English-Français
លោក Nicolas, បែលហ្ស៊ិក​, បង្កើត​សេវា​ដឹកជញ្ជូន​តាម​កង់​នៅ​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន
01, Feb 2017 , 2:43 pm        
រូបភាព
​ភ្នំពេញ​៖ លោក Nicolas Van den Bossche អាយុ​៣៤​ឆ្នាំ ជនជាតិ​បែលហ្ស៊ិក បានសម្រេច​ចិត្ត​បង្កើត​សេវាកម្ម​ដឹកជញ្ជូន​តាម​កង់​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ដែល​បង្ក​ឡើយ​ម៉ូតូ និង​រថយន្ត​។ ២​ខែក្រោយ​ការបង្កើត លោក Nicolas ទទួលបាន​ម៉ូយ​ជាប្រចាំ​ចំនួន​បី​ហើយ​, ហើយ​លោក​មាន​ម៉ូយ​រាយ​មួយចំនួន​ផ្សេងទៀត​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​បារាំង​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Nicolas ដូចតទៅ​៖



​សំឡេង​ជា​ភាសា​បារាំង​




​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​៩​ខែ ហើយ​បង្កើត​សេវាកម្ម​ដឹកជញ្ជូន​តាម​កង់​កាលពី​២​ខែ​មុន​, លោក Nicolas ហាក់បីដូចជា​ជាមាន​ជំនឿ និង​ពេញចិត្ត​លើ​សេវាកម្ម​របស់ខ្លួន​។ រហូតមកដល់​ពេលនេះ លោក​ទើប​ទទួលបាន​ម៉ូយ​ប្រចាំ​ចំនួន​បី និង​ម៉ូយ​រាយ​មួយចំនួន​មែន​។ តែ​លោក​សង្ឃឹមថា ជំនួញ​ខ្នាតតូច​របស់លោក​នឹង​អាច​ជោគជ័យ​នាពេល​អនាគត​។

​រកប្រាក់​ចំណេញ​ជា​រឿង​មួយ​។ តែ​លោក​បង្កើត​សេវាកម្ម​នេះ​ដោយមាន​គោលបំណង​របស់លោក​ច្បាស់លាស់​។ ទី​១ គឺ​លោក​ចង់​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ដែល​បង្កឡើង​ដោយ​ម៉ូតូ និង​រថយន្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កាន់​តែមាន​ចំនួន​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ទី​២ លោក​គិតថា សេវា​ដឹកជញ្ជូន​តាម​កង់​អាច​លឿន​ជាង​តាម​ម៉ូតូ ក្នុងខណៈ​ពេលដែល​ចរាចរណ៍​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ​នៅ​ទីក្រុង​ភ្នំពេញ​។ លោក Nicolas គិតថា​៖«​កង់​មិន​បំពុល និង​លឿន​ជាង​ម៉ូតូ​»​។

​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​បរិស្ថាន លោក​បាន​ទទួលបាន​គំនិត​នេះ​ពី​ក្រៅប្រទេស ដូចជា ប្រទេស​អាមេរិក បារាំង អាឡឺម៉ង់ និង​ប្រទេស​បែលហ្ស៊ិក ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅ​ទីក្រុង​ភ្នំពេញ​។ លោក​ហៅ​សេវា​របស់លោក​ថា​ជា​«​សេវា​បៃតង​» ជា​ភាសា​អង់គ្លេស Green Delivery និង La livraison verte ជា​ភាសា​បារាំង​។



​សេវា​កម្មនេះ លោក​ទើបតែ​បង្កើតបាន​រយៈពេល​២​ខែ​ទេ​។ ខុសពី​អ្នកជំនួញ​ដទៃទៀត​ដែល​ខ្លាច​អ្នកប្រកួតប្រជែង​ទីផ្សារ លោក Nicolas ស្វាគមន៍​ឲ្យ​មាន​អ្នកជំនួញ​ផ្សេងទៀត​ចូលមក​ប្រកួតប្រជែង​ក្នុង​ប្រភេទ​ជំនួញ​នេះ​ឲ្យ​កាន់តែ​ច្រើនឡើង​។ សម្រាប់​លោក Nicolas, បើ​មាន​អ្នកជំនួញ​ក្នុង​វិស័យនេះ កាន់តែច្រើន នោះ​ការបំពុល​បរិស្ថាន​នៅ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​ត្រូវ​កាត់បន្ថយ​។

​តើ​«​សេវា​បៃតង​»​របស់លោក Nicolas យក​កម្រៃ​ដូចម្តេច​?

​លោក Nicolas បាន​ពន្យល់ថា ចម្ងាយ​៤​គីឡូម៉ែត្រ​ចុះក្រោម សេវាកម្ម​តម្លៃ​ផ្ញើ គឺ​៦​ពាន់​រៀល​។ លើសពី​៤​គីឡូម៉ែត្រ លោក​គិត​តម្លៃបន្ថែម​២​ពាន់​រៀល​ក្នុង​មួយ​គី​ឡួ​ម៉ែត្រ​។ លោក​បាន​បញ្ជាក់ប្រាប់​អតិថិជន​ថា លោក​អាច​ដឹកជញ្ជូន​បានតែ​ឥ​វ៉ាន់​ស្រាលៗ​ល្មម​ទេ​។ ទំនិញ​ធ្ងន់ៗ​ពេក លោក​មិនអាច​ដឹក​បានឡើយ​។

​នៅក្នុង​ប្រទេស​កម្ពុជា អ្នកជិះ​កង់​ពេលខ្លះ​ត្រូវបាន​គេ​គិតថា ជា​អ្នកក្រ​, តើ​លោក Nicolas យល់ឃើញ​យ៉ាងដូចម្តេច​ដែរ​? លោក​ឆ្លើយ​ភ្លាម​ថា តាមពិត​ខ្ញុំ​មិនមែនជា​អ្នកមាន​ទេ​, នេះ​ជា​រឿង​ពិត​។ តែ​ត្រង់​ថា ពាក្យ​មើលងាយ ឬ​មិន​មើលងាយ​នោះ ខ្ញុំ​មិន​ខ្វល់​នឹង​អារម្មណ៍​បែប​នោះឡើយ​។ សម្រាប់​លោក Nicolas, លោក​ខ្វល់​តែ​ពី​រឿង​កាត់បន្ថយ​ការឡើង​កម្រិត​ឧស្ម័ន​កាបូ​និក​នៅ​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ​៕



Tag:
 ជាតិ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com