ជាតិ
មេបក្ស​ប្រឆាំង នៅតែ​សង្ឃឹមថា​អាច​ចូល​ស្រុក​បាន ខណៈ​បណ្តឹង​កាន់តែ​កើនឡើង​
01, Feb 2017 , 5:23 pm        
រូបភាព
​ភ្នំពេញ​៖  ខណៈដែល​បណ្តឹង​ប្រឆាំងនឹង​ខ្លួន​កាន់តែ​កើនឡើង ឯកឧត្តម សម រង្ស៊ី បែរជា​បន្ត​អះអាង​ខ្លួន នៅតែមាន​ឱកាស​ចូលមក​កាន់​កម្ពុជា​វិញ​នាពេលខាងមុខ​។  សម្តី​នេះ​ត្រូវបាន​អ្នកនាំពាក្យ​បក្ស​កាន់អំណាច ចំអក​ថា មេបក្ស​ប្រឆាំង បាន​ត្រឹម​សន្យា ប៉ុន្តែ​មិន​ហ៊ាន​ធ្វើ​នោះឡើយ​។



​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅតែ​យល់ថា គាត់​នឹងមាន​ឱកាស​វិល​មក​កម្ពុជា​វិញ នៅពេល​សមស្រប​ណាមួយ​។ អ្វី​ដែលជា​សំអាង​នោះ គឺ​មេបក្ស​ប្រឆាំង​រំពឹងថា បក្ស​ខ្លួន​នឹង​ឈ្នះ​ការបោះឆ្នោត​នា​ឆ្នាំ​២០១៨ ។​

​មេបក្ស ដែល​កំពុង​រស់នៅ​ឯប​រទេស​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក យ៉ាងនេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុះ​មុត​ថា ខ្ញុំ​នឹង​អាច​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ មិនយូរប៉ុន្មាន​ទេ ដើម្បី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្ពោះទៅ​ជ័យជំនះ​ផ្តាច់​ព្រាត់ នៅ​ខែកក្កដា ឆ្នាំ ២០១៨»​។
​តាមរយៈ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​បារាំង អង់គ្លេស និង​ខ្មែរ ឯកឧត្តម សម រង្ស៊ី បន្ត​វាយប្រហារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រើប្រាស់​តុលាការ ដើម្បី​កម្ចាត់​ខ្លួន ឲ្យ​ចេញពី​ឆាកនយោបាយ និង​ថែមទាំង​ចោទ​គូប្រជែង​របស់ខ្លួន​ថា ប៉ុនប៉ង​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី គឺ​ក្រោយពេល ដែល​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ចាប់​ដាក់ពន្ធនាគារ ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី មកដល់​កម្ពុជា​នៅពេលណា​។ នៅក្នុង​អង្គប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​៣១ មករា ឆ្នាំ​២០១៧ ដោយ​គ្មាន​វត្តមាន​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​យ៉ាងនេះ​ថា​៖«​ឥឡូវ​ចូលមក​។ […..] ចូលមក​ឲ្យ​ស្រួត​មក តែ​សូមកុំ​ភ្លេច​ណា វាយខ្នោះ គឺ​វាយ​ទាល់តែ​បាន សូមបញ្ជាក់​»​។

​ជាមួយគ្នានេះ​ផងដែរ សម្តេច ហ៊ុន សែន មានបំណង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ឯកឧត្តម សម រង្ស៊ី ថែមទៀត ប្រសិនបើ​គូប្រជែង​នយោបាយ​រូបនេះ​ចាញ់ក្តី ហើយ​មិន​ព្រម​បង់ប្រាក់​ចំនួន​១​លាន​ដុល្លារ ជាការ​សងជំងឺចិត្ត​។ បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​យ៉ាង​នេះហើយ តុលាការ ក៏បាន​ចេញ​ដីកា​កោះហៅ ឯកឧត្តម សម រង្ស៊ី តែម្តង ដើម្បី​ឲ្យ​ចូល​បំភ្លឺ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​»​។ សំណុំរឿង ដែល​តុលា​ការកោះហៅ​នេះ គឺ​ពាក់​ពន្ធ​នឹង​ឯកឧត្តម សម រង្ស៊ី ចោទ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​បានផ្តល់​ថវិកា​១​លាន​ដុល្លារ ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​បក្ស​កាន់អំណាច ដើម្បី​ឲ្យ​ទៅ​វាយប្រហារ​បក្សប្រឆាំង​។​

