ជាតិ
សង្គមជាតិ
ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដាក់ចេញ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ខាងមុខ ផ្តោតលើ​កុមារ និង​ក្មេងស្រី​ដែល​បាត់​ឱកាស​
31, Jan 2017 , 7:59 pm        
រូបភាព
​រតនគិរី​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​រយៈពេល​៥ ឆ្នាំ​ខាងមុខ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​កុមារ និង​ក្មេងស្រី ដែល​បាត់បង់​ឱកាស និង​ត្រូវបាន​សង្គម​បំភ្លេចចោល​។ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រំពឹងថា​កុមារ និង​ក្មេងស្រី​ទាំងនោះ អាច​បត់បែន​ខ្លួន​ស្របតាម​ការរីកចម្រើន​នៃ​សង្គម​កម្ពុជា​។​



​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែមករា​កន្លងទៅ បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ឆ្នាំ​២០១៦-២០២១  ។  ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំនេះ រួមបញ្ចូល​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដូចជា​ការផ្តោត​យកចិត្ត​ទុកដាក់​កាន់តែខ្លាំង​លើ​សិទ្ធិ​របស់​ក្មេងស្រី ពង្រឹង​ការសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដោយ​ផ្តោតលើ​ការអប់រំ ការសម្រេចចិត្ត ការគ្រប់គ្រង និង​ការអភិវឌ្ឍ ខ្លួន​របស់​កុមារ និង​ក្មេងស្រី ដែល​បាត់បង់​ឱកាស​។ 

​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​មាន ប្រសាសន៍ថា​ក្នុងឱកាស​នោះ​ថា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០៣០ គឺ​ផ្តោត​ការយកចិត្តទុកដាក់​លើ​មនុស្ស​គ្រប់រូប​។ ប៉ុន្តែ​មាន​មាន​ក្មេងស្រី និង​ស្ត្រី​រាប់លាន​នាក់ រួម​នឹង​ស្ត្រី និង​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា​ផង នៅតែ​មិនទាន់បាន​យកចិត្តទុកដាក់ និង​ត្រូវបាន​សង្គម​បំភ្លេចចោល​។  លោក យេន យេ​ប បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​អត់​ចង់​ឲ្យ​អ្នកណា​ត្រូវបាន​គេ​បំភ្លេចចោល​នៅក្នុង​សង្គម​ទេ​។ យើង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ក្រុម​ដែល​មិនសូវ​ទទួលបាន​ប្រយោជន៍​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​ឈានទៅដល់​កម្រិត​មួយ​ដែល​អាច​បត់បែន​តាម​កា​រ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​»​។​



​បើតាម​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រូបនេះ អ្វីដែល​ស្ថាប័ន​មួយ​នេះ​ចង់ ឃើញ គឺ​សមត្ថភាព​ទាមទារ​រក​តម្រូវ​ដែល​សហគមន៍​ចង់បាន និង​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន ទៅនឹង​អ្វី​ដែលជា​តម្រូវការ​រប​ស់​ប្រជា​សហគមន៍​។

​សូមបញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​ផ្តើម​ប្រតិបត្តិការ​កម្មវិធី​រប​ស់​ខ្លួន​តាំងពី​ឆ្នាំ​២០០២ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​កុមារ និង​បានផ្តល់​ប្រយោជន៍​ផ្ទាល់​ដល់​កុមារ​ជាង​៦០​ម៉ឺន ដល់​ប្រជាជន​ជិត​៨០​ម៉ឺន​នាក់ ប្រហាក់ប្រហែល​នឹង​ជាង​៨​ម៉ឺន​គ្រួសារ ក្នុងប្រទេស​កម្ពុជា​។

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា កំពុង​អនុវត្ត​កម្មវិធី​របស់ខ្លួន នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និង​ខេត្តរតនគិរី​។ សម្រាប់​ខេត្តរតនគិរី ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បានចាប់ផ្តើម​កម្មវិធីរ​បស់​ខ្លួន​តាំងពី​ឆ្នាំ​២០១១ ក្នុងភូមិ​ចំនួន​៩៧ នៃ​២០​ឃុំ ដែល​ស្ថិត​ក្នុងស្រុក​ចំនួន​៥ គឺ​ស្រុក​វ៉ឺ​ន​សៃ ស្រុក​បរ​កែវ ស្រុក​ដូន​មាស ស្រុក​តា​វែង និង​ស្រុក​អូរ​ជុំ​៕







Tag:
 ​ភ្លែ​ន​អន្តរជាតិ​
  ​កុមារ​
 ​ ក្មេងស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com