ជាតិ
កម្ពុជា កំពុង​រៀបចំ​ឯកសារ​ដាក់​ប្រាសាទបន្ទាយឆ្មា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
02, Feb 2017 , 7:59 pm        
រូបភាព
Sakona(រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
Sakona(រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
​កម្ពុជា កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រាសាទបន្ទាយឆ្មា ដើម្បី​ស្នើ​បញ្ចូល​ប្រាសាទ​នេះ ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ការរៀបចំ​ឯកសារ​នេះ គឺ​បន្ទាប់ពី​កម្ពុជា បានដាក់​ឯកសារ​ស្នើ​បញ្ចូល​ប្រាសាទសម្បូរព្រៃគុក ជា​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ ទៅ​អង្គការ​យូនេស្កូ​រួចរាល់​។​



​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀបចំ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ប្រាសាទបន្ទាយឆ្មា ដើម្បី​ស្នើ​ទៅកាន់​អង្គការ​យូនេស្កូ​ដាក់បញ្ចូល​ប្រាសាទ​នេះ ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នា​ថ្ងៃទី​១ ខែកុម្ភៈ​។

​យ៉ាងណាក៏ដោយ លោកស្រី​រដ្ឋមន្ត្រី មិន​បញ្ជាក់ថា​ឯកសារ​នោះ​នឹង​រៀបចំ​រួចរាល់​គ្រប់​ជ្រុងជ្រោយ ស្របតាម​ស្តង់ដារ នៅពេលណា​នោះទេ គ្រាន់តែ​ថា​ការរៀបចំ​ឯកសារ​នេះ​ពិបាក និង​ត្រូវ​ចំណាយពេល​យូរ​។

​ក្រៅពី​បង្ហើប​ព័ត៌មាន​នេះ លោកស្រី ស​កុ​ណា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​បានដាក់​ឯកសារ​ស្នើ​បញ្ចូល​ប្រាសាទសម្បូរព្រៃគុក​ជា​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ ទៅកាន់​គណៈកម្មការ​អង្គការ​យូនេស្កូ​រួចរាល់​ហើយ និង​រង់ចាំតែ​ការសម្រេច​ពី​អង្គការ​នេះ​ប៉ុណ្ណោះ​។ 

​សូម​រម្លឹកថា កម្ពុជា​បាន​បញ្ចូល​សម្បត្តិ​វប្បធម៌​មួយចំនួន​ហើយ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី នៃ​មនុស្សជាតិ មានដូចជា​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ល្ខោន​ស្រមោល​ស្បែក​ធំ របាំ​ព្រះរាជ​ទ្រព្យ និង​ចាប៉ីដងវែង​។ ចាប៉ីដងវែង​កម្ពុជា ដែល​អង្គការ​យូណេស្កូ ទើបតែ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នា​អំឡុង​កិច្ចប្រជុំ​នៅ​ក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​៕



Tag:
 បន្ទាយឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com