ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​ជាប់ឃុំ​មិន​ច្បាស់​វាសនា ដោយសារ​ឯកឧត្តម កឹម សុខា មិន​គោរព​សន្យា​បី​ថ្ងៃ​?
01, Feb 2017 , 10:48 am        
រូបភាព
ភ្នំពេញ​៖ មូលហេតុ​ចំនួន​ពីរ ដែល​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្សប្រឆាំង មិនត្រូវ​បាន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន មូលហេតុ​ទីមួយ គឺ​ដោយសារតែ​សំណុំរឿង​របស់​អ្នក​ទាំងនោះ មិនទាន់រួច​ផុតពី​ដៃ​តុលាការ​។ ចំណែក​មូលហេតុ​ទី​ពីរ គឺ​ដោយសារតែ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សប្បាយ​ចិត្តនឹង​ឯកឧត្តម កឹម សុខា ដែល​បំភ្លេច​ពាក្យសន្យា​ជាមួយ​សម្ដេច​។



​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោក​នឹងមិន​សុំ​ព្រះមហាក្សត្រ ឲ្យ​ព្រះរាជទាន​លើកលែងទោស ដល់​អ្នក​ដែល​កំពុង​ជាប់ពន្ធនាគារ តាម​សំណើ​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពីដើម​ខែធ្នូ​ឆ្នាំមុន​នោះទេ​។ ថ្លែង​ក្នុង​អង្គប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា ដែល​មានតែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សំណើរ​ខាងលើ មិនអាច​ទៅរួច​ឡើយ ព្រោះ​សំណុំរឿង​របស់​អ្នកខ្លះ កំពុងតែ​ដំណើរការ ក្រោម​នីតិវិធី​របស់​តុលាការ​។ ហើយ​សំណុំរឿង​របស់​អ្នក​ខ្លះទៀត មាន​លក្ខណ​ធ្ងន់ធ្ងរ ដែល​មិនអាច​លើកលែង​ឲ្យ​បានឡើយ​។​

​ជាមួយគ្នានេះ​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើ​សម្តី​ខ្លាំងៗ​នៅក្នុង​អង្គប្រជុំ​រដ្ឋសភា​ថា ឯកឧត្តម កឹម សុខា មិនបាន​ធ្វើតាម​ការសន្យា ដូច្នេះ​ខ្លួន ក៏​មិន​ធ្វើ​អ្វី​ដូចគ្នា​។ លើសពីនេះ សម្តេច​បាន​សារភាពថា ចាញ់បោក ឯកឧត្តម កឹម សុខា ថែមទៀត តែ​សម្តេច​មិនបាន​លាតត្រដាង​ពី​ចំណុច​អ្វីខ្លះ ដែល​ឯកឧត្តម កឹម សុខា បាន​សន្យា​នោះទេ​។ 

​ប្រមុខ​រដ្ឋាភិបាល​បាន​និយាយ​ដូច្នេះ​ថា​៖«​បោក​ទាំង​ខ្ញុំ​ទៀត ឯកឧត្តម កឹម សុខា​។ នៅ​ជំពាក់​ខ្ញុំ អ្វីខ្លះ​? សន្យាថា បី​ថ្ងៃ​ក្រោយមក ឯកឧត្តម នឹងធ្វើ តែ​ឯកឧត្តម កឹម សុខា អត់​ធ្វើ​។ […...] រឿង​អ្នក​ដែល​កឹម សុខា សន្យាថា​រួច​ពី​គុក ទៅ​ទារ​កឹម សុខា ទៅ កុំ​ទារ ហ៊ុន សែន​។ [……] អ្នកឯង​អត់​បាន​ធ្វើតាម​ការសន្យា ខ្ញុំ ក៏​មិន​ធ្វើ​អ្វី​ទាំងអស់​។ អ្នកឯង​ជាប់គុក​ប៉ុន្មាន ទាល់តែ (​អនុវត្ត​ទោស​) បាន​ពីរ ភាគបី​សិន ទើប​ខ្ញុំ​មាន​សិទ្ធិ​ពិនិត្យ​។ ខ្ញុំ​មិន​ប្រើ​ច្បាប់​ពន្ធនាគារ ដើម្បី​សុំ​ការលើកលែងទោស​ឲ្យ​អ្នកណា​ទាំងអស់​»​។

​ឯកឧត្តម កឹម សុខា នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិនទាន់​ប្រតិកម្ម​អ្វី​ចំពោះ​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ប៉ុន្តែ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឯកឧត្តម កឹម សុខា អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ  ត្រូវតែ​រក្សា​ភាពរឹងមាំ ហើយ​នាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ដោយ​សន្តិវិធី​។ ឯកឧត្តម កឹម សុខា បាន​សរសេរ​យ៉ាងនេះ​ថា​៖«​យើង​ត្រូវ​ដឹងខ្លួន​ជាមុន​ថា ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់ រឿងរ៉ាវ​ដែល​គេ​បង្ក ឬ​បង្កើត​នោះ កាន់តែច្រើន ហេតុនេះហើយ យើង​កុំ​ភ្ញាក់ផ្អើល​»​។​

​គិត​មកដល់ពេលនេះ​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង ,​មន្ត្រី​សង្គម​ស៊ីវិល​និង​គ​ប​ជ រួមទាំង​សកម្មជន​បឹងកក់ កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ មាន​ចំនួន​ជិត​៣០​នាក់​ហើយ​។ គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួន ចាត់ទុក​ការឃុំខ្លួន​ពួកគេ​ទាំងនេះ ក្រោម​ហេតុផល​នយោបាយ​៕


Tag:
 ហ៊ុន សែន​
  កឹម សុខា​
  ដោះលែង​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com