ជាតិ
មេបក្សប្រឆាំង នៅតែសង្ឃឹមថាអាចចូលស្រុកបាន ខណៈបណ្តឹងកាន់តែកើនឡើង
× ភ្នំពេញ៖ ខណៈដែលបណ្តឹងប្រឆាំងនឹងខ្លួនកាន់តែកើនឡើង ឯកឧត្តម សម រង្ស៊ី បែរជាបន្តអះអាងខ្លួន នៅតែមានឱកាសចូលមកកាន់កម្ពុជាវិញនាពេលខាងមុខ។ សម្តីនេះត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាច ចំអកថា មេបក្សប្រឆាំង បានត្រឹមសន្យា ប៉ុន្តែមិនហ៊ានធ្វើនោះឡើយ។
ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុករបស់ខ្លួន នៅតែយល់ថា គាត់នឹងមានឱកាសវិលមកកម្ពុជាវិញ នៅពេលសមស្របណាមួយ។ អ្វីដែលជាសំអាងនោះ គឺមេបក្សប្រឆាំងរំពឹងថា បក្សខ្លួននឹងឈ្នះការបោះឆ្នោតនាឆ្នាំ២០១៨ ។
មេបក្ស ដែលកំពុងរស់នៅឯបរទេសរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុក យ៉ាងនេះថា៖«ខ្ញុំមានជំនឿយ៉ាងមុះមុតថា ខ្ញុំនឹងអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ មិនយូរប៉ុន្មានទេ ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះទៅជ័យជំនះផ្តាច់ព្រាត់ នៅខែកក្កដា ឆ្នាំ ២០១៨»។
តាមរយៈសំណេរលើហ្វេសប៊ុកជាភាសាបារាំង អង់គ្លេស និងខ្មែរ ឯកឧត្តម សម រង្ស៊ី បន្តវាយប្រហារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រើប្រាស់តុលាការ ដើម្បីកម្ចាត់ខ្លួន ឲ្យចេញពីឆាកនយោបាយ និងថែមទាំងចោទគូប្រជែងរបស់ខ្លួនថា ប៉ុនប៉ងបំបែកគណបក្សសង្គ្រោះជាតិ។
ការលើកឡើងរបស់ឯកឧត្តម សម រង្ស៊ី គឺក្រោយពេល ដែលសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមានចាប់ដាក់ពន្ធនាគារ ប្រសិនបើឯកឧត្តម សម រង្ស៊ី មកដល់កម្ពុជានៅពេលណា។ នៅក្នុងអង្គប្រជុំវិសាមញ្ញនៃរដ្ឋសភាកាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៧ ដោយគ្មានវត្តមានរបស់តំណាងរាស្ត្របក្សប្រឆាំង នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានយ៉ាងនេះថា៖«ឥឡូវចូលមក។ […..] ចូលមកឲ្យស្រួតមក តែសូមកុំភ្លេចណា វាយខ្នោះ គឺវាយទាល់តែបាន សូមបញ្ជាក់»។
ជាមួយគ្នានេះផងដែរ សម្តេច ហ៊ុន សែន មានបំណងរឹបអូសទ្រព្យសម្បត្តិរបស់ឯកឧត្តម សម រង្ស៊ី ថែមទៀត ប្រសិនបើគូប្រជែងនយោបាយរូបនេះចាញ់ក្តី ហើយមិនព្រមបង់ប្រាក់ចំនួន១លានដុល្លារ ជាការសងជំងឺចិត្ត។ បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយ៉ាងនេះហើយ តុលាការ ក៏បានចេញដីកាកោះហៅ ឯកឧត្តម សម រង្ស៊ី តែម្តង ដើម្បីឲ្យចូលបំភ្លឺ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ សំណុំរឿង ដែលតុលាការកោះហៅនេះ គឺពាក់ពន្ធនឹងឯកឧត្តម សម រង្ស៊ី ចោទនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានផ្តល់ថវិកា១លានដុល្លារ ដល់កញ្ញា ធី សុវណ្ណថា ដែលជាអ្នកគាំទ្របក្សកាន់អំណាច ដើម្បីឲ្យទៅវាយប្រហារបក្សប្រឆាំង។
