំនួន​២៨​នាក់​។ ក្នុង​ថ្ងៃទី​២៧ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៣៨​លើក​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ​ក្នុងអំឡុង​ចូលឆ្នាំ​ចិន បាន​កើតឡើង​រហូតដល់​ទៅ ៨២​លើ​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨២​លើក​នេះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​មួយចំនួន ដូចជា ម៉ូតូ រថយន្ត​ធុន​តូច និង​រថយន្ត​ធុន​ធំ ជាដើម​។​

​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ដោយសារតែ​មូលហេតុ​ផ្សេង រួមមាន ការបើកបរ​ដោយ​លើស​ល្បឿន​កំណត់​, ការបើកបរ​ដោយ​មិន​ប្រកាន់​ស្តាំ​, ការបើកបរ​ដោយ​ប្រជែង​គ្នា​, ការបើក​បរទាំង​ស្រវឹង និង​ការបើកបរ​ដោយ​មិន​គោរព​សិទ្ធិ​គ្នា​។ រីឯ​កត្តា​យានយន្ត ក៏​ជាហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​៕


Tag:
 គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com