អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មុន​មួយថ្ងៃ​ដែល​ប្រមុខ​ការពារជាតិ​អាមេរិក​ទៅ​កូរ៉េខាងត្បូង កូរ៉េខាងជើង​ព្រមាន​ធ្វើសង្គ្រាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ
02, Feb 2017 , 1:44 pm        
រូបភាព
ដោយ:
 រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២ កុម្ភៈ បាន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​បាន​ព្រមាន​ថា​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​វាយប្រហារ និង​ឆ្លើយតប​ទៅនឹង​ការធ្វើ​សមយុទ្ធ​យោធា​រួម​រវាង​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​នៅក្នុង​ឧបទ្វីប​កូរ៉េ​នា​ខែក្រោយ​នេះ​។ 

«​ប្រសិនបើ​កូរ៉េខាងជើង ពិតជា​ចង់ឃើញ​ការវិវត្ត​នៃ​ចំណង​កូរ៉េ​ទាំងពីរ និង​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​មែន ក្រុង​ព្យុងយ៉ាង គួរ​បញ្ឈប់​វ​ហោ​សព្ទ័​ឈ្លានពាន ហើយ​ជ្រើសរើស​មាគ៌ា​នៃ​ការបញ្ឈប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ផ្លាស់ប្តូរ​ឥរិយាបថ​ខ្លួន​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​រួបរួម​កូរ៉េខាងត្បូង ដែល​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័័ត៌មាន Yonhap ។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​ការ​កូរ៉េខាងត្បូង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សារ​ព្រមាន​របស់​កូរ៉េខាងជើង​។ តាម​ប្រភពព័ត៌មាន​ដដែល នៅ​ថ្ងៃទី​០១ កុម្ភៈ ភ្នាក់ងារ​កូរ៉េខាងជើង​ទទួលបន្ទុក​កិច្ចការ​ឧបទ្វីប​កូរ៉េ បាន​និយាយថា សមយុទ្ធ​យោធា​ខាងមុខ​របស់​កូរ៉េខាងត្បូង​និង​អាមេរិក នឹងធ្វើ​មានការ​បំភ្លិច​បំផ្លាញ​សម្រាប់​សម្ព័ន្ធមិត្ត​ទាំងពីរ ដ្បិត កូរ៉េខាងជើង បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការចាត់វិធានការ​ប្រឆាំង​ដែល​ហៅថា​ការត្រៀមខ្លួន​សម្រាប់​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​។ 
 
​ក្រុង​ព្យុងយ៉ាង ក៏បាន​ហៅ​ចំណាត់ការ​របស់ខ្លួន​ថា​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ ហើយ ជាងនេះទៅទៀត​នោះ ក្រុង​ព្យុងយ៉ាង ថែមទាំង​ហៅ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល ថា​ជាការ​សម​ដើម្បី​ឈា្ល​ន​ពាន​ទៀតផង​។ 
 
​ជុំវិញ​សេចក្តីថ្លែងការណ៍​ព្រមាន​របស់​កូរ៉េខាងជើង​នេះដែរ ក្រសួង​រួបរួម​កូរ៉េខាងត្បូង បាន​កត់សម្គាល់ថា កូរ៉េខាងជើង ហាក់ដូចជា​ចេញ​លឿន​លើសពី​ការរំពឹងទុក ពោលគឺ ជាទូទៅ កូរ៉េខាងជើង តែងតែ​ថ្លែង​បែបនេះ មុនពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការធ្វើ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង តែ​នេះ កូរ៉េខាងជើង បានធ្វើ​មុន​រហូតដល់​ជិត​មួយខែ​ឯណោះ​។ ការ​ថ្លែង​បែប​ដដែលៗ​បែបនេះហើយ ដែល​កូរ៉េខាងត្បូង​ចង់​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​វ​ហោ​សព្ទ័​នោះ​។ 
 
​តែ​អ្វី​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​កូរ៉េខាងជើង​ក្នុង​ព្រមាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ធ្វើឡើង​មុន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ថ្មី​ក​មកកាន់​កូរ៉េខាងត្បូង​។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis ត្រូវបំពេញ​ទស្សនកិច្ច​លើកដំបូង​ក្រៅប្រទេស​មកកាន់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០២ កុម្ភៈ និង​ទិសដៅ​បន្ទាប់​ទៅកាន់​ជប៉ុន​នៅ​ថ្ងៃទី​០៣ កុម្ភៈ​។ 
 
​នៅ​ថ្ងៃទី​៣១ មករា រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Han Min-koo និង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​អាមេរិក James Mattis ក៏បាន​ជជែក​តាមរយៈ​ទូរ​សព្ទ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (THAAD) នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​សម្ព័ន្ធមិត្ត​ទាំងពីរ ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចស្រេច​ដើម្បី​វាយបក​ទៅ​សកម្មភាព​ឈា្ល​ន​ពី​កូរ៉េខាងជើង​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាស៊ី​បូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com