ជាតិ
សម្តេច​ហ៊ុន សែន​៖​វប្បធម៌​សន្ទនា​នៅតែ​បន្ត តាមរយៈ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​
31, Jan 2017 , 8:59 pm        
រូបភាព
ភ្នំពេញ​៖ ទោះ​លុប​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ចេញពី​រដ្ឋសភា តែ​ប្រធាន​បក្ស​កាន់អំណាច​នៅតែ​ប្រកាស រក្សា​វប្បធម៌​សន្ទនា​ជាមួយនឹង​បក្សប្រឆាំង​ដដែល​។ អ្នកវិភាគ មើលឃើញថា ការ​លុប​តួនាទី​នេះ​ចោល នឹង​នាំ​ឲ្យ​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំងពីរ ថយក្រោយ​។



​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​ជាការ​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច នៅក្នុង​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ​នៃ​រដ្ឋសភា នាពេល​ព្រឹក ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​។

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ទោះបីជា​លុប​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​និង​ប្រធាន​ក្រុម​មតិ​ភាគតិច ចេញពី​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ក៏ពិតមែន តែ​គណបក្ស​ទាំងពីរ នៅតែ​អាច​ជជែក​គ្នា​ពី​បញ្ហា​នានា បាន​ដដែល​។ យន្តការ​ដើម្បី​នាំទៅរក​ការជជែក​គ្នា ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​សំដៅ​នោះ គឺ​តាមរយៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែលមាន​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ជា​សមាជិក​។

​ប្រធាន​បក្ស​កាន់អំណាច​រូបនេះ បាន​សង្កត់ធ្ងន់ៗ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ហើយ វប្បធម៌​សន្ទនា នៅតែមាន​។ ប៉ុន្តែ​មាន​តាម​ណា​? គឺមាន​តាម​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា​។ ទៅ​! និយាយ​គ្នា​ទៅ​!​។ […..] យើង​នៅតែ​និយាយ ឲ្យ​តែ​គេ (​បក្សប្រឆាំង​) មក​។ ឥឡូវ​យើង​និយាយ​ជាមួយ​អ្នកណា បើ​គេ​អត់​នៅ​ផង​។ យន្តការ​សភា គ្រប់គ្រាន់​ហើយ មិនចាំបាច់​ធ្វើ​អ្វី​ច្រើន​ទេ​»​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ស្រប​ពេលដែល​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នាំគ្នា​លើកដៃ​អនុម័ត​កែប្រែ​ប្រការ​៤៨​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែលមាន​ចែង​ពី​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​។ កាលពី​នៅមាន​ប្រការនេះ ឯកឧត្តម កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ផងដែរ​។ ចំណែកឯ សម្តេច ស ខេង គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ យ៉ាងណា តួនាទី​របស់​អ្នក​ទាំងពីរ បាន​បាត់បង់​ទាំងអស់គ្នា​ហើយ ដោយសារតែ​ការធ្វើ​សោធនកម្ម​របស់​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

​លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អះអាងថា ការបង្កើត​ឲ្យ​មាន​ក្រុមតំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា គឺជា​យន្តការ​មួយ ដែល​បង្កលក្ខណ​ងាយស្រួល​ដល់​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង ជួបពិភាក្សា​គ្នា​។ លោក​បន្តថា ពេល​យន្តការ​នេះ ត្រូវបាន​លុបចោល​យ៉ាងនេះ ការចរចា​រវាង​បក្ស​ទាំងពីរ នឹង​ពិបាក​កើន​មាន​ជាមិនខាន​។​
​អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា វប្បធម៌​សន្ទនា បាន​ស្លាប់បាត់​ហើយ​។ មេដឹកនាំ​នយោបាយ ចាប់ផ្តើម​វាយប្រហារ​គ្នា​ឡើងវិញ​»​។​

​សូម​រម្លឹកថា តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច គឺជា​សំណើ​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ស្នើ​ឲ្យ​រដ្ឋសភា អនុម័ត ក្រោយពី​គណបក្សកាន់អំណាច​និង​បក្សប្រឆាំង ត្រូវរ៉ូវ​គ្នា កាលពី​អំឡុង​ឆ្នាំ​២០១៤​។ ហើយ​ការ​លុប​តួនាទី​ខាងលើ​ចេញពី​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា នាពេលនេះ ក៏​ជា​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ​៕ 


Tag:
 ហ៊ុន សែន​
  កឹម សុខា​
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com