Interview EN-FR
កញ្ញា Martalia មកពី​កាណាដា​៖«​ខ្ញុំ​មិនបាន​បង្ខំចិត្ត​មក​រស់នៅក្នុង​ស្រុក​ខ្មែរ​ទេ តែ​ខ្ញុំ​ជ្រើសរើស​មក​រស់នៅ​ដោយ​ខ្លួនឯង​»
31, Jan 2017 , 8:39 am         2726
រូបភាព
​ភ្នំពេញ​៖ មក​ធ្វើការ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​៦​ឆ្នាំ​ហើយ កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍ បាន​និយាយ​ដោយស្មោះ​ត្រង់​ថា កញ្ញា​មានបំណង​ចង់​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យូរ​ជាងនេះទៅទៀត​។ មូលហេតុ ក៏​ព្រោះតែ​នាង​ស្រឡាញ់​ពលរដ្ឋ​ខ្មែរ វប្បធម៌​ខ្មែរ និង​ម្ហូប​ខ្មែរ​។ ហេតុអ្វី​បានជា​កញ្ញា​ស្រឡាញ់​ពលរដ្ឋ​ខ្មែរ និង​វប្បធម៌​ខ្មែរ​? ។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍​ដូចតទៅ​៖


​សំឡេង អង់គ្លេស




“I don’t have to be here, but I choose to be here.”​។ «​ខ្ញុំ​មិនបាន​បង្ខំចិត្ត​មក​រស់នៅក្នុង​ស្រុក​ខ្មែរ​ទេ តែ​ខ្ញុំ​ជ្រើសរើស​មក​រស់នៅ​ដោយ​ខ្លួនឯង​»​។ នេះ គឺជា​ការបញ្ជាក់​ប្រាប់រ​បស់​កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍​ទៅកាន់​អ្នកសារព័ត៌មាន​ដែល​បាន​សួរ​សំណួរ​កញ្ញា​ថា ហេតុអ្វី​បានជា​កញ្ញា​ស្រឡាញ់​ប្រទេស​កម្ពុជា​ខ្លាំង​ម្ល៉េះ​?

​ក្រោយពី​បានសម្រេច​ចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជាមួយរ​យៈមក កញ្ញា Martalia Lo ព្យាយាម​រៀន​ភាសា​ខ្មែរ​ដោយ​ខ្លួនឯង ពោលគឺ​រៀន​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​។ នៅ​កន្លែងធ្វើការ នៅតាម​ផ្សារ ឬ​នៅតាម​ស្រុកភូមិ​ជាដើម​។ កញ្ញា​និយាយថា រៀន​ភាសា​ខ្មែរ​នៅ​សាលា​ផ្លូវការ​ក៏បាន​ដែរ តែ​នាង​គិតថា បើ​រៀន​ភាសា​ខ្មែរ​ដោយ​អនុវត្ត​ផ្ទាល់​ជាមួយ​ជនជាតិខ្មែរ​នៅ​គ្រប់​មជ្ឈដ្ឋាន វា​ពិតជា​ឆាប់​ចេះ​ជាង​ការសិក្សារ​នៅ​សាលា​ដោយ​ខ្វះ​ការអនុវត្ត​ផ្ទាល់​។

​ចេះ​ភាសា​ខ្មែរ​ធ្វើ​ឲ្យ​កញ្ញា​ស្រឡាញ់​ប្រទេស​ខ្មែរ យល់​ពី​ជម្រៅ​ទឹកចិត្ត​ខ្មែរ វប្បធម៌​ខ្មែរ​។​ល​។ កញ្ញា​និយាយថា​៖«​ខ្ញុំ​ចូលចិត្ត​ធ្វើការ​ជាមួយ​ជនជាតិខ្មែរ​។ ខ្ញុំ​ស្រឡាញ់​ខ្មែរ​។ ខ្មែរ​រស់​រាយ និង​ស្លូត​»​។

​ឪពុកម្តាយ​មាន​ឈាមជ័រ​ជា​ជនជាតិ​ចិន កើត​នៅ​ក្នុ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ធំ​ដឹងក្តី​នៅក្នុង​ប្រទេស​កាណាដា កញ្ញា Martalia Lo ស្ថាបនិក និង​នាយិកា​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទេសចរណ៍ និយាយថា កញ្ញា​មិនចេះ​ទម្រើស​ខ្លួនឯង​ទេ មានន័យថា នៅពេល​រស់នៅ​ស្រុក​ខ្មែរ កញ្ញា​រស់នៅ​តាមរបៀប​ខ្មែរ​។ កញ្ញា​បញ្ជាក់ថា​៖«​ខ្ញុំ​រស់នៅ​ទីនេះ​៦​ឆ្នាំ​ហើយ​។ ខ្ញុំ​ហូប ខ្ញុំ​ដេក​ដូច​ខ្មែរ​នៅតាម​ភូមិ​ស្រុក​ដែរ​។ ពេលខ្លះ ខ្ញុំ​ដេក​នៅលើ​អិដ្ឋ ខ្ញុំ​ជិះ​ក្របី និង​ស្ទូងស្រូវ​ជាដើម​»​។

​ចេះ​ភាសា​ខ្មែរ​មិនមែន​ជួយ​ត្រឹម​ការងារ​របស់​កញ្ញា​ទេ តែ​ចេះ​ភាសា​ខ្មែរ​អនុញ្ញាត​ឲ្យ​កញ្ញា​សម្រប​ខ្លួន​បាន​យ៉ាង​ងាយ​ទៅក្នុង​សង្គម​ខ្មែរ​។ កញ្ញា​និយាយ​បន្ថែមថា​៖«​ចេះ​ភាសា​ខ្មែរ​អាច​ឲ្យ​ខ្ញុំ​យល់​ពី​បេះដូង​របស់​ខ្មែរ​នៅ​ពីក្រោយ​វប្បធម៌​របស់​ខ្មែរ​បន្ថែមទៀត​។ ចេះ​ភាសា​ខ្មែរ ទិញ​អី ក៏​គេ​មិនសូវ​កោ​ដែរ​(​នៅតាម​ផ្សារ​)​។ ឥឡូវ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ក្លាយជា​ជនជាតិខ្មែរ​ហើយ​»​។

​កញ្ញា Martalia Lo សរសើរ​ប្រទេស​ខ្មែរ ជនជាតិខ្មែរ ម្ហូប​ខ្មែរ និង​វប្បធម៌​ខ្មែរ​មិន​ដាច់​ពី​មាត់​នៅក្នុង​អំឡុង​ពេលធ្វើ​បទ​សម្ភាស​។ ប៉ុន្តែ​អ្វីដែល​រំខាន​អារម្មណ៍​កញ្ញា​នោះ គឺ​អាកាសធាតុ​ក្តៅ​នៅ​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាងទៀត Martalia មិន​ចូលចិត្ត​សត្វ​មូស​ដែល​ចេះតែ​ខាំ​នាង​៕


Tag:
 សង្គម​
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