ជាតិ
CIFF លើក​ទី​៧ ចម្រាញ់​យក​ភាពយន្ត​ចំនួន​១០០​ចំណងជើង មក​បញ្ចាំង​
01, Feb 2017 , 4:02 pm        
រូបភាព
​ភ្នំពេញ​៖ ខ្សែភាពយន្ត​ចំនួន​១០០​ចំណងជើង នឹងមាន​វត្តមាន​នៅលើ​ផ្ទាំង​ក្រណាត់ស ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៧ (CIFF) ក្នុង​ខែមីនា​ខាងមុខ​។ ជា​ប្រភេទ​ខ្សែភាពយន្ត​បែប​អប់រំ ភាពយន្ត​ឯកសារ​ឆ្លុះបញ្ចាំង​ពី​សង្គម និង​ភាពយន្ត​សម្រាប់​កុមារ​ជាដើម​។



​កម្ពុជា នឹង​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៧ រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់ទី​៩  ខែមីនា​ខាងមុខ​។ ភាពយន្ត​ទាំងនោះ​មាន​ទាំង​ភាពយន្ត​ជាតិ និង​អន្តរជាតិ ដែលជា​ប្រភេទ​ភាពយន្ត​អប់រំ ភាពយន្ត​ឯកសារ​ដែល​ឆ្លុះបញ្ចាំង​ពី​សង្គម និង​ខ្សែភាពយន្ត​កុមារ​ជាដើម​។ នេះ​ជា​បញ្ជាក់​របស់ លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឍមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ក្នុង​សន្និសីទ​សារព័ត៌មាន ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី ៣១ ខែមករា​។

​លោក ជា សុភាព បញ្ជាក់ថា​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ផ្តួចផ្តើមឡើង​ដើម្បី​ជួយ​គាំទ្រ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា និង​នាំយក​ភាពយន្ត​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ក្នុង​មហោស្រព​នេះ​។

​នៅមាន​ព្រឹត្តិការណ៍​មួយចំនួនទៀត ដែល​នឹង​រៀបចំឡើង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧​នេះ​។ កម្ម​វី​ធី​ទាំងនោះ មានដូចជា​ជំនួប​រវាង​ផលិតករ​ជាតិ និង​អន្តរជាតិ កម្មវិធី​មហោស្រព​ភាពយន្ត​កម្ពុជា កម្មវិធី​ភាពយន្ត​ឥណ្ឌា ភាពយន្ត​ខ្លីៗ​មកពី​ប្រទេស​អាស៊ាន ភាពយន្ត​របស់​ប្រទេស​ឡាវ និង​ភាពយន្ត​អន្តរជាតិ​។  



​ខ្សែភាពយន្ត​រឿង ភៀសខ្លួន​, ការពារ​ឧក្រិដ្ឋជន​, ប៉ុប​ពី​ទៅ​ហូលីវូដ​, វិកលចរិត​, កោះ​ពេជ្រ និង​រឿង​សតិ​ជាប់ទ្រុង នឹង​បង្ហាញខ្លួន​ក្នុង​មហោស្រព​ភាពយន្ត​កម្ពុជា​។ ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏​នឹង​ចាក់​បញ្ចាំង​លើកដំបូង​ជា​អន្តរជាតិ នូវ​កម្មវិធី ASIAN THREE-FOND MIRROR: REFLECTION​ផងដែរ​។

​រីឯ​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្លីៗ ភាពយន្ត​ខ្នាត​វែង និង​ភាពយន្ត​គំនូរជីវចល​មកពី​ទូទាំង​ពិភពលោក ជា​ផ្នែក​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​។​

​គួររម្លឹកថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១ បាន​រៀបចំឡើង​នៅក្នុង​ឆ្នាំ​២០១០ គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​យូណេស្កូ រៀបចំ​ដោយ CFC និង​មជ្ឍមណ្ឌល​បុប្ផា​ណា សហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។  មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៦ រៀបចំ​កាលពី​ចុងឆ្នាំ​២០១៥ និង​បាន​ទាក់ទាញ​អ្នកទស្សនា​ប្រមាណ​១​ម៉ឺន​៧​ពាន់​នាក់ ៕





Tag:
 CIFF
© រក្សាសិទ្ធិដោយ thmeythmey.com