អ្នកវិភាគ​ថា រដ្ឋសភា​ទន់ខ្សោយ ទើប​តួនាទី​មេបក្ស​ប្រឆាំង ត្រូវ​បាត់បង់​

ជាតិ
អ្នកវិភាគ​ថា រដ្ឋសភា​ទន់ខ្សោយ ទើប​តួនាទី​មេបក្ស​ប្រឆាំង ត្រូវ​បាត់បង់​
30, Jan 2017 , 6:32 pm         2826
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​អង្គារ ដើម្បី​អនុម័ត​ដក​តួនាទី​របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​។ ក្រុមអ្នកវិភាគ មើលឃើញថា តួនាទី​មេបក្ស​ប្រឆាំង ដែល​ត្រូវបាន​ដក​ម្តង​ហើយ​ម្តងទៀត​យ៉ាងនេះ គឺ​ដោយសារតែ​ស្ថាប័ន​រដ្ឋសភា​ស្ថិតនៅក្រោម​ឥទ្ធិពល​អ្នកនយោបាយ ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​បកស្រាយ​ថា ការលុបចោល​នូវ​តួនាទី​ខាងលើ គឺធ្វើឡើង​ដោយ​សមស្រប​ទៅតាម​គោលការណ៍​ច្បាប់​។


​បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា នឹងត្រូវ​រដ្ឋសភា​លុបចោល នៅក្នុង​កិច្ចប្រជុំពេញអង្គ នាពេល​ព្រឹក​អង្គារ​នេះ តាមរយៈ​ការធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ត្រង់ចំណុច​នេះ​អ្នកតាមដាន​ស្ថានការណ៍​នៅ​កម្ពុជា លើកឡើងថា ស្ថាប័ន​រដ្ឋសភា​មាន​ភាពទន់ខ្សោយ ទើប​ការ​លុប​តួនាទី​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភាពងាយស្រួល​យ៉ាងនេះ​។

​លោក មាស នី អ្នកវិភាគ​នយោបាយ មើលឃើញថា រដ្ឋសភា បាន​បាត់បង់​ឯករាជ្យ ក្នុងការ​បំពេញ​កិច្ចការ និង​ការអនុម័ត​ច្បាប់​នានា​។ លោក និយាយថា រដ្ឋសភា ប្រាកដជា​អនុម័ត​លុបចោល​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច ទៅតាម​ការចង់បានរ​បស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិនខាន​។ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋសភា ត្រូវបាន​រដ្ឋាភិបាល​ប្រើប្រាស់​ហើយ​។ ខ្ញុំ គ្មាន​សង្ឃឹមថា រដ្ឋសភា នឹង​បដិសេធ​ការអនុម័ត​នូវ​អ្វីដែល​នាយករដ្ឋមន្ត្រី​ស្នើឡើង​នោះទេ​»​។

​ចំណែក​លោក សូ ចន្ថា ដែលជា​អ្នកវិភាគ​នយោបាយ​មួយរូប​ដែល​នោះ បាន​និយាយថា រដ្ឋសភា មិនមាន​ភាព​រឹង​ពឹង​ឡើយ ហើយ​កំពុងតែ​ក្លាយទៅជា​ស្ថាប័ន ដែល​រង​ឥទ្ធិពល​ពី​អ្នកនយោបាយ​។ បើតាម​លោក សូ ចន្ថា មិន​ត្រឹមតែ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ​ទេ ដែលមាន​ភាពទន់ខ្សោយ សូម្បីតែ​ច្បាប់ ក៏​មិនសូវ​មានតម្លៃ​ដែរ​។

​អ្នកវិភាគ​រូបនេះ បន្ថែមថា ចំណុច​អវិជ្ជមាន​ទាំងនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ទំនុកចិត្ត​លើ​ស្ថាប័នរដ្ឋ ។​ហើយ​ជាពិសេស អ្នកវិនិយោគ​អន្តរជាតិ នឹងមិន​សូវ​ហ៊ាន​មករក​ស៊ី​នៅ​កម្ពុជា​នោះទេ ពេល​ពួកគេ មើលឃើញ​ភាពទន់ខ្សោយ​របស់​ច្បាប់​បែបនេះ​។

​លោក សូ ចន្ថា និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ វិធានការ​ឬក៏​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា មិន​រឹងមាំ ហើយ​ចង់​មិន​ចង់ រដ្ឋសភា បាន​រង​ឥទ្ធិពល​នយោបាយ បាត់ទៅហើយ​។ ហើយ​ការបង្កើត​ច្បាប់ ឬ​វិធានការ​ណាមួយ ដូចជា​មិនសូវ​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​ជាតិ​ទេ តែ​ដើម្បី​ប្រយោជន៍​របស់​បុគ្គល​ទៅវិញ​»​។​

​អ្នកនាំពាក្យ​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រានចោល​ការលើកឡើង​រប​ស់​អ្នកវិភាគ​ខាងលើនេះ ដោយ​លោក​ពន្យល់​តាមផ្លូវ​ច្បាប់​វិញ​ថា ការស្នើ​ឲ្យ​លុបចោល​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច គឺជា​ឆន្ទានុសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖« វា​មិន​ខុសច្បាប់​ទេ ដែល​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​លើ​ចំណុច​នេះ ព្រោះ​ជា​សិទ្ធិ​របស់​នាយករដ្ឋមន្ត្រី ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​»​។​

​គួរ​បញ្ជាក់ថា តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ដើមឡើយ​គឺជា​របស់​ឯកឧត្តម សម រង្ស៊ី​។ ប៉ុន្តែ ឯកឧត្តម សម រង្ស៊ី បាន​បាត់បង់​តួនាទី​នេះ ដោយសារ​រដ្ឋសភា ប្រកាសថា ឯកឧត្តម សម រង្ស៊ី គឺជា​ទណ្ឌិត ដែល​ត្រូវអស់​សុពលភាព​ក្នុងនាម​ជា​តំណាងរាស្ត្រ​។ នៅ​ចុងឆ្នាំ​២០១៦ តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ក៏​ធ្លាក់​ទៅលើ​ឯកឧត្តម កឹម សុខា វិញ​ម្តង បន្ទាប់ពី​ឯកឧត្តម កឹម សុខា ទទួលបាន​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ ឯកឧត្តម កឹម សុខា ទទួលបាន​តួនាទី​នេះ មិនទាន់បាន​ពីរ​ខែ​ស្រួលបួល​ផង ស្រាប់តែ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​លុបចោល​វិញ​។

​កាលពី​ចុងឆ្នាំ​២០១៥ ឯកឧត្តម កឹម សុខា ក៏​ត្រូវបាន​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ទម្លាក់​ចេញពី​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​ផងដែរ​៕


Tag:
 CPP
  CNRP
  អ្នកនាំពាក្យ​
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next
22 Feb 2017