ជាតិ
សម្តេចហ៊ុន សែន៖វប្បធម៌សន្ទនានៅតែបន្ត តាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍សភា
× ភ្នំពេញ៖ ទោះលុបតួនាទីជាប្រធានក្រុមមតិភាគតិច របស់ឯកឧត្តម កឹម សុខា ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ចេញពីរដ្ឋសភា តែប្រធានបក្សកាន់អំណាចនៅតែប្រកាស រក្សាវប្បធម៌សន្ទនាជាមួយនឹងបក្សប្រឆាំងដដែល។ អ្នកវិភាគ មើលឃើញថា ការលុបតួនាទីនេះចោល នឹងនាំឲ្យវប្បធម៌សន្ទនារវាងបក្សទាំងពីរ ថយក្រោយ។
គណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រើប្រាស់វប្បធម៌សន្ទនាជាមួយនឹងគណបក្សសង្គ្រោះជាតិ។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញនៃរដ្ឋសភា នាពេលព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ទោះបីជាលុបតួនាទីជាប្រធានក្រុមតំណាងរាស្ត្រនិងប្រធានក្រុមមតិភាគតិច ចេញពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភាក៏ពិតមែន តែគណបក្សទាំងពីរ នៅតែអាចជជែកគ្នាពីបញ្ហានានា បានដដែល។ យន្តការដើម្បីនាំទៅរកការជជែកគ្នា ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់សំដៅនោះ គឺតាមរយៈគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានតំណាងរាស្ត្រនៃគណបក្សទាំងពីរជាសមាជិក។
ប្រធានបក្សកាន់អំណាចរូបនេះ បានសង្កត់ធ្ងន់ៗយ៉ាងនេះថា៖«ខ្ញុំសូមបញ្ជាក់ឲ្យហើយ វប្បធម៌សន្ទនា នៅតែមាន។ ប៉ុន្តែមានតាមណា? គឺមានតាមគណៈកម្មាធិការអចិន្ត្រៃយ៍សភា។ ទៅ! និយាយគ្នាទៅ!។ […..] យើងនៅតែនិយាយ ឲ្យតែគេ (បក្សប្រឆាំង) មក។ ឥឡូវយើងនិយាយជាមួយអ្នកណា បើគេអត់នៅផង។ យន្តការសភា គ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើអ្វីច្រើនទេ»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺស្របពេលដែលតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា នាំគ្នាលើកដៃអនុម័តកែប្រែប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលមានចែងពីតួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និង តួនាទីជាប្រធានក្រុមមតិភាគតិច។ កាលពីនៅមានប្រការនេះ ឯកឧត្តម កឹម សុខា គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ហើយក៏ជាប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ផងដែរ។ ចំណែកឯ សម្តេច ស ខេង គឺជាប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា។ យ៉ាងណា តួនាទីរបស់អ្នកទាំងពីរ បានបាត់បង់ទាំងអស់គ្នាហើយ ដោយសារតែការធ្វើសោធនកម្មរបស់រដ្ឋសភា នៅព្រឹកថ្ងៃអង្គារនេះ។
លោក សូ ចន្ថា អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា អះអាងថា ការបង្កើតឲ្យមានក្រុមតំណាងរាស្ត្រនៅក្នុងរដ្ឋសភា គឺជាយន្តការមួយ ដែលបង្កលក្ខណងាយស្រួលដល់គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ជួបពិភាក្សាគ្នា។ លោកបន្តថា ពេលយន្តការនេះ ត្រូវបានលុបចោលយ៉ាងនេះ ការចរចារវាងបក្សទាំងពីរ នឹងពិបាកកើនមានជាមិនខាន។
អ្នកវិភាគរូបនេះ បានបញ្ជាក់ដូច្នេះថា៖«សម្រាប់ខ្ញុំ ខ្ញុំគិតថា វប្បធម៌សន្ទនា បានស្លាប់បាត់ហើយ។ មេដឹកនាំនយោបាយ ចាប់ផ្តើមវាយប្រហារគ្នាឡើងវិញ»។
សូមរម្លឹកថា តួនាទីជាប្រធានក្រុមតំណាងរាស្ត្រ និងតួនាទីជាប្រធានក្រុមមតិភាគតិច គឺជាសំណើរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលស្នើឲ្យរដ្ឋសភា អនុម័ត ក្រោយពីគណបក្សកាន់អំណាចនិងបក្សប្រឆាំង ត្រូវរ៉ូវគ្នា កាលពីអំឡុងឆ្នាំ២០១៤។ ហើយការលុបតួនាទីខាងលើចេញពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាពេលនេះ ក៏ជាសំណើរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ៕
Tag:
ហ៊ុន សែន
កឹម សុខា
អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com