​រហូតមកដល់​ពេលនេះ ឯកឧត្តម សម រង្ស៊ី រង​បណ្តឹង​ចំនួន​៨ ហើយ ដែល​ប្តឹង​ដោយ​មេដឹកនាំ​បក្ស​កាន់អំណាច​។ បណ្តឹង​ចំនួន​៤ ត្រូវបាន​តុលាការ​កាត់​រួចរាល់​ហើយ​។ រីឯ​បណ្តឹង​ចំនួន​៤​ទៀត កំពុងតែ​ដំណើរការ នៅឡើយ​។

​ទោះបីជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​តុលាការ ចង់​ឲ្យ​ឯកឧត្តម សម រង្ស៊ី វិល​មក​កម្ពុជា ដើម្បី​អនុវត្ត​ទោស​យ៉ាងនេះ​ក្តី ក៏​ឯកឧត្តម សម រង្ស៊ី មិនអាច​វិល​មក​បាន​ដោយ​ងាយស្រួល​ដែរ ព្រោះ​កាលពី​ប៉ុន្មាន​ខែ​មុន ក្រុមហ៊ុន​អាកាសចរណ៍ បានចេញ​លិខិត​ហាមឃាត់​។ លិខិត​នេះ បានសរសេរថា​៖«​គ្រប់​ក្រុមហ៊ុន​អាកាសចរ​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​មក​ក​ម្ពុ​ជា មិនត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គល​នេះ (​ឯកឧត្តម សម រង្ស៊ី​) ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុងករណី​បុគ្គល​នេះ ទិញ​សំបុត្រ​យន្តហោះ ធ្វើដំណើរ​មក​កម្ពុជា​»​។ លិខិត​ខាងលើ ត្រូវបាន ឯកឧត្តម សម រង្ស៊ី យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​។​

​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា រដ្ឋាភិបាល​មិនបាន​ហាម​ឯកឧត្តម សម រង្ស៊ី ក្នុង​ការវិល​មក​កម្ពុ​ជា​ទៅវិញ នោះទេ​។ លោក បកស្រាយ​ថា ការដែល​ក្រុមហ៊ុន​អាកាសចរណ៍ ចេញ​សេចក្តីជូនដំណឹង​បែបនេះ គឺជា​យន្តការ ដើម្បី​ទប់ស្កាត់​ជាមុន ចំពោះ​ហេតុការណ៍​មិនល្អ​ណាមួយ​។

​លោក សួស យ៉ា​រ៉ា បញ្ជាក់​ដូច្នេះ​ថា​៖«​ឮ​តែ​គាត់​និយាយថា មកវិញ តែ​មិនឃើញ​មក​។ នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ មិនមែន​ក្នុងនាម​បក្ស​ទេ​។ វា អត់​មាន​អ្វី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ​។ រឿង​ដឹក​ឬ​មិន​ដឹក សម រង្ស៊ី មក គឺជា​រឿង​យន្តហោះ អត់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ​។ »​។
​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ខាងលើ ក៏បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ផងដែរ ដែល​ចោទថា បក្ស​កាន់អំណាច មានបំណង​បំបែកបំបាក់​បក្សប្រឆាំង​។ លោក​សង្កត់ធ្ងន់ថា​៖«​និយាយ​ហ្នឹង​ខុស​ហើយ​។ អត់​មាន​បំបែក​បាក់​ទេ​។ នេះ​ជាការ​ក្រ​កួត​ប្រ​ជែក​នយោបាយ ក្នុងប្រទេស​ប្រជាធិបតេយ្យ និង​មាន​នីតិរដ្ឋ​»​។

​សម្រាប់ លោក មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅតែ​និយាយថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជា​ច្របូកច្របល់​ផ្លូវចិត្ត ដែល​បានសម្រេច​រឿង​ពីរ​ផ្ទុយគ្នា​យ៉ាងនេះ​។ លោក មាស នី បាន​រិះគន់ថា ការសម្រេចចិត្ត​ដោយ​ប្រើ​អារម្មណ៍​ឬ​មនោសញ្ចេតនា​ដូច្នេះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទាំងមូល​។
​អ្នកវិភាគ​ខាង​បាន និយាយថា​៖«​ដល់ពេល​សម្រេចចិត្ត​លឿង​អ៊ីចឹង​ពេក វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​រដ្ឋ ហើយ​អ្នកធ្វើការ​ហ្នឹង លែង​ដឹងថា ត្រូវធ្វើ​អ្វី ចាំតែ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​»៕


Tag:
 ​ហ៊ុន សែន​
  សម រង្ស៊ី​
  អ្នកវិភាគ​
  អ្នកនាំពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com