ជាតិ
នយោបាយជាតិ
អ្នកជាប់ឃុំមិនច្បាស់វាសនា ដោយសារឯកឧត្តម កឹម សុខា មិនគោរពសន្យាបីថ្ងៃ?
× ភ្នំពេញ៖ មូលហេតុចំនួនពីរ ដែលមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង មិនត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន មូលហេតុទីមួយ គឺដោយសារតែសំណុំរឿងរបស់អ្នកទាំងនោះ មិនទាន់រួចផុតពីដៃតុលាការ។ ចំណែកមូលហេតុទីពីរ គឺដោយសារតែនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តនឹងឯកឧត្តម កឹម សុខា ដែលបំភ្លេចពាក្យសន្យាជាមួយសម្ដេច។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងមិនសុំព្រះមហាក្សត្រ ឲ្យព្រះរាជទានលើកលែងទោស ដល់អ្នកដែលកំពុងជាប់ពន្ធនាគារ តាមសំណើរបស់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីដើមខែធ្នូឆ្នាំមុននោះទេ។ ថ្លែងក្នុងអង្គប្រជុំវិសាមញ្ញនៃរដ្ឋសភា ដែលមានតែតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជានោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សំណើរខាងលើ មិនអាចទៅរួចឡើយ ព្រោះសំណុំរឿងរបស់អ្នកខ្លះ កំពុងតែដំណើរការ ក្រោមនីតិវិធីរបស់តុលាការ។ ហើយសំណុំរឿងរបស់អ្នកខ្លះទៀត មានលក្ខណធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបានឡើយ។
ជាមួយគ្នានេះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើសម្តីខ្លាំងៗនៅក្នុងអង្គប្រជុំរដ្ឋសភាថា ឯកឧត្តម កឹម សុខា មិនបានធ្វើតាមការសន្យា ដូច្នេះខ្លួន ក៏មិនធ្វើអ្វីដូចគ្នា។ លើសពីនេះ សម្តេចបានសារភាពថា ចាញ់បោក ឯកឧត្តម កឹម សុខា ថែមទៀត តែសម្តេចមិនបានលាតត្រដាងពីចំណុចអ្វីខ្លះ ដែលឯកឧត្តម កឹម សុខា បានសន្យានោះទេ។
ប្រមុខរដ្ឋាភិបាលបាននិយាយដូច្នេះថា៖«បោកទាំងខ្ញុំទៀត ឯកឧត្តម កឹម សុខា។ នៅជំពាក់ខ្ញុំ អ្វីខ្លះ? សន្យាថា បីថ្ងៃក្រោយមក ឯកឧត្តម នឹងធ្វើ តែឯកឧត្តម កឹម សុខា អត់ធ្វើ។ […...] រឿងអ្នកដែលកឹម សុខា សន្យាថារួចពីគុក ទៅទារកឹម សុខា ទៅ កុំទារ ហ៊ុន សែន។ [……] អ្នកឯងអត់បានធ្វើតាមការសន្យា ខ្ញុំ ក៏មិនធ្វើអ្វីទាំងអស់។ អ្នកឯងជាប់គុកប៉ុន្មាន ទាល់តែ (អនុវត្តទោស) បានពីរ ភាគបីសិន ទើបខ្ញុំមានសិទ្ធិពិនិត្យ។ ខ្ញុំមិនប្រើច្បាប់ពន្ធនាគារ ដើម្បីសុំការលើកលែងទោសឲ្យអ្នកណាទាំងអស់»។
ឯកឧត្តម កឹម សុខា នៅតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់ប្រតិកម្មអ្វីចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ប៉ុន្តែតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ឯកឧត្តម កឹម សុខា អះអាងថា គណបក្សសង្គ្រោះជាតិ ត្រូវតែរក្សាភាពរឹងមាំ ហើយនាំគ្នាធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដោយសន្តិវិធី។ ឯកឧត្តម កឹម សុខា បានសរសេរយ៉ាងនេះថា៖«យើងត្រូវដឹងខ្លួនជាមុនថា ការបោះឆ្នោតកាន់តែខិតជិតមកដល់ រឿងរ៉ាវដែលគេបង្ក ឬបង្កើតនោះ កាន់តែច្រើន ហេតុនេះហើយ យើងកុំភ្ញាក់ផ្អើល»។
គិតមកដល់ពេលនេះមន្ត្រីនិងសកម្មជនបក្សប្រឆាំង ,មន្ត្រីសង្គមស៊ីវិលនិងគបជ រួមទាំងសកម្មជនបឹងកក់ កំពុងជាប់ឃុំខ្លួននៅពន្ធនាគារ មានចំនួនជិត៣០នាក់ហើយ។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ចាត់ទុកការឃុំខ្លួនពួកគេទាំងនេះ ក្រោមហេតុផលនយោបាយ៕
Tag:
ហ៊ុន សែន
កឹម សុខា
ដោះលែងអ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com