រហូតមកដល់ពេលនេះ ឯកឧត្តម សម រង្ស៊ី រងបណ្តឹងចំនួន៨ ហើយ ដែលប្តឹងដោយមេដឹកនាំបក្សកាន់អំណាច។ បណ្តឹងចំនួន៤ ត្រូវបានតុលាការកាត់រួចរាល់ហើយ។ រីឯបណ្តឹងចំនួន៤ទៀត កំពុងតែដំណើរការ នៅឡើយ។
ទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងតុលាការ ចង់ឲ្យឯកឧត្តម សម រង្ស៊ី វិលមកកម្ពុជា ដើម្បីអនុវត្តទោសយ៉ាងនេះក្តី ក៏ឯកឧត្តម សម រង្ស៊ី មិនអាចវិលមកបានដោយងាយស្រួលដែរ ព្រោះកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនអាកាសចរណ៍ បានចេញលិខិតហាមឃាត់។ លិខិតនេះ បានសរសេរថា៖«គ្រប់ក្រុមហ៊ុនអាកាសចរទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យបុគ្គលនេះ (ឯកឧត្តម សម រង្ស៊ី) ឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្តល់របាយការណ៍ទៀងទាត់ក្នុងករណីបុគ្គលនេះ ទិញសំបុត្រយន្តហោះ ធ្វើដំណើរមកកម្ពុជា»។ លិខិតខាងលើ ត្រូវបាន ឯកឧត្តម សម រង្ស៊ី យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា រដ្ឋាភិបាលមិនបានហាមឯកឧត្តម សម រង្ស៊ី ក្នុងការវិលមកកម្ពុជាទៅវិញ នោះទេ។ លោក បកស្រាយថា ការដែលក្រុមហ៊ុនអាកាសចរណ៍ ចេញសេចក្តីជូនដំណឹងបែបនេះ គឺជាយន្តការ ដើម្បីទប់ស្កាត់ជាមុន ចំពោះហេតុការណ៍មិនល្អណាមួយ។
លោក សួស យ៉ារ៉ា បញ្ជាក់ដូច្នេះថា៖«ឮតែគាត់និយាយថា មកវិញ តែមិនឃើញមក។ នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ មិនមែនក្នុងនាមបក្សទេ។ វា អត់មានអ្វីពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ។ រឿងដឹកឬមិនដឹក សម រង្ស៊ី មក គឺជារឿងយន្តហោះ អត់ពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ។ »។
អ្នកនាំពាក្យបក្សកាន់អំណាចខាងលើ ក៏បានបដិសេធចំពោះការលើកឡើងរបស់ឯកឧត្តម សម រង្ស៊ី ផងដែរ ដែលចោទថា បក្សកាន់អំណាច មានបំណងបំបែកបំបាក់បក្សប្រឆាំង។ លោកសង្កត់ធ្ងន់ថា៖«និយាយហ្នឹងខុសហើយ។ អត់មានបំបែកបាក់ទេ។ នេះជាការក្រកួតប្រជែកនយោបាយ ក្នុងប្រទេសប្រជាធិបតេយ្យ និងមាននីតិរដ្ឋ»។
សម្រាប់ លោក មាស នី អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា នៅតែនិយាយថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាច្របូកច្របល់ផ្លូវចិត្ត ដែលបានសម្រេចរឿងពីរផ្ទុយគ្នាយ៉ាងនេះ។ លោក មាស នី បានរិះគន់ថា ការសម្រេចចិត្តដោយប្រើអារម្មណ៍ឬមនោសញ្ចេតនាដូច្នេះ នឹងបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលទាំងមូល។
អ្នកវិភាគខាងបាន និយាយថា៖«ដល់ពេលសម្រេចចិត្តលឿងអ៊ីចឹងពេក វាប៉ះពាល់ដល់ប្រព័ន្ធរដ្ឋ ហើយអ្នកធ្វើការហ្នឹង លែងដឹងថា ត្រូវធ្វើអ្វី ចាំតែបញ្ជាពីនាយករដ្ឋមន្ត្រី»៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
អ្នកវិភាគ
អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